គេ​បាន​ឃើញ​ប្រទេស​ចិន​បង្កើន​​​​ការត្រួតត្រា​​ក្នុង​​សមុទ្រ​មានជម្លោះ​​នៅ​អាស៊ី​ក្រោយពី​កែប្រែ​​ច្បាប់​សមុទ្រ

រូបឯកសារ៖ ឆ្មាំសមុទ្រ​ហ្វីលីពីន​ជិះ​ទូក​យាមល្បាត​ នៅ​ក្បែរ​នាវា​របស់​ចិន​ ដែល​គេ​ជឿ​ថា​បើ​ក​ដោយ​ក្រុម​យុទ្ធជន​ដែនសមុទ្រ​ចិន​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Whitsun Reef ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

ពួក​អ្នកវិភាគមាន​កង្វល់​ខ្លាំង​ជាង​មុនថា​ការធ្វើ​វិសោធនកម្ម​ច្បាប់សុវត្ថិភាព​នាវាចរណ៍​ក្នុង​សមុទ្រ​នៃ​ប្រទេស​ចិន​នឹង​ជួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំងឱ្យ​ពង្រឹងការត្រួតត្រា​លើសមុទ្រ​អាស៊ីដោយ​ធ្វើឱ្យ​ការស្ទាក់កប៉ាល់​បរទេសជាការត្រឹមត្រូវនិង​អនុញ្ញាត​ឱ្យ​ទាមទារ​បង់ប្រាក់ពិន័យពីពួកប្រតិបត្តិករ​នៃ​នាវាទាំង​នោះ​ផង​ដែរ។

ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Xinhua ​របស់រដ្ឋ​នៃ​ប្រទេស​ចិន​បាន​រាយការណ៍​ថា​ កាលពី​ថ្ងៃ​ទី​២៩​ ខែ​មេសា ​គណៈកម្មាធិការ​អចិន្ត្រៃយ៍នៃ​សភា​ជាតិ​របស់​ប្រជាជនចិនបាន​បោះឆ្នោតធ្វើ​វិសោធនកម្ម​ច្បាប់សុវត្ថិភាព​នាវាចរណ៍​ក្នុង​សមុទ្រនេះ។

ច្បាប់ត្រូវ​កែប្រែ​នេះ​ ដូច​ដែល​មានចុះផ្សាយតាម​មាត្រា​នីមួយៗក្នុងសេចក្តី​រាយការណ៍​របស់ទីភ្នាក់ងារ​សារព័ត៌មាន​ Xinhua ​និយាយ​ថានាវាបរទេ​សទាំង​ឡាយ​ណាដែលបើក​កាត់ដែន​សមុទ្រ​នៅក្រោម​យុត្តាធិការនៃ​ប្រទេស​ចិនគួរមាន​ការអនុញ្ញាតជា​មុន​សិន។ ច្បាប់​នេះ​និយាយ​ថា​ក្រុមប្រឹក្សា​រដ្ឋ​នៃ​ប្រទេសចិននិងក្រសួង​នានារបស់​រដ្ឋាភិបាលអាច​ចាត់«វិធានការ​ចាំ​បាច់»​ដើម្បី​បញ្ឈប់ការឆ្លង​កាត់នៃ​កប៉ាល់​បរទេស​ទាំង​នេះក្នុង«ដែនទឹក»។ ច្បាប់នេះនិយាយ​យោង​ដល់​សុវត្ថិភាព​នាវាចរណ៍​និង​ការការពារ​បរិស្ថាន​ជាហេតុផល។

ទីភ្នាក់ងារ​សារព័ត៌មាន​ Xinhua ​បានបន្ថែម​ថា​តាម​រយៈច្បាប់​នេះពួក​នាវិកត្រូវ​បំពេញចំណែក​របស់​ពួកគេ​ក្នុង​ការការពារ​បរិស្ថាន​សមុទ្រ​ហើយ​មេបញ្ជាការ​នាវា​ទាំង​នោះនឹង​ទទួល​ខុស​ត្រូវ​ដល់ការឆ្លើយ​តប​គ្រា​មាន​អាសន្នដល់​ជនទាំង​ឡាយក្នុង​កប៉ាល់​ដែល​ជាប់​សង្ស័យ​ថា​មានជំងឺ​ឆ្លង។

ពួក​អ្នករំលោភ​លើ​ច្បាប់​នេះអាចត្រូវបង់ពិន័យប្រមាណ​៤៧.០០០​ដុល្លារ។

ពួកអ្នកជំនាញនិយាយថា​ពួកមន្ត្រី​ចិន​ប្រហែលចង់​ប្រើ​ច្បាប់​នេះ​ដើម្បី​ធ្វើឱ្យនាវា​បរទេសចាក​ចេញ​ពីសមុទ្រ​ចិន​ខាង​ត្បូង​មានជម្លោះ​ឬ​មិនលើក​ទឹក​ចិត្តកប៉ាល់​ទាំង​នោះឱ្យបើក​មក​ជិត​ដែនទឹក​នោះ។ ប្រទេស​ចិន​បានប្រើ​ស្រេចហើយ​នូវ​កង​ឆ្មាំឆ្នេរ​សមុទ្រ កង​នាវានេសាទ និង​សកម្មភាព​កសាងកោះដើម្បី​ពង្រឹងការទាមទារ​របស់​ខ្លួនលើ​៩០%​នៃ​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Carl Thayer ជាសាស្ត្រាចារ្យ​ចូល​និវត្តន៍​ពី​សាកលវិទ្យាល័យ​ New South Wales ​ក្នុងប្រទេសអូស្ត្រាលី។ លោក​បាននិយាយ​ថា៖ «ខ្ញុំ​ឃើញ​ការណ៍​នេះថា​ជាផ្នែក​មួយនៃ​គោលនយោបាយចិនក្នុង​ការ​អះអាង​អធិបតេយ្យភាព​របស់​ខ្លួនលើ​សមុទ្រ​ចិន​ខាង​ត្បូង ​ដាក់​សម្ពាធលើ​ពួក​រដ្ឋ​ដែល​ទាមទារ​ផ្នែក​នៃសមុទ្រ​នេះ​និងធ្វើឱ្យ​មាន​ការខ្វែង​គំនិត​ជា​មួយ​ស.រ.អា.»។

ប្រទេស ​ព្រុយណេ​ ម៉ាឡេស៊ី ​ហ្វីលីពីន​ កោះ​តៃវ៉ាន់និង​ប្រទេស​វៀតណាមបាន​ទាមទារផ្នែកទាំងអស់ឬ​ផ្នែក​ខ្លះនៃដែនសមុទ្រ​៣,៥លាន​គ.ម.​ក្រឡា​ដែលលាត​សន្ធឹងពីក្រុង​ហុងកុង​រហូត​ដល់កោះ Borneo។ ផ្លូវ​ទឹក​នេះសំបូរត្រី​និងប្រេង​ឥន្ធនៈ​ផូស៊ីល​ ក្រោមសមុទ្រ។

កាល​ពី​ឆ្នាំ​ទៅ​មិញ​ កង​នាវា​ចម្បាំង​ស.រ.អា ​បានបើក​ក្នុង​សមុទ្រ​នេះ១០ដង​ដើម្បីបង្ហាញការយល់​ឃើញរបស់​រដ្ឋាភិបាល​ក្រុង Washingtonថាសមុទ្រ​នេះបើកចំហជា​អន្តរជាតិ​ ហើយ​បាននាំឱ្យចិនខឹង​រាល់​ដង។ ស.រ.អា​មិន​បាន​ទាមទារដែន​សមុទ្រ​នេះ​ទេ តែពួកអ្នកវិភាគនិយាយ​ថា​ពួក​រដ្ឋ​ក្នុង​អាស៊ី​អាគ្នេយ៍​និង​តៃវ៉ាន់​រក​ការគាំទ្រពីរដ្ឋាភិបាល​ក្រុង Washington ​នៅ​ពេល​ប្រទេស​ចិន​ដែលជាប្រទេស​មហាអំណាចប្រជែង​នឹង​ខ្លួនកំពុង​ពង្រីក​កង​ទ័ពជើង​ទឹក។

លោក Alexander Vuving ​ជាសាស្ត្រាចារ្យនៅ​មជ្ឈមណ្ឌលអាស៊ី-ប៉ាស៊ីហ្វិក​ Daniel K. Inouye សម្រាប់​ការសិក្សា​សន្តិសុខ​ក្នុង​រដ្ឋ​ហាវ៉ៃ។​ លោកបាននិយាយ​ថាពួក​មេដឹកនាំ​ចិន​យល់​ឃើញ​ថាច្បាប់​ត្រូវកែប្រែនេះ​ជា​យុទ្ធសាស្ត្រ«កាត់សាច់​ក្រក salami ជាបន្ទះៗ»​ដើម្បីអះអាងការទាមទារក្នុងសមុទ្រ​ចិនខាង​ត្បូង។ លោក​បានទស្សន៍​ទាយ​ថាពួកមេដឹកនាំ​ចិននឹង​ប្រើ​ច្បាប់​នេះ​«ដោយ​រើសមុខ»​ហើយ«​ក្នុង​ករណីខ្លះ»​ប្រឆាំង​នឹងកង​នាវា​អាស៊ី​អាគ្នេយ៍។

រដ្ឋាភិបាលក្រុង​ប៉េកាំង​បានប្រើ​ច្បាប់​ក្នុង​ប្រទេស​ច្រើន​ជាង​មុនដើម្បីបង្កើនផលប្រយោជន៍ខ្លួនក្នុង​លំហ​សមុទ្រ។ ជាឧទាហរណ៍​ រដ្ឋាភិបាល​នេះ​បាន​ហាមប្រាម​ការនេសាទ​ត្រីក្នុង​ផ្នែកខាង​ជើងនៃ​សមុទ្រ​មាន​ជម្លោះ​នេះនៅពាក់​កណ្តាល​ឆ្នាំ​ដើម្បី​ការពារ​ត្រីហើយ​កាលពី​ខែ​មករា​បានយល់​ព្រម​ឱ្យ​មាន​ច្បាប់មួយ​ស្តី​ពី​កង​ឆ្មាំ​ឆ្នេរ​សមុទ្រដែលអនុញ្ញាត​ឱ្យ​បាញ់​លើកប៉ាល់​បរទេស​ថែម​ទៀត​ផង។ លោក Thayer បានថ្លែង​ថាកាលពី​ពេល​មុនៗអាជ្ញាធរ​ចិន​បានឡើង​លើ​នាវា​បរទេសដែរ។

លោក Vuving បាន​ថ្លែង​ថា៖

«ប្រទេសចិន​នឹងប្រើច្បាប់​ក្នុង​ប្រទេស​សម្រាប់ពង្រឹង​យុត្តាធិការខ្លួនក្នុង​សមុទ្រ​ចិន​ខាង​ត្បូង»។

ប្រទេស​ចិន​ដែលនិយាយយោងដល់​ឯកសារ​ប្រវត្តិសាស្ត្រជា​មូលដ្ឋាន​នៃ​ការ​ទាមទារ​របស់​ខ្លួន ​បានចាក់ដីបំពេញ​កោះតូចៗសម្រាប់​ប្រើប្រាស់​ខាង​យោធាសម្រាប់​បង្កើន​ការទាមទាររបស់ខ្លួន​ថែមទៀត។ កង​នាវានេសាទ​មក​ពី​ប្រទេស​វៀតណាមនិងហ្វីលីពីន​នេសាទ​ត្រីក្នុងផ្នែកជាច្រើន​នៃ​សមុទ្រចិន​ខាង​ត្បូង។ ប្រទេស​ព្រុយណេ​ និង​ប្រទេស​វៀតណាមបានបូម​យក​ប្រេង​និងឧស្ម័ន​ធម្មជាតិ​ពី​បាត​សមុទ្រ​នេះ​ដែរ។

លោក Andrew Yang ជាអគ្គលេខាធិការនៃ​ក្រុម​ប្រឹក្សាចិនសម្រាប់​ការ​សិក្សា​គោលនយោបាយជឿនលឿន។ លោក​បាននិយាយ​ថាការសើរើច្បាប់​សន្តិសុខ​សមុទ្រ​នេះ​នឹង​បន្ថែម​ការគាំទ្រដល់​ការទាមទារ​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​និង​សមុទ្រចិន​ខាង​កើតដែល​នៅ​ទី​នោះរដ្ឋាភិបាល​ចិន​មាន​ជម្លោះ​ទាមទារ​ប្រជុំ​កោះតូចៗ​មួយជា​មួយ​ប្រទេស​ជប៉ុន​និង​តៃវ៉ាន់។

លោក Andrew Yang បាន​ពោលដែរថា​ការ​ខិត​ខំប្រឹងប្រែងទាំង​ឡាយ​ណា

​«ដើម្បី​គាំទ្រភាព​ត្រឹមត្រូវ​តាម​ច្បាប់»​ដោយ​បញ្ឈប់នាវាចុះឈ្មោះ​ក្នុង​ប្រទេសក្រៅ​នឹង​បង្កើន​ការបែកបាក់ជា​មួយ​ប្រទេស​នានាដែលទាមទារ​ដែរ។ លោកបាននិយាយ​ថា៖

«​ខ្ញុំ​មិន​យល់​ថា​ពួក​ចិន​នឹង​បញ្ឈប់​នាវាបរទេស​ដោយ​ចេតនា​ទេ តែពួក​គេនឹង​គិតគូរអំពី​ការ​ប្រថុយប្រថាននិង​ផល​ប្រយោជន៍ដើម្បីចាត់​វិធានការជា​ចាំ​បាច់»៕

ប្រែសម្រួល​ដោយ​លោកឈឹម សុមេធ