ចិនបានបញ្ជូនយោធានិងបុគ្គលិកពេទ្យរាប់ពាន់នាក់ទៅកាន់ទីក្រុងសៀងហៃ ដើម្បីជួយធ្វើតេស្តរកជំងឺកូវីដ១៩ ដល់ពលរដ្ឋទាំង២៦លាននាក់របស់ទីក្រុងនេះនៅថ្ងៃចន្ទ ដែលជាការឆ្លើយតបខាងសុខភាពសាធារណៈដ៏ធំបង្អស់មួយ មិនធ្លាប់ដែលមានក្នុងពេលកន្លងទៅ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ពលរដ្ឋចិនមួយចំនួនត្រូវបានគេប្រាប់ឲ្យភ្ញាក់ពីដំណេកមុនពេលព្រលឹមស្រាងៗ ដើម្បីធ្វើតេស្តនៅតាមជួរផ្ទះល្វែងរបស់គេ។ មនុស្សជាច្រើនបានឈរតម្រង់ជួរ ដោយមិនបានផ្លាស់សម្លៀកបំពាក់គេងឡើយ។
កងទ័ពរំដោះប្រជាជនចិនកាលពីថ្ងៃអាទិត្យ បានបញ្ជូនបុគ្គលិកពេទ្យប្រមាណ២ពាន់នាក់ ដែលត្រូវបានជ្រើសរើសចេញពីកងទ័ពជើងគោក និងជើងទឹក ដើម្បីចូលរួមគាំទ្រជាមួយកម្លាំងផ្សេងៗទៀត ដែលត្រូវបញ្ជូនទៅកាន់ទីក្រុងសៀងហៃនោះ។
ចំណែកខេត្តផ្សេងៗទៀត ដែលរួមមានខេត្ត Jiangsu ខេត្ត Zhejiang និងទីក្រុងប៉េកាំង បានបញ្ជូនក្រុមបុគ្គលិកសុខាភិបាលទៅកាន់ទីក្រុងសៀងហៃ។ សេចក្តីរាយការណ៍របស់សារព័ត៌មានខ្លះ កាក់ស្មានថាមានចំនួនទាំងអស់ប្រមាណជាង១ម៉ឺននាក់។
ទីក្រុងសៀងហៃ ដែលត្រូវបានចាប់ផ្តើមធ្វើការបិទខ្ទប់២ដំណាក់កាល ចាប់តាំងពីថ្ងៃចន្ទសប្តាហ៍មុន ហើយដែលត្រូវបានពង្រីកវិធានការរបស់ខ្លួនដោយហាមពលរដ្ឋមិនឲ្យចេញពីផ្ទះរបស់គេនោះ បានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៨.៥៨១ ដែលគ្មានរោគសញ្ញា និងអ្នកឆ្លងចំនួន៤២៥នាក់ផ្សេងទៀត មានរោគសញ្ញាកាលពីម្សិលមិញ។ អាជ្ញាធរចិនក៏បានឲ្យពលរដ្ឋធ្វើតេស្តរកកូវីដ១៩ដោយខ្លួនឯងផងដែរ កាលពីថ្ងៃអាទិត្យ ដោយប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័ស។ បើទោះបីជាការឆ្លងជំងឺកូវីដ១៩នៅក្នុងទីក្រុងសៀងហៃ នៅមានចំនួនតិចតួចនៅឡើយ បើប្រៀបធៀបនឹងចំនួនស្តង់ដាពិភពលោកនោះ ទីក្រុងនេះនឹងក្លាយជាការសាកល្បងមួយ ស្តីពីយុទ្ធសាស្ត្រលុបបំបាត់ការឆ្លងជំងឺកូវីដ១៩របស់ចិន ដោយផ្អែកទៅលើការធ្វើតេស្ត ការតាមដានរកអ្នកឆ្លង និងការធ្វើចត្តាឡីស័កសម្រាប់អ្នកមានវិជ្ជមានកូវីដ១៩ទាំងអស់ និងអ្នកដែលនៅជិតពួកគេ។
យុទ្ធសាស្ត្រនេះ បានបង្ហាញពីភាពតឹងតែងរបស់ខ្លួន ដោយពលរដ្ឋជាច្រើនបានត្អូញត្អែរអំពីមណ្ឌលធ្វើចត្តាឡីស័ក ដែលមានមនុស្សច្រើនលើសលុប និងគ្មានអនាម័យ និងការលំបាកក្នុងការរកម្ហូបអាហារ និងជំនួយផ្នែកពេទ្យសំខាន់ៗជាដើម។
ទោះជាយ៉ាងណាក៏ដោយ ក៏ប្រធានាធិបតីចិន លោក Xi Jinping បានជំរុញឲ្យប្រទេសរបស់លោក ទប់ទល់នឹងសន្ទុះនៃការផ្ទុះឆ្លងរាតត្បាតឲ្យបានឆាប់រហ័សដែលអាចធ្វើបាន ដោយប្រកាន់ខ្ជាប់នូវគោលនយោបាយ«បោសសម្អាតដ៏ខ្លាំង» ។
កាលពីថ្ងៃសៅរ៍ ឧបនាយករដ្ឋមន្ត្រីចិន លោក Sun Chunlan ដែលត្រូវបានបញ្ជូនទៅកាន់ទីក្រុងសៀងហៃដោយរដ្ឋាភិបាលមជ្ឈិមនោះ បានជំរុញឲ្យទីក្រុងនេះ ចាត់វិធានការជាបន្ទាន់និងយ៉ាងហ្មត់ចត់ ដើម្បីបង្ក្រាបការរាតត្បាតឆ្លងនៃជំងឺកូវីដ១៩នេះ៕