ចិន​បិទ​ភូមិ​ចំនួន​ពីរ បន្ទាប់ពី​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​ប៉េស្ត

រូបឯកសារ៖ ក្រុម​ការងារ​ទប់ស្កាត់​ជំងឺ​ប៉េស្ត​​ចាប់​សត្វ​កណ្ដុរ ​ដែល​សង្ស័យ​ថា​បង្ក​ឲ្យ​មាន​ជំងឺ​ប៉េស្ត​នៅ​ខេត្តស៊ីឈាន ប្រទេស​ចិន ថ្ងៃ​ទី ២៨ ខែសីហា ឆ្នាំ​២០១៩។

ប្រទេស​ចិន​បាន​បិទ​ភូមិ​មួយ​ទៀត​នៅ​តំបន់ Inner Mongolia កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បន្ទាប់ពី​អ្នក​ភូមិ​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ប៉េស្ត។ នេះ​គឺ​ជា​ការ​បិទ​លើក​ទី​ពីរ​នៅ​ក្នុង​តំបន់​នេះ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​កន្លង​មក​នេះ។

បើ​យោង​តាម​សេចក្ដី​ប្រកាស​ដែល​ចេញ​ដោយ​គណៈកម្មការ​សុខាភិបាល​ក្រុង Bayannaoer អ្នក​ជំងឺ​ម្នាក់​ក្នុង​តំបន់​នោះ​ដែល​កើត​ជំងឺ​ប៉េស្ត​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រ ដោយសារ​ការ​ខូចខាត​សរីរាង្គ​ជា​ច្រើន។ អ្នក​ជំងឺ​នេះ​គឺជា​អ្នក​ជំងឺ​ប៉េស្ត​ទី​ពីរ​ដែល​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​ខែ​នេះ​នៅ​ក្នុង​តំបន់ Inner Mongolia ភាគ​ខាង​ជើង​ប្រទេស​ចិន។

សេចក្ដី​ប្រកាស​ដែល​បង្ហោះ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​គណៈកម្មការ​សុខាភិបាល​ក្រុង Bayannaoer បាន​បញ្ជាក់​ថា៖ «កន្លែង​រស់នៅ​របស់​អ្នក​ជំងឺ​ប៉េស្ត​នេះ​ត្រូវ​បាន​បិទ ហើយ​ការ​ស៊ើបអង្កេត​ដ៏​ទូលំទូលាយ​លើ​រោគ​រាតត្បាត​នេះ​កំពុង​ធ្វើ​ឡើង»។

ការ​បិទ​លើក​ទី​មួយ​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ទីក្រុង Baotou ដែល​នៅ​ក្បែរ​នោះ នៅ​ពេល​ដែល​គណៈកម្មការ​សុខាភិបាល​នៃ​ទីក្រុង​នេះ​បាន​ប្រកាស​ថា អ្នក​ភូមិ​ម្នាក់​នៅ​ទីនោះ​បាន​ស្លាប់​ដោយសារ​ខូចខាត​ប្រព័ន្ធ​ដំណើរ​ឈាម។

ជំងឺ​ប៉េស្ត​គឺ​ជា​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​មួយ និង​ជា​រឿយៗ​បណ្ដាល​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​អាយុ​ជីវិត «ដោយ​អត្រា​ស្លាប់​មាន​ពី ៣០% ទៅ ១០០% ប្រសិនបើ​មិន​ទទួល​បាន​ការ​ព្យាបាល»។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អង្គការ​សុខភាព​ពិភពលោក WHO។

ទោះបីជា​ជំងឺ​ប៉េស្ត​នេះ​ឆ្លង​ភាគ​ច្រើន​តាម​រយៈ​ប្រភេទ​សត្វ​កកេរ​ក៏​ដោយ ក៏​អាជ្ញាធរ​នៅ​ក្នុង​ទីក្រុង​ទាំង​ពីរ​ខាង​លើ​បាន​ព្រមាន​ថា ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​គឺ​អាច​ទៅ​រួច។

អ្នក​ដែល​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ទាំង​អស់​ជាមួយ​នឹង​អ្នក​ជំងឺ​ត្រូវ​បាន​ដាក់​នៅ​ដាច់​ដោយ​ឡែក​ពី​គេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គណៈកម្មការ​ទាំង​ពីរ។ គណៈកម្មការ​ទាំង​ពីរ​នេះ​ក៏​បាន​ជំរុញ​ផង​ដែរ​ឲ្យ​ប្រជាពលរដ្ឋ​កាត់បន្ថយ​ការ​ប៉ះពាល់​ជាមួយ​នឹង​សត្វព្រៃ និង​ជៀសវាង​ការ​បរបាញ់ ការ​បក​ស្បែក ឬ​ក៏​ការ​បរិភោគ​សត្វ​ណា​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លង​ជំងឺ៕