ប្រទេសចិនបានបញ្ជាក់ថា អ្នកចរចាកំពូលរបស់ខ្លួននឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមចរចាពាណិជ្ជកម្មជុំថ្មីមួយទៀតនៅសប្ដាហ៍នេះ ទោះបីជាប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមថា នឹងយកពន្ធគយថ្មីខ្ពស់ជាងមុនលើទំនិញចិនដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ បន្ទាប់ពីលោកបានត្អូញត្អែរថា ដំណើរការចរចានេះចំណាយពេលយូរជ្រុលក៏ដោយ។
ក្រសួងពាណិជ្ជកម្មចិនបានចេញនូវសេចក្ដីប្រកាសមួយនៅថ្ងៃអង្គារនេះថា លោកឧបនាយករដ្ឋមន្ត្រី Liu He ដែលជាទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់លោកប្រធានាធិបតី Xi Jinping នឹងជួបជាមួយនឹងអ្នកតំណាងពិសេសអាមេរិកលោក Robert Lighthizer និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin ដើម្បីចរចារយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ខាងមុខនេះតទៅ។
ការលើកឡើងរបស់លោក Trump នៅលើ Twitter អំពីពន្ធគយថ្មីនេះ បានធ្វើឲ្យទីផ្សារភាគហ៊ុនអាស៊ី និងទីផ្សារទិញដូរដែលប្រគល់ទំនិញពេលក្រោយរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ កាលពីថ្ងៃចន្ទម្សិលមិញ និងបានបន្ថែមភាពស្រពិចស្រពិលបន្ថែមទៀតដល់អនាគតនៃការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានប្រាប់អ្នកកាសែតកាលពីថ្ងៃចន្ទម្សិលមិញថា ប្រទេសចិន «ព្យាយាមដើម្បីឲ្យបានព័ត៌មានបន្ថែមទៀត» អំពីការលើកឡើងរបស់លោក Trump អំពីការគំរាមយកពន្ធគយថ្មីនេះ។
លោក Trump បានសរសេរនៅលើ Twitter ថា លោកនឹងបង្កើនការយកពន្ធគយថ្មីលើទំនិញចិនដែលមានទឹកប្រាក់ ២០០ ពាន់លានដុល្លារ ពី ១០ ភាគរយ ទៅ ២៥ ភាគរយ នៅថ្ងៃសុក្រខាងមុខនេះ។
លោក Trump បានបន្ថែមថា ទំនិញចិន ៣២៥ ពាន់លានដុល្លារទៀត ដែលមិនទាន់យកពន្ធ នឹងត្រូវយកពន្ធចំនួន ២៥ ភាគរយ។ លោកមិនបានបញ្ជាក់ថាពេលណានឹងយកពន្ធលើទំនិញទាំងនេះទេ៕