នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau និយាយថា ការដែលតុលាការចិនកាត់ទោសឲ្យលោក Michael Spavor ពាណិជ្ជករជាតិកាណាដាជាប់ពន្ធនាគារ១១ឆ្នាំ គឺជា«ការកាត់ទោសមិនអាចទទួលយកបាន និងអយុត្តិធម៌ទាំងស្រុង»។
តុលាការនៅទីក្រុង Dandong ភាគពាយព្យប្រទេសចិនបានកាត់ទោសលោក Spaver នៅថ្ងៃពុធពីបទចារកម្ម។ សាលក្រមនេះបានធ្វើឡើងជិត៦ខែ បន្ទាប់ពីការកាត់ទោសសម្ងាត់រយៈពេលមួយថ្ងៃដែលសូម្បីតែអ្នកការទូតកាណាដាក៏ត្រូវបានគេរារាំងមិនឲ្យចូលរួមដែរ។
ក្នុងសេចក្តីថ្លែងការណ៍របស់លោក លោក Trudeau បានថ្កោលទោស«ការខ្វះតម្លាភាពនៅក្នុងដំណើរការច្បាប់ និងការកាត់ទោសនោះមិនបានផ្តល់នូវបទដ្ឋានអប្បរមាដែលតម្រូវដោយច្បាប់អន្តរជាតិ»។
សេចក្តីថ្លែងការណ៍នៅលើគេហទំព័រតុលាការបានបញ្ជាក់ថា លោក Spavor នឹងត្រូវនិរទេសដែលជាផ្នែកមួយនៃការកាត់ទោសលោក ប៉ុន្តែមិនបាននិយាយថា ការនិរទេសនោះនឹងធ្វើឡើងនៅពេលណាទេ។
លោក Spavor បានត្រូវចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១៨ គឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីអាជ្ញាធរកាណាដាបានចាប់ខ្លួនលោកស្រី Meng Wanzhou ប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ចិន នៅក្នុងទីក្រុង Vancouver ប្រទេសកាណាដា តាមដីការបស់សហរដ្ឋអាមេរិក។
ការចាប់ខ្លួនលោក Spavor និងលោក Michael Kovrig អ្នកការទូតកាណាដា នៅខែតែមួយនោះ បានបណ្តាលឲ្យមានការចោទប្រកាន់ពីរដ្ឋាភិបាលក្រុង Ottawa ថា បុរសទាំង២នាក់នេះបានត្រូវចាប់ខ្លួនជាការសងសឹកចំពោះការចាប់ខ្លួនលោកស្រី Meng។
សាលក្រមកាត់ទោសលោក Spavor កើតមានឡើងមួយថ្ងៃបន្ទាប់ពីតុលាការចិនបានកាត់ទោសប្រហារជីវិតលោក Robert Lloyd Schellenberg ជនជាតិកាណាដាម្នាក់ទៀតដែលត្រូវបានកាត់ទោសកាលពីឆ្នាំ២០១៨ពីបទជួញដូរថ្នាំញៀនមេតំហ្វេតាមីន។ លោក Schellenberg បានត្រូវចាប់ខ្លួននៅឆ្នាំ២០១៤ ហើយកាលពីដំបូង លោកបានត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ១៥ឆ្នាំ ប៉ុន្តែទោសរបស់លោកបានផ្លាស់ប្តូរក្នុងការកាត់ទោសឡើងវិញរយៈពេលមួយថ្ងៃនៅឆ្នាំ២០១៩គឺភ្លាមៗបន្ទាប់ពីការចាប់ខ្លួនលោកស្រី Meng។
លោកស្រី Meng ស្ថិតនៅក្នុងការឃុំខ្លួននៅក្នុងផ្ទះនៅក្នុងទីក្រុង Vancouver នៅពេលលោកស្រីតតាំងនឹងដីកាបត្យាប័នបញ្ជូនខ្លួនមកកាន់សហរដ្ឋអាមេរិក។ លោកស្រី Meng ត្រូវបានចោទប្រកាន់ពីបទភូតកុហកមន្ត្រីសហរដ្ឋអាមេរិកអំពីជំនួញរបស់ក្រុមហ៊ុន Huawei នៅក្នុងប្រទេសអ៊ីរ៉ង់ដែលរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានThe Associated Press, Reuters និង AFP)