ចិន​ថា សហរដ្ឋ​អាមេរិក​ព្យាយាម​បង្ខូច​កេរ្តិ៍​ឈ្មោះ​ខ្លួន​ទាក់ទិន​នឹង​ករណី​អង្គការ​សុខភាព​ពិភពលោក

  • ​Reuters

រូបឯកសារ៖ លោក Zhao Lijian អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។

ប្រទេស​ចិន​បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​បង្វែរ​ការ​រិះគន់​ទាក់ទិន​នឹង​ការ​គ្រប់គ្រង​មិន​បាន​ល្អ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ខ្លួន​ឯង​ផ្ទាល់​លើ​វិបត្តិ​ជំងឺ​កូវីដ១៩។

ការ​លើក​ឡើង​ដូច្នេះ​របស់​ចិន​គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​លិខិត​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ដែល​គំរាម​ផ្អាក​ការ​ផ្ដល់​ថវិកា​ឧបត្ថម្ភ​ចំពោះ​អង្គការ​សុខភាព​ពិភពលោក។

កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ លោក Trump បាន​គំរាម​ថា​នឹង​ពិចារណា​អំពី​សមាជិក​ភាព​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​អង្គការ​សុខភាព​ពិភពលោក ប្រសិនបើ​អង្គការ​នេះ​មិន​ប្ដេជ្ញា​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​នៅ​ក្នុង​រយៈពេល ៣០ ថ្ងៃ ខាង​មុខ​នេះ​ទេ។ លោក Trump បាន​និយាយ​ទៀត​ថា អង្គការ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ «កង្វះ​ភាព​ឯករាជ្យ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត» ពី​ប្រទេស​ចិន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន លោក Zhao Lijian បាន​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​បង្ខូច​កេរ្តិ៍​ឈ្មោះ​ប្រទេស​ចិន និង​បាន​ប៉ាន់ស្មាន​ខុស ដោយ​ព្យាយាម​ប្រើ​ប្រទេស​ចិន​ជា​លេស​ដើម្បី​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួន​របស់​ខ្លួន៕