ការឆ្លើយតបដំបូងៗរបស់ចិនចំពោះការផ្ទុះឡើងនូវមេរោគប្រភេទថ្មីនេះនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយគេមិនដឹងថាតើក្រុមមន្ត្រីបានដឹងអ្វីខ្លះ និងនៅពេលណាដែលពួកគេដឹងព័ត៌មាននោះទេ។
នៅដើមឆ្នាំនេះ នៅពេលដែលមេរោគកូរ៉ូណាវីរុសចាប់ផ្តើមរាលដាលនៅក្នុងក្រុងអ៊ូហាន (Wuhan) អាជ្ញាធរមើលស្រាលគ្រោះថ្នាក់ និងបានផ្តល់ព័ត៌មានតិចតួចអំពីស្ថានភាពនៃការរាលដាលនោះ។ ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិននៅតែបន្តជាធម្មតា នៅមុនពេលរដ្ឋាភិបាលក្រុងប៉េកាំងចាត់វិធានការម៉ឹងម៉ាត់ ខណៈពេលដែលការរីករាលដាលមានកាន់តែច្រើនឡើងៗ។ នៅពេលនេះ រដ្ឋាភិបាលក្រុងប៉េកាំងកំពុងចោទប្រកាន់ប្រទេសដទៃពីការមិនចាត់វិធានការទាន់ពេលវេលាដូចគ្នា។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលគ្រប់គ្រងដោយរដ្ឋបន្តផ្សព្វផ្សាយព័ត៌មានល្អៗអំពីការឆ្លើយតបរបស់ចិន ដោយបង្ហាញឱ្យឃើញថា ប្រទេសចិនជាគំរូសម្រាប់ពិភពលោក និងនិយាយថា ប្រទេសនានាដូចជា សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតបានចាត់វិធានការយឺតយ៉ាវដើម្បីទប់ទល់នឹងការរីករាលដាលនេះ។
ចំណងជើងសារព័ត៌មានមួយរបស់បណ្តាញផ្សព្វផ្សាយ Xinhua ដែលជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ចិនសរសេរថា «ត្រឹមត្រូវណាស់ ពិភពលោកគួរតែអរគុណប្រទេសចិន!»។
អត្ថបទបញ្ចេញមតិរបស់សារព័ត៌មាន Xinhua បានសរសេរថា ប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក «ជំពាក់ការសុំទោសចំពោះប្រទេសចិនពាក់ព័ន្ធនឹងមេរោគកូរ៉ូណាវីរុស» ដោយសារតែប្រទេសចិនបានអះអាងថា ពិភពលោកអាចនឹងមានការឆ្លងរាលដាលកាន់តែខ្លាំងជាងនេះ ប្រសិនបើមិនមានការឆ្លើយតបរបស់ចិននោះទេ។ ការឆ្លើយតបនោះរួមមានការបង្ការទុកមុនយ៉ាងសកម្ម និងវិធានការគ្រប់គ្រងដែលបានចាប់ផ្តើមធ្វើឱ្យការឆ្លងរាលដាលមានល្បឿនយឺត។ មេរោគថ្មីនេះ បានធ្វើឱ្យមនុស្ស ៨០.៥៦៥នាក់បានឆ្លង និងមនុស្ស៣.០១៥នាក់ស្លាប់តែនៅក្នុងប្រទេសចិនតែប៉ុណ្ណោះ។
ជាផ្នែកមួយនៃការខំប្រឹងប្រែងក្នុងការផ្ញើសារ ក្រសួងការបរទេសចិនបាននិយាយថា ខ្លួនប្រាប់ឱ្យអ្នកការទូតរបស់ខ្លួននៅជុំវិញពិភពលោកលើកឡើងពីស្នាដៃរបស់ចិនតាមរយៈបទសម្ភាសន៍តាមបណ្តាញសារព័ត៌មានជាង៤០០ និងអត្ថបទព័ត៌មានជាង៣០០អត្ថបទ។
រូបភាពជាសាកលរបស់ចិន
អស់រយៈពេលជាង២០ឆ្នាំ ចិនបានព្យាយាមបង្ហាញថា ខ្លួនជាមហាអំណាចក្នុងសាកលលោកដែលមានការទទួលខុសត្រូវ។ ការខិតខំប្រឹងប្រែងនេះត្រូវបានបំផ្លាញដោយសារតែការឆ្លើយតបពីដំបូងចំពោះមេរោគកូរ៉ូណាវីរុស។
លោក Steve Young អតីតនាយកវិទ្យាស្ថានអាមេរិកាំងនៅកោះតៃវ៉ាន់ និងជាអតីតអគ្គកុងស៊ុលអាមេរិកាំងនៅហុងកុងបាននិយាយថា«ចិនបានបាត់បង់កេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ដោយសារតែការមើលស្រាលលើមេរោគកូរ៉ូណាវីរុសពីដំបូងរបស់ខ្លួននៅក្នុងសប្តាហ៍ដំបូងៗនៃឆ្នាំនេះ»។
លោក Young បាននិយាយថា ចិនត្រូវបានគេរិះគន់យ៉ាងខ្លាំង ជាពិសេសចំពោះការដាក់ទោសទៅលើវេជ្ជបណ្ឌិតដំបូងគេម្នាក់ដែលបានបង្ហើបពីការផ្ទុះឡើងនូវមេរោគនេះ គឺលោកវេជ្ជបណ្ឌិតដែលជាអ្នកវិទ្យាសាស្ត្រម្នាក់នៅក្នុងក្រុងអ៊ូហាន ហើយក្រោយមកបានស្លាប់ដោយសារតែមេរោគកូរ៉ូណាវីរុសនេះ។
លោក Wu Qiang ដែលជាអ្នកវិភាគនយោបាយមួយរូបនៅក្នុងក្រុងប៉េកាំង និងជាអ្នករិះគន់រដ្ឋាភិបាលបាននិយាយថា ការឆ្លើយតបតិចតួចរបស់អាជ្ញាធរពីដំបូងបានធ្វើឱ្យមានផលប៉ះពាល់រយៈពេលយូរ នៅពេលដែលការផ្ទុះឡើងនៃមេរោគនេះឆ្លងរាលដាលចេញពីក្រុងអ៊ូហាន។
លោក Wu Qiang បាននិយាយថា «វាពិបាកនឹងជឿណាស់ថា ចិនបានដើរតួជាមេដឹកនាំនៅក្នុងការបង្ការមេរោគកូរ៉ូណាវីរុសនៅក្នុងពិភពលោក»។
ការខូចកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញច្បាស់ៗ។ នៅសហរដ្ឋអាមេរិក គេជឿជាក់ថា ចិនបង្ហាញតួលេខនៃការឆ្លងមេរោគនេះទាបជាងការពិត។ ការស្ទង់មតិ Gallup ចុងក្រោយ ដែលត្រូវបានធ្វើឡើងចន្លោះពីថ្ងៃទី៣ ដល់ថ្ងៃទី១៦ ខែកុម្ភៈ បានរកឃើញថា ការចាត់ចំណាត់ថ្នាក់ល្អឱ្យប្រទេសចិនពីសំណាក់ពលរដ្ឋអាមេរិកាំង មានចំនួនដូចគ្នាទៅនឹងចំនួនដែលគេផ្តល់ឱ្យ បន្ទាប់ពីមានការបង្ក្រាបនៅទីលាន Tiananmen Square ក្នុងប្រទេសចិននៅឆ្នាំ១៩៨៩។ នៅពេលនោះ ពលរដ្ឋអាមេរិកាំងតែ៣៤%ប៉ុណ្ណោះមានទស្សនៈល្អចំពោះប្រទេសចិន។
លោក Joseph Cheng ដែលជាអ្នកវិទ្យាសាស្ត្រនយោបាយចូលនិវត្តន៍នៅសាកលវិទ្យាល័យ City University of Hong Kong បាននិយាយថា ថ្នាក់ដឹកនាំចិនមានការព្រួយបារម្ភខ្លាំងពីកេរ្តិ៍ឈ្មោះរបស់ខ្លួន ដោយសារតែថ្នាក់ដឹកនាំទទួលស្គាល់ពីសារៈសំខាន់នៃអំណាចទន់។ វិធានការមួយដែលមានភាពរសើបគឺជាសកម្មភាពរបស់ចិននាពេលថ្មីៗក្នុងការបណ្តេញអ្នកសារព័ត៌មាន Wall Street Journal បីនាក់ឱ្យចាកចេញពីប្រទេសចិន បន្ទាប់ពីសារព័ត៌មាននេះបានចេញផ្សាយនូវអត្ថបទបញ្ចេញមតិមួយដែលពណ៌នាប្រទេសចិនថាជា «អ្នកជំងឺអាស៊ី»។
លោក Joseph Cheng បាននិយាយ ដោយសំដៅដល់កិច្ចប្រឹងប្រែងនាពេលថ្មីៗរបស់ចិនក្នុងការបង្ហាញពីលក្ខណៈជាមហាអំណាចមានការទទួលខុសត្រូវ ដោយបានបញ្ជូនអ្នកជំនាញ និងសម្ភារៈទៅកាន់ប្រទេសដែលមានករណីឆ្លងកើនឡើងខ្លាំងថា«ថ្នាក់ដឹកនាំឥឡូវនេះចង់ជះឥទ្ធិពលលើសាធារណជនមតិអន្តរជាតិ»។
ឥឡូវនេះ ចិនសង្កត់ធ្ងន់ថា ខ្លួនបានចែករំលែកផែនការព្យាបាលជំងឺឆ្លងនេះជាមួយនឹងប្រទេសជាច្រើន។
លោក Zhao Lijiang អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទកាសែតថា«យើងបានបង្កើតយន្តការប្រាស្រ័យទាក់ទាក់កម្រិតបច្ចេកទេសជិតស្និទជាមួយនឹងអង្គការនានាដូចជាអង្គការសុខភាពពិភពលោក សហភាពអឺរ៉ុប សហភាពអាហ្វ្រិក សហគមន៍ CARICOM និងអាស៊ាន និងប្រទេសផ្សេងទៀតដែលមានការឆ្លងរាលដាលខ្លាំង ឬមានប្រព័ន្ធសុខាភិបាលទន់ខ្សោយដូចជាប្រទេសកូរ៉េ និងអ៊ីរ៉ង់»។
តើការផ្ទុះឡើងនៃជំងឺនេះកើតឡើងពីកន្លែងណា?
ជាង២ខែបន្ទាប់ពីអាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ជាលើកដំបូងថា មានការឆ្លងមេរោគប្រភេទថ្មី រដ្ឋាភិបាលក្រុងប៉េកាំងឥឡូវនេះកំពុងធ្វើការដេញដោលចំពោះការសន្មតថា មេរោគនេះមានប្រភពចេញពីក្រុងអ៊ូហាន ទីដែលមេរោគនេះត្រូវបានគេឃើញនៅផ្សារលក់សត្វព្រៃខុសច្បាប់មួយកន្លែង។
លោក Zhao បាននិយាយថា «ករណីនៃជំងឺកូវីដ-១៩ដែលត្រូវបានគេរាយការណ៍គឺត្រូវបានរកឃើញនៅក្នុងប្រទេសចិន ប៉ុន្តែប្រភពរបស់វាមិនប្រាកដថាចេញពីប្រទេសចិននោះទេ។ ប្រភពនៃជំងឺនេះអាចមានគ្រប់ទីកន្លែងទាំងអស់»។
លោក Zhao បានសំដៅដល់សេចក្តីថ្លែងការណ៍របស់លោកវេជ្ជបណ្ឌិត Zhong Nanshan ដែលជាអ្នកជំនាញផ្នែកជំងឺឆ្លងដ៏ល្បីបំផុតដែលបានធ្វើការលើការផ្ទុះឡើងនៃជំងឺនេះ និងជំងឺផ្លូវដង្ហើម SARS នៅក្នុងឆ្នាំ២០០២ និង២០០៣។ លោកបានអះអាងកាលពីខែមុនថា «ទោះជាមេរោគនេះត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងប្រទេសចិនក៏ដោយ វាមិនប្រាកដថាមានប្រភពកំណើតនៅទីនោះទេ»។
លោក Zhong មិនបានបង្ហាញពីជម្រើសផ្សេងដែលអាចជាប្រភពកំណើតនៃមេរោគនេះនោះទេ ប៉ុន្តែពាក្យសម្តីរបស់លោកបានធ្វើឱ្យមានការដេញដោលគ្នាតាមអ៊ីនធឺណិតជាច្រើន ហើយអ្នកខ្លះក៏បានលើកឡើងថា មេរោគនេះអាចមានប្រភពមកពីសហរដ្ឋអាមេរិកផងដែរ។
ប្រភពច្បាស់លាស់នៃមេរោគនេះមិនត្រូវបានគេបញ្ជាក់នោះទេ ប៉ុន្តែគេជឿថា វាកើតចេញពីសត្វ ហើយឆ្លងទៅមនុស្សនៅផ្សារមួយកន្លែងនៅក្នុងក្រុងអ៊ូហាន។
លោក David Ho ដែលជាអ្នកស្រាវជ្រាវជំងឺអេដស៍ដ៏ល្បីម្នាក់នៅសាកលវិទ្យាល័យ Columbia University បាននិយាយថា ស្ទើរតែប្រាកដប្រជាទៅហើយថាមេរោគកូរ៉ូណាវីរុសនេះចាប់ផ្តើមដំបូងនៅក្នុងប្រទេសចិន។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយនឹង VOA ផ្សាយជាភាសាចិនកុកងឺថា «តាមអ្វីដែលយើងបានដឹងអំពីជំងឺ SARS និងជំងឺនេះ និងអ្វីដែលយើងបានដឹងអំពីមេរោគកូរ៉ូណាវីរុសទាំងអស់ដែលត្រូវបានរកឃើញនៅក្នុងអំបូរសត្វផ្សេង ខ្ញុំគិតថា ប្រភពរបស់វាគឺចេញពីប្រទេសចិន»។
ភាពខ្លាំងនៃប្រព័ន្ធនយោបាយ
បន្ថែមទៅលើកិច្ចប្រឹងប្រែងក្នុងការទប់ទល់នឹងវិបត្តិនៃការឆ្លងរាលដាលនេះដើម្បីបង្ហាញឱ្យឃើញថាវាជាភាពខ្លាំងនៃប្រព័ន្ធនយោបាយរបស់ចិន រដ្ឋាភិបាលក្រុងប៉េកាំងបានជំរុញឱ្យមានការបកស្រាយផ្ទុយដ៏មានឥទ្ធិពលមួយ។ នោះគឺជាការបកស្រាយថាប្រព័ន្ធគ្រប់គ្រងរបស់ចិនអនុញ្ញាតឱ្យមានការឆ្លើយតបមានប្រសិទ្ធភាព និងលឿនចំពោះវិបត្តិនេះ ដែលប្រទេសផ្សេងអាចរៀនសូត្រតាម។
សារព័ត៌មានផ្លូវការបានបង្ហាញអត្ថបទជាច្រើនពីរបៀបដែលរដ្ឋាភិបាលចិនត្រូវបានរដ្ឋាភិបាលបរទេស និងក្រុមមន្ត្រីសុខាភិបាលបរទេសសរសើរ។
ទូរទស្សន៍ CCTV របស់រដ្ឋបានរាយការណ៍ថា លោកវេជ្ជបណ្ឌិត Bruce Aylward ជាជនជាតិកាដាណា និងជាអគ្គលេខាធិការជំនួយការរបស់អង្គការសុខភាពពិភពលោក បានដឹកនាំទស្សនកិច្ចរបស់ក្រុមអ្នកជំនាញបរទេសទៅកាន់ប្រទេសចិន។ លោក Aylward បាននិយាយថា ការទប់ទល់របស់ចិនទៅនឹងការផ្ទុះឡើងនៃមេរោគ អាចធ្វើត្រាប់តាមបាន «ប៉ុន្តែវាទាមទារភាពក្លាហានផ្នែកនយោបាយ ការគិតវិភាគ ថវិកា និងការចាត់វិធានការបានលឿន»។
លោក Ding Xiangyang ជាមន្ត្រីរដ្ឋាភិបាលថ្នាក់កណ្តាលម្នាក់ដែលស្ថិតក្នុងចំណោមក្រុមត្រួតពិនិត្យការទប់ទល់នឹងការរីករាលដាលនៃមេរោគថ្មីនេះនៅក្នុងខេត្ត Hubei ដែលជាកន្លែងនៃការផ្ទុះការរាលដាលមេរោគនេះនិយាយថា អង្គការសុខភាពពិភពលោកជឿថា ការធ្លាក់ចុះករណីឆ្លងនៅក្នុងប្រទេសចិនបានធ្វើឱ្យពិភពលោកមានសុវត្ថិភាពជាងមុន។
លោក Ding ដែលជាអគ្គលេខាធិការរងនៃក្រុមប្រឹក្សារដ្ឋចិនបានថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃសុក្រថា «អង្គការសុខភាពពិភពលោកជឿថា ចិនបានអនុវត្តវិធានការបង្ការ និងវិធានការគ្រប់គ្រងទុកមុនប្រកបដោយភាពសកម្ម បត់បែន និងក្លាហានបំផុត ហើយបានជួយបន្ថយល្បឿននៃការឆ្លងមេរោគ និងកាត់បន្ថយចំនួនករណីឆ្លងរាប់សែននៅទូទាំងប្រទេស»។
ប៉ុន្តែនៅពេលអ្នកជំនាញផ្នែកជំងឺឆ្លងកំពុងគិតគូរពីមេរោគរាលដាលជាសាកលមេះ មនុស្សម្នាគិតថាវិធានការដ៏តឹងរ៉ឹង រួមទាំងការបិទខេត្ត Hubei ដែលមានមនុស្ស៦០លាននាក់រស់នៅនោះផង អាចត្រូវបានគេប្រើប្រាស់នៅកន្លែងផ្សេងទៀតបានឬអត់។
អ្នកស្រី Dorothy Solinger អ្នកជំនាញផ្នែកនយោបាយចិននៅសាកលវិទ្យាល័យ University of California នៅក្នុងក្រុង Irvine និយាយថា ប្រទេសចិនទទួល «ប្រយោជន៍ដ៏ធំ» ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនេះ។
អ្នកស្រីបាននិយាយថា «តើប្រទេសផ្សេងណា មិនថាតូច ឬធំនោះទេ អាចទទួលជោគជ័យបែបនេះបាន? មានតែប្រទេសចិនទេ ដែលបានប្រើប្រាស់វិធីសាស្ត្រផ្តាច់ការ បូករួមទាំងការតាមដានអង្កេតថ្មីៗអាចដោះស្រាយបញ្ហានោះទេ។ មិនថាយើងចូលចិត្តឬអត់នោះទេ ចិនពូកែធ្វើរឿងទាំង២នេះណាស់»។
អ្នករិះគន់និយាយថា ផ្នែកដែលគួរឱ្យសោកស្តាយនោះគឺថាមានការប៉ះពាល់ដល់សិទ្ធិមនុស្សដោយសារតែវិធានការតឹងរ៉ឹងបំផុតដែលចិនបានអនុវត្ត។
លោក Young អតីតនាយកវិទ្យាស្ថានអាមេរិកាំងនៅតៃវ៉ាន់និយាយថា «យើងត្រូវនិយាយឱ្យចំ។ មនុស្សជាច្រើនឈឺ និងស្លាប់ នៅពេលប្រព័ន្ធផ្សព្វផ្សាយគាំទ្រការឃោសនារបស់គណបក្សកុម្មុយនិស្តចិនបានបង្កើតរឿងប្រឌិត។ នេះមិនមែនជាឧទាហរណ៍ល្អនៃប្រសិទ្ធភាពរបស់ប្រព័ន្ធដឹកនាំរបស់ចិននោះទេ»។
កន្លែងផ្សេងទៀត ដូចជាតៃវ៉ាន់ បានបង្ហាញថា គេអាចការពារឱ្យមនុស្សមានសុវត្ថិភាពបានដោយមិនចាំបាច់អនុវត្តការអន្តរាគមន៍ខ្លាំងជ្រុលទៅលើមនុស្សរាប់លាននាក់នោះទេ។ តៃវ៉ាន់ដែលមានចំនួនជើងហោះហើរច្រើនមកពីប្រទេសចិនក្នុងមួយថ្ងៃៗបានប្រឹងប្រែងធ្វើឱ្យចំនួនឆ្លងស្ថិតនៅក្រោម៥០នាក់។
ក្រុមមន្ត្រីបានសរសើរដល់វិធានការទុកមុនយ៉ាងសកម្មរបស់តៃវ៉ាន់ដើម្បីកំណត់អត្តសញ្ញាណរបស់អ្នកដំណើរមកពីផ្នែកនៃប្រទេសចិនដែលមានការឆ្លងរាលដាល ព្រមទាំងប្រព័ន្ធសុខាភិបាលសាធារណៈដ៏ល្អ ដែលផ្តោតលើការកំណត់អត្តសញ្ញាណ និងដាក់មនុស្សដែលឆ្លងឱ្យនៅដាច់ដោយឡែក។ ក្រុមមន្ត្រីតៃវ៉ាន់និយាយថា ការមានតម្លាភាពព័ត៌មានមានសារៈសំខាន់ណាស់៕