ចិនបានវាយបកវិញកាលពីថ្ងៃចន្ទ បន្ទាប់ពីពួកមេដឹកនាំដែលមានឧស្សាហកម្មជឿនលឿនជាងគេទាំង ៧ ហៅកាត់ថា G7 បានព្រមានរដ្ឋាភិបាលក្រុងប៉េកាំងឱ្យបញ្ឈប់ការបញ្ជូនគ្រឿងបម្លាស់អាវុធទៅឱ្យរុស្ស៊ី។ ចិនបាននិយាយថា សេចក្តីថ្លែងការណ៍នៃការបញ្ចប់សន្និសីទកំពូលរបស់ពួកគេនោះ គឺ«ពោរពេញដោយភាពក្រអឺតក្រទម លម្អៀងនិងការភូតកុហក»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
នៅពេលដែលបណ្តាមេដឹកនាំនៃក្រុមប្រទេសទាំង ៧ ជួបគ្នានៅក្នុងប្រទេសអ៊ីតាលី កាលពីសប្តាហ៍មុន ភាពជូរចត់នៃទំនាក់ទំនងពាណិជ្ជកម្មជាមួយចិននិងការតានតឹងអំពីប្រទេសអ៊ុយក្រែន និងសមុទ្រចិនខាងត្បូង បានក្លាយជាការផ្តោតការយកចិត្តទុកដាក់របស់ពួកគេ។
សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅឯចុងបញ្ចប់នៃសន្និសីទកំពូលកាលពីថ្ងៃសុក្រសប្តាហ៍មុនបានរិះគន់ចិនលើបញ្ហាជាច្រើននៃបញ្ហាទាំងនោះ។
សេចក្តីថ្លែងការណ៍នោះរួមមានការចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងពីការបញ្ជូនសម្ភារៈសម្រាប់ប្រើពីរយ៉ាងទៅរុស្ស៊ីដែលសេចក្តីថ្លែងការណ៍នោះបាននិយាយថា កំពុងជួយការខំប្រឹងប្រែងធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។
កាលពីថ្ងៃចន្ទម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បាននិយាយថា សេចក្តីថ្លែងការណ៍នោះបាន «និយាយមួលបង្កាច់និងវាយប្រហារចិន»។
ក្រុមប្រទេស G7 រួមមានសហរដ្ឋអាមេរិក ជប៉ុន បារាំង អាល្លឺម៉ង់ កាណាដា ចក្រភពអង់គ្លេសនិងប្រទេសអ៊ីតាលី ក៏បានរិះគន់អ្វីដែលខ្លួនបានហៅថា «ការឈ្លានពាន» ប្រកបដោយគ្រោះថ្នាក់ដោយចិននៅក្នុងសមុទ្រចិនខាងត្បូង។
ការព្រួយបារម្ភពីការរាលដាលយោធាកាន់តែធំឡើងរវាងចិននិងប្រទេសជិតខាងរបស់ខ្លួនកំពុងកើន ឡើង ហើយកាលពីថ្ងៃចន្ទម្សិលមិញ នាវាហ្វីលីពីននិងចិនបានបុកគ្នានៅជិតខ្ពង់រាបបាតសមុទ្រ Second Thomas។ នេះបើតាមឆ្មាំការពារដែនសមុទ្រចិន៕