ចិន​ថា​នឹង​ដាក់​កំហិត​ទិដ្ឋាការ​លើ​ពលរដ្ឋ​អាមេរិកាំង​មួយ​ចំនួន​ទាក់ទិន​នឹង​រឿង​ទីក្រុង​ហុងកុង

រូប​ឯកសារ៖ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Zhao Lijian ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។

ប្រទេស​ចិន​បាន​ព្រមាន​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ខ្លួន​នឹង​ដាក់​កំហិត​ទិដ្ឋាការ​លើ​ពលរដ្ឋ​អាមេរិកាំង​ណា​ដែល​បាន «ធ្វើ​ទង្វើ​មិន​ល្អ» ទាក់ទិន​នឹង​រឿង​ទីក្រុង​ហុងកុង។ ចិន​ព្រមាន​ដូច្នេះ​មុន​ពេល​ដែល​សភា​ចិន​គ្រោង​នឹង​អនុម័ត​លើ​សំណើ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដ៏​ប្រទាំងប្រទើស​មួយ​សម្រាប់​ទីក្រុង​ហុងកុង។

កាល​ពី​ថ្ងៃ​សុក្រ រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​បញ្ជាក់​ថា ខ្លួន​នឹង​ដាក់​កំហិត​ទិដ្ឋាការ​លើ​មន្ត្រី​ចិន​មួយ​ចំនួន​ដែល​បាន​រំលោភ​លើ​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Zhao Lijian បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា គម្រោង​របស់​សហរដ្ឋ​អាមេរិក «នៅ​ក្នុង​ការ​រារាំង​ដល់​ការ​អនុម័ត​សំណើ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​សម្រាប់​ទីក្រុង​ហុងកុង​នេះ​នឹង​មិន​បាន​ជោគជ័យ​នោះ​ទេ»។

លោក Zhao Lijian បញ្ជាក់​ដូច្នេះ​ថា៖ «រដ្ឋាភិបាល​ចិន​បាន​សម្រេច​ដាក់​កំហិត​ទិដ្ឋាការ​ប្រឆាំង​នឹង​បុគ្គល​អាមេរិកាំង​ណា ដែល​បាន​ធ្វើ​ទង្វើ​មិន​ល្អ​ទាក់ទិន​នឹង​រឿង​ទីក្រុង​ហុងកុង​នេះ»៕