ចិន​ស្វែងរក​ការ​គាំទ្រ​របស់​ប្រទេស​ជិត​ខាង​ពាក់ព័ន្ធ​នឹង​រឿង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​នឹង​អាមេរិក

រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ជជែកជាមួយប្រធានាធិបតីចិនលោក Xi Jinping អំឡុងពេលពិធីទទួលស្វាគមន៍មួយនៅក្រុងប៉េកាំង កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅ​ក្នុង​ការ​លើក​ឡើង​របស់​លោក​ដែល​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក Wang Yi បាន​បញ្ជាក់​សារ​ជា​ថ្មី​អំពី​គោល​ជំហរ​របស់​ប្រទេស​ចិន ដែល​ថា ខ្លួន​នឹង​មិន​ទទួល​យក​កិច្ច​ព្រមព្រៀង​ណា​មួយ​ដែល​មិន​យុត្តិធម៌​នោះ​ទេ។

ប្រទេស​ចិន​កំពុង​ស្វែងរក​ការ​គាំទ្រ​ពី​ប្រទេស​រុស្ស៊ី និង​ពី​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​កណ្ដាល​នានា ពាក់ព័ន្ធ​នឹង​ជម្លោះ​ពន្ធ​គយ​រីក​រាលដាល​របស់​ខ្លួន​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។ ស្រប​ពេល​នោះ​ដែរ ប្រទេស​ចិន​ក៏​កំពុង​បង្កើន​ការ​តវ៉ា​ប្រឆាំង​នឹង​វិធានការ​នានា​ដែល​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​បច្ចេកវិទ្យា​របស់​ខ្លួន។

ដោយ​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នៅ​ឯ​ការ​ប្រជុំ​មួយ​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​នៅ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​និយាយ​ថា អ្នក​តំណាង​នៃ​ប្រទេស​ជា​សមាជិក​ទាំង ៨ នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​នេះ បាន​បង្ហាញ «ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ» ចំពោះ​គោល​ជំហរ​របស់​ប្រទេស​ចិន។

នៅ​ក្នុង​ការ​លើក​ឡើង​របស់​លោក​ដែល​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក Wang Yi បាន​បញ្ជាក់​សារ​ជា​ថ្មី​អំពី​គោល​ជំហរ​របស់​ប្រទេស​ចិន ដែល​ថា ខ្លួន​នឹង​មិន​ទទួល​យក​កិច្ច​ព្រមព្រៀង​ណា​មួយ​ដែល​មិន​យុត្តិធម៌​នោះ​ទេ។ លោក​បាន​បញ្ចេញ​យោបល់​បង្ហោះ​លើ​វេបសាយ​របស់​ក្រសួង​ការបរទេស​ចិន​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ប្រើ​វិធានការ​ខ្លាំងក្លា​តបត​វិញ​ជាមួយ​នឹង​ការ​ដាក់​សម្ពាធ​ខ្លាំង​ក្លា​របស់​សហរដ្ឋ​អាមេរិក។

លោក Wang Yi បាន​បញ្ជាក់​ដូច្នេះ​ថា ជម្លោះ​ពាណិជ្ជកម្ម «បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង។ ខ្ញុំ​ចង់​សង្កត់​ធ្ងន់​ចំពោះ​អ្នក​គ្រប់​គ្នា​ថា សកម្មភាព​របស់​ប្រទេស​ចិន​គឺ​មិន​គ្រាន់តែ​ដើម្បី​រក្សា​សិទ្ធិ​ស្រប​ច្បាប់ និង​ផល​ប្រយោជន៍​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដើម្បី​រក្សា​នូវ​បទដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ និង​ការ​ការពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ជា​អន្តរជាតិ‍»។

ប្រទេស​ជា​សមាជិក​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​នេះ​មាន​ដូចជា ចិន រុស្ស៊ី កាហ្សាក់ស្ថាន តាហ្ស៊ីគីស្ថាន អ៊ូបេគីស្ថាន ឃឺគីស្ថាន ឥណ្ឌា និង​ប៉ាគីស្ថាន។ ប្រទេស​ផ្សេង​ទៀត​ដែល​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​គឺ​គ្រាន់តែ​ជា​ប្រទេស​ចូលរួម​មើល និង​ជា​ប្រទេស​ដៃគូ​ចរចា​តែ​ប៉ុណ្ណោះ៕