ចិន​ សន្យា​បញ្ចៀស​មិន​ឱ្យ​មាន​អនុត្តរភាព​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ជា​ការពិត​មែន ឬ​យ៉ាងណា?

  • Ralph Jennings

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែ​ន​ នៃ​ប្រទេស​កម្ពុជា​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-ចិន​​តាម​អនឡាញ​ កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២១។

អ្នក​ជំនាញ​ថា ​ការសន្យា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា ​ខ្លួន​នឹង​មិន​គ្របដណ្តប់​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ ត្រូវ​បាន​ធ្វើ​ឡើង​យឺត​ពេល​ក្នុង​ការបញ្ចុះបញ្ចូល​ប្រទេស​ទាមទារ​តូចៗ​នៅ​អាស៊ី​អាគ្នេយ៍​លើ​ផ្លូវ​ទឹក​យុទ្ធសាស្ត្រ​មួយ​នេះ ​បន្ទាប់​ពី​ចិន​ពង្រីក​ការកាន់កាប់​របស់​ខ្លួន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ។​

លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ បាន​ធ្វើ​ការសន្យា​នេះ ​កាលពី​ថ្ងៃទី២២ ​ខែវិច្ឆិកា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​ដែល​ជា​ខួប​ទី៣០​នៃ​កិច្ចសន្ទនា​អាស៊ាន-ចិន។ លោក​បាន​ថ្លែង​ប្រាប់​មេដឹកនាំ​នៃ​សមាជិក​ទាំង ១០ ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​(អាស៊ាន) ​ថា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​នឹង​បញ្ចៀស​«ការរករឿង» ​ប្រទេស​តូច​ជាង​ខ្លួន​ដែល​មាន​ការទាមទារ​ប្រជែង​នឹង​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ទំហំ ​៣,៥​ លាន​គីឡូម៉ែត្រ​ការ៉េ។

វត្តមានរបស់​ចិន​នៅ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ ជាទូទៅ​ តំណាង​ដោយលោក​នាយករដ្ឋមន្ត្រី Li Keqiang ប៉ុន្តែ​នៅ​ពេល​នេះ ​លោក​ប្រធានាធិបតី ស៊ី ​បាន​ថ្លែង​ទៅ​កាន់​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ថា «ចិន​នឹង​មិន​បង្កើត​ឱ្យ​មាន​អនុត្តរភាព​ទេ ​ហើយ​ក៏​មិន​រក​រឿង​ប្រទេស​តូច​ជាង​ខ្លួន​នោះ​ដែរ»។ នេះ ​បើ​យោង​តាម​របាយការណ៍​ចេញផ្សាយ​កាលពី​ថ្ងៃទី២៣ ​ខែវិច្ឆិកា​ នៅ​លើ​គេហទំព័រ​សារព័ត៌មាន​ China Daily​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

ប្រទេស​ចិន​ ប្រជែង​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ព្រុយណេ ​ម៉ាឡេស៊ី ​ហ្វីលីពីន ​តៃវ៉ាន់ ​និង​វៀតណាម​ចំពោះ​អធិបតេយ្យភាព​លើ​ចំណែក​នៅ​ក្នុង​សមុទ្រ​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន ​ដែល​លាត​សន្ធឹង​ពី​ទីក្រុង​ហុងកុង​ទៅ​ដល់​កោះ Borneo។ រដ្ឋាភិបាល​ចិន​បាន​ចាក់​បំពេញ​ដី​កោះ​តូចៗ​នៅ​ក្នុង​សមុទ្រ ហើយ​ពេល​ខ្លះ​កោះ​ទាំង​នោះ​ ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលដៅ​យោធា ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ផ្សេងៗ​ មាន​ការ​ខឹងសម្បា។​

កងទ័ព​ជើង​ទឹក​ចិន ​ឆ្មាំ​សមុទ្រ ​និង​នាវា​នេសាទ​ចិន​ ជារឿយៗ​ បង្ក​រឿង​ដល់​ប្រទេស​ទាមទារ​ផ្សេង​ទៀត​ដែល​សុទ្ធ​តែ​មាន​យោធា​អន់​ជាង​ខ្លួន ​ដោយ​បាន​បើក​ឆ្លង​កាត់​ផ្លូវ​ទឹក​ដែល​មាន​ជម្លោះ ​និង​សម្បូរ​ទៅ​ដោយ​ជលផល ​និង​ធនធាន​ប្រេង​ឥន្ធនៈ​ក្រោម​ដី​។

ប្រតិកម្ម​របស់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍

លោក Jay Batongbacal ​សាស្ត្រាចារ្យ​កិច្ចការ​សមុទ្រ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ហ្វីលីពីន​នៅ​ក្នុង​ទីក្រុង Quezon ​ប្រទេស​ហ្វីលីពីន​បាន​ថ្លែង​ថា ​ប្រទេស​ក្នុង​អាស៊ាន​មាន​ការសង្ស័យ​ពី​ការលើក​ឡើង​របស់​លោក​ប្រធានាធិបតី ស៊ី ​ដោយសារ​មេដឹកនាំ​អាស៊ាន ​ធ្លាប់​បាន​ឮ​ភាសា​បែប​នេះ​ពី​មុន​រួច​ទៅ​ហើយ។​

ព្រុយណេ ​ម៉ាឡេស៊ី ​ហ្វីលីពីន ​និង​វៀតណាម​ជា​សមាជិក​អាស៊ាន​ ដែល​ចរចា​ជាក្រុមលើ​បញ្ហា​ពាណិជ្ជកម្ម​ខាង​ក្រៅ ​ព្រម​ទាំង​បញ្ហា​សន្តិសុខ​រួម​ទាំង​សកម្មភាព​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ។

លោក Batongbacal ​បាន​ថ្លែងដោយ​សំដៅ​ជា​ពិសេស​ដល់​តំបន់​អាស៊ី​អាគ្នេយ៍​ថា «ច្បាស់​ណាស់ ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ ​មិន​ចេះ​តែជឿ​តាម​ទេ។ វា​ជា​សកម្មភាព​របស់​ចិន​ដែល​បង្ក​ឱ្យ​មាន​ក្តីបារម្ភ ​ទោះ​បី​ជា​ចិន​ធ្លាប់​បាន​ផ្តល់​ការធានា​បែប​នេះ​ពី​មុន​មក​ក៏​ដោយ»។

លោក Alexander Vuving ​សាស្ត្រាចារ្យ​នៅ​មជ្ឈមណ្ឌល​អាស៊ី​ប៉ាស៊ីហ្វិក​ Daniel K. Inouye ​សម្រាប់​ការសិក្សា​សន្តិសុខ​នៅ​ក្នុង​រដ្ឋ Hawaii ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ​ចិន​មិន​មាន​បំណង​បញ្ចប់​គោលជំហរ​របស់​ខ្លួន​លើ​បញ្ហា​សមុទ្រ​នេះ​ទេ។ លោក Vuving ​បន្ត​ថា ​លោក​ប្រធានាធិបតី ស៊ី ​បាន​ប្រាប់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក បារ៉ាក់ អូបាម៉ា​ នៅ​ក្នុង​ឆ្នាំ ២០១៥​ ថា ចិន​នឹង​មិន​ដាក់​យោធា​នៅ​សមុទ្រ​នេះ​ទេ ​ប៉ុន្តែ​ បែរ​ជា​មិន​គោរព​តាម​ការសន្យា​នេះ​ទៅ​វិញ។​

លោក Vuving ​ថា​ វៀតណាម​ នឹង​មិន​ទុក​ចិត្ត​ការសន្យា​លើក​ចុង​ក្រោយ​របស់​ចិន​នោះ​ទេ​ ហើយ​ហ្វីលីពីន ​និង​ឥណ្ឌូណេស៊ី​យល់​ថា ​វា​ជា​ការគួរ​ឱ្យ​សង្ស័យ។ ឥណ្ឌូណេស៊ី​មិន​មាន​ការប្រជែង​ជាមួយ​ចិន​ចំពោះ​ដែន​កោះ​នោះ​ទេ ​ប៉ុន្តែ​ភាគី​ទាំង​ពីរ​ មាន​ការខ្វែង​គំនិត​គ្នា​លើ​ខ្សែ​ផ្លូវ​ទឹក​ក្នុង​សមុទ្រ។

វៀតណាម បាន​ប៉ះទង្គិច​ជាមួយ​ចិន​លើ​បញ្ហា​កោះ​មាន​ជម្លោះ​ចាប់​តាំង​ពី​ទសវត្សរ៍​១៩៧០ ​ហើយ​ធ្លាប់​មាន​ការប៉ះទង្គិច​បង្ហូរ​ឈាម​នៅ​ក្នុង​ឆ្នាំ១៩៧៤ ​និង​ឆ្នាំ១៩៨៨។ ម៉ាឡេស៊ី ​និង​ហ្វីលីពីន​ បាន​និយាយ​ប្រឆាំង​ចិន​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នេះ។

នៅ​ដើម​ខែវិច្ឆិកា ​នាវា​ឆ្មាំ​សមុទ្រ​ចិន​ បាន​បិទ​មិន​ឱ្យ​ទូក​ផ្គត់ផ្គង់របស់​ហ្វីលីពីន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កោះ Second Thomas Shoal ​ដែល​ជា​កោះ​កាន់កាប់​ដោយ​ហ្វីលីពីន​និង​បាន​បាញ់​ទឹក​ដាក់​ទៀត​ផង។

ប្រធានាធិបតី​ហ្វីលីពីន ​លោក Duterte ​បាន​ថ្លែង​កាលពី​ថ្ងៃទី២២ ​ខែវិច្ឆិកា​ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ថា៖​ «យើង​ស្អប់​ហេតុការណ៍​នា​ពេល​ថ្មីៗ​នៅ​កោះ Ayungin Shoal ​និង​មាន​ក្តីបារម្ភ​ខ្លាំង​ចំពោះ​ការ​វិវឌ្ឍ​ស្រដៀង​គ្នា​នេះ។ ការណ៍​នេះ​ មិន​បង្ហាញ​ឱ្យ​ឃើញ​ពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ជាតិ​របស់​យើង ​និង​ភាព​ជា​ដៃគូ​របស់​យើង​នោះ​ទេ»។

លោក Gregory Poling ​នាយក​គម្រោង​ផ្តួចផ្តើម​តម្លាភាព​សមុទ្រ​អាស៊ី​នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អន្តរជាតិ ​និង​យុទ្ធសាស្ត្រ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ថ្លែង​ថា៖ «បញ្ហា ​គឺ​ថា សារ​ [ដែល​ចិន​បាន​ថ្លែង] ក្លាយ​ជា​រឿង​គួរ​ឱ្យ​អស់​សំណើច​សម្រាប់​ប្រទេស​ជិត​ខាង​ជាច្រើន ​ដោយ​ការវិវឌ្ឍ​ឥត​ឈប់ឈរ»។

ដោយ​សំដៅ​ដល់​ចំណុច​ដែល​ទំនង​មាន​ការប៉ះទង្គិច​យោធា​ខ្លាំង​ជាមួយ​នឹង​រដ្ឋាភិបាលក្រុង​ប៉េកាំង​ លោក Poling ​បន្ថែម​ថា៖ «អ្នក​មើល​សមុទ្រ​ចិន​ខាង​ត្បូង ​ដៃ​សមុទ្រ​តៃវ៉ាន់ ​និង​ព្រំដែន​ឥណ្ឌា។ វា​កាន់​តែ​ពិបាក​ឱ្យ​សមាជិក​អាស៊ាន​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ជម្លោះ ​ជឿ​លើ​ការ​សន្យា​របស់​ចិន​ណាស់»។

ហេតុអ្វី​លោក​ប្រធានាធិបតី ស៊ី ថ្លែង​បែប​នេះ?

អ្នក​ជំនាញ​ក្នុង​តំបន់​ដូចជា​លោក Eduardo Araral ​សាស្ត្រាចារ្យរង​នៅ​សាលា​គោលនយោបាយ​សាធារណៈ​នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​បាន​ថ្លែង​ថា ​លោក​ប្រធានាធិបតី ស៊ី ​ធ្វើ​សកម្មភាព​មិន​ធម្មតា​ដោយ​ថ្លែង​សារ​លក្ខណៈ​ផ្ទាល់​ខ្លួន​ចំពោះ​បញ្ហា​អនុត្តរភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ចំពោះ​មុខ​សមាជិក​អាស៊ាន​ជា «រឿង​សមហេតុផល​ដែល​ត្រូវ​ធ្វើ»​ ដើម្បី​ចាប់​ផ្តើម​បង្កើន​អំណាច​ជា​សាកល​របស់​ខ្លួន។

លោក Araral ​បាន​ថ្លែង​ថា៖ «នៅ​ពេល​អ្នក​ជា​ប្រទេស​តូច​ ហើយ​មាន​ព្រំប្រទល់ជាប់នឹង​ប្រទេស​ធំ អ្នក​មាន​ការ​ភ័យខ្លាច​នៅ​ពេល​ប្រទេស​ធំ​នោះ​រីកចម្រើន​ទៅៗ​កាន់​តែ​ខ្លាំង ​ដូច្នេះ​ខ្ញុំ​គិត​ថា​ សម្រាប់​រយៈពេល​៣០​ឆ្នាំ​ចុងក្រោយ​នេះ​ ជា​សំណួរ​ដ៏​សំខាន់​នៅ​ក្នុង​ចិត្ត​របស់​មេដឹកនាំ​អាស៊ាន»។ ចិន​ មាន​កងកម្លាំង​ប្រដាប់​អាវុធ​ខ្លាំង​បំផុត​ទី៣​ក្នុង​ពិភពលោក​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី។​

លោក Araral ​បាន​ថ្លែងថា៖ «ដូច្នេះ នៅ​ពេល [មេដឹកនាំ​អាស៊ាន] មាន​ឱកាស​ជួប​ជាមួយ​លោក​ប្រធានាធិបតី ស៊ី ជីនពីង ​ពួកគេ​ប្រហែល​រំពឹង​ថា​ លោក​ នឹង​ធ្វើ​ការ​ធានា​ទាំង​នោះ»។

ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ​លោក Vuving ​បាន​ថ្លែង​ថា ​លោក​ប្រធានាធិបតី ស៊ី ​លើក​ឡើង​ពី​បញ្ហា​អនុត្តរភាព​នេះ​ ក្រែងលោ​រដ្ឋាភិបាល​នៅ​តំបន់​អាស៊ី​អាគ្នេយ៍សង្ស័យ​ពីជំនួប​របស់​លោក​ ស៊ី ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក Joe Biden ​ឬ​កិច្ចព្រមព្រៀង​ចែក​រំលែក​បច្ចេកវិទ្យា​យោធា​ត្រី​ភាគី​ថា ​អាច​នឹង​ផ្លាស់ប្តូរ​ជំហរ​នយោបាយ​ភូមិសាស្ត្រ​របស់​ចិន​នៅ​ក្នុង​តំបន់ ​ឬ​យ៉ាង​ណា។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​យោធា​ត្រី​ភាគី​ AUKUS ​ដែល​ជា​កិច្ចព្រមព្រៀង​សន្តិសុខ​រវាង​សហរដ្ឋ​អាមេរិក ​ចក្រភព​អង់គ្លេស ​និង​អូស្ត្រាលី​ និង​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ទប់ទល់​នឹង​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន។

រវាង​ការផ្តួចផ្តើម​កិច្ចព្រមព្រៀង​ AUKUS ​និង​ជំនួប​ទ្វេភាគី​រវាង​ចិន​ និង​សហរដ្ឋ​អាមេរិក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​សប្តាហ៍​ទី៣​នៃ​ខែវិច្ឆិកា​កន្លង​ទៅ ​លោក Vuving ​គិត​ថា ​ចិន​ អាច​នឹង«មាន​អារម្មណ៍​ថា​ ពួកគេ​ត្រូវ​តែ​ផ្តល់​ការ​ធានា​បន្តិចបន្តួច​សាជា​ថ្មី​ដល់​ប្រទេស​ជិត​ខាង​នៅ​អាស៊ី​អាគ្នេយ៍»។​

លោក Araral បាន​ថ្លែង​ថា ​ខណៈចិន​ត្រូវ​បាន​គេ​រំពឹង​ថា «នឹង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន» នៅ​ទូទាំង​តំបន់​ដោយ​មិន​ចាំបាច់​ធ្វើ​ពាណិជ្ជកម្ម​ដោយ​ប្រថុយ​ដោយសារ​ការ​បិទ​ខ្សែ​ផ្លូវ​ទឹក​ក្នុង​សមុទ្រ​នោះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ក៏​អាច​នឹង​ព្យាយាម​ដណ្តើម​យក​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​រក្សា​វត្តមាន​កងទ័ព​ជើង​ទឹក​ជា​ប្រចាំ​នៅ​ក្នុង​តំបន់ ​និង​លក់​សព្វាវុធ​នៅ​ក្នុង​តំបន់។

រដ្ឋបាល​សហរដ្ឋ​អាមេរិក​ជាច្រើន​ជំនាន់​ បាន​ប្រកាស​ពី​ការ​គាំទ្រ​របស់​ខ្លួន​សម្រាប់​«តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី ​និង​បើក​ចំហ» ​និង​គិត​ថា​ «ការទាមទារ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​ធនធាន​នៅ​ក្នុង​សមុទ្រ​ក្នុង​ចំណែក​ភាគច្រើន​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ថា​ ជា​រឿង​ខុស​ច្បាប់​ទាំង​ស្រុង​ ហើយ​យុទ្ធនាការ​នៃ​ការបង្ក​រឿង​ដើម្បី​គ្រប់គ្រង​ចំណែក​ទាំង​នោះ​ ក៏​អ៊ីចឹង​ដែរ»។

សមាជិក​អាស៊ាន​ដែល​មិន​មាន​ការ​ទាមទារ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ មាន​កម្ពុជា ​ឡាវ ​មីយ៉ាន់ម៉ា​ សិង្ហបុរី ​និង​ថៃ៕

កំណត់សម្គាល់៖ វីអូអេ បានបញ្ចូលព័ត៌មានបន្ថែម​នៅក្នុង​សេចក្តី​រាយការណ៍​នេះ។