ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា អ្នកការទូតកំពូលរបស់ចិនលោក Wang Yi នឹងបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែសីហា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា «លោក Wang Yi នឹងធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា និងធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទីប្រាំបួន»។
លោក Lin បាននិយាយថា លោក Wang ក៏នឹងចូលរួមក្នុង «ការពិភាក្សាក្រៅផ្លូវការ» រវាងសមភាគីឡាវ មីយ៉ាន់ម៉ា និងថៃផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់មីយ៉ាន់ម៉ាបានរាយការណ៍ថា កាលពីសប្តាហ៍មុន បេសកជនពិសេសរបស់ចិនសម្រាប់កិច្ចការអាស៊ីបានជួបជាមួយប្រមុខរបបយោធាមីយ៉ាន់ម៉ានៅរដ្ឋធានី Naypyidaw សម្រាប់កិច្ចពិភាក្សាស្តីពី «សន្តិភាព និងស្ថិរភាព» នៅតាមបណ្តោយព្រំដែនរួមគ្នារបស់ពួកគេ ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមឧទ្ទាមជនជាតិភាគតិចដណ្តើមបានបញ្ជាការយោធាក្នុងតំបន់៕