ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ដែលជាជំនួយរបស់ចិននៅមូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកថា នេះជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ដែលប្រទេសទាំងពីរមិនអាចអត់ឱនបានឡើយ។
នៅក្នុងសារអ៊ីម៉ែលឆ្លើយតបនឹងសំណួររបស់វីអូអេកាលពីពេលថ្មីៗនេះ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបានលើកឡើងថា ប្រទេសចិនតែងតែប្រឆាំងនឹង«ការដាក់ទណ្ឌកម្មជាឯកតោភាគី» និង«អំណាចយុត្តាធិការហួសព្រំដែន»របស់សហរដ្ឋអាមេរិក។ ស្ថានទូតបន្ថែមថា ចិនក៏ប្រឆាំងនឹងការជ្រៀតជ្រែកយ៉ាងខ្លាំងចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃដែរ។
ស្ថានទូតនេះបញ្ជាក់ថា៖ «កិច្ចសហប្រតិបត្តិការដោយស្មើភាព និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងចិននិងកម្ពុជាមិនអាចអត់ឱនឡើយចំពោះការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ»។
បើតាមស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ចិននិងកម្ពុជា ជា«មិត្តល្អ» ហើយបានសហការគ្នាយ៉ាងសកម្មលើផ្នែកជាច្រើន ក្នុងនោះ ក៏មានគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្ម (BRI) «ក្នុងស្មារតីស្អាតស្អំ បៃតង និងដោយចំហ» ដែលមិនត្រឹមតែផ្តល់ប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរទេ ប៉ុន្តែវាថែមទាំងចូលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញបាននៅឡើយទេ។
ប៉ុន្តែកាលពីកន្លងទៅ លោក Chad Roedemeier អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិកធ្លាប់បានអត្ថាធិប្បាយថា ការវិវឌ្ឍនាពេលថ្មីៗនេះនៅក្នុងប្រទេសកម្ពុជា ដូចជាការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ឧក្រិដ្ឋកម្មឆ្លងដែន និងការរំលោភសិទ្ធិមនុស្សជាដើម បានគំរាមកំហែងដល់ទាំងផលប្រយោជន៍សន្តិសុខរបស់សហរដ្ឋអាមេរិក និងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជា។
កាលពីសប្តាហ៍មុន ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក និងក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសបញ្ចូលឈ្មោះរបស់ឧត្តមសេនីយ៍ពីររូប គឺនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងនាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹកឲ្យស្ថិតនៅក្នុងបញ្ជីខ្មៅនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងអំពើពុករលួយ និងការរំលោភសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា។
ចំណាត់ការរបស់សហរដ្ឋអាមេរិកលើមន្ត្រីជាន់ខ្ពស់ទាំងពីររូបធ្វើឡើងដោយយោងទៅលើការអភិវឌ្ឍតំបន់កងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុដែលសហរដ្ឋអាមេរិកបង្ហាញការមិនសប្បាយចិត្តនឹងការវាយបំផ្លាញចោលអគារដែលជាជំនួយរបស់ខ្លួន។ សហរដ្ឋអាមេរិកធ្លាប់បានចោទប្រកាន់កម្ពុជាថា អាចនឹងអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពចិននៅទីនោះ ប៉ុន្តែកម្ពុជា បានបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់នេះ។
លោក ទៀ វិញ បានបដិសេធមិនអត្ថាធិប្បាយភ្លាមៗ ពេលវីអូអេទាក់ទងតាមទូរស័ព្ទ។ វីអូអេ មិនអាចសុំការអត្ថាធិប្បាយពីលោក ចៅ ភិរុណ បាននៅឡើយទេ។
ជាការឆ្លើយតបនឹងការដាក់ទណ្ឌកម្មនេះ ក្រសួងការបរទេសកម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការចំពោះ«អំណាចយុត្តាធិការហួសព្រំដែន»របស់សហរដ្ឋអាមេរិកមកលើមន្ត្រីកម្ពុជាក្រោម«ការចោទប្រកាន់គ្មានមូលដ្ឋានដែលធ្វើឡើងដោយហេតុផលភូមិសាស្រ្តនយោបាយ»។ ក្រសួងការបរទេសកម្ពុជាបន្ថែមថា ការដាក់ទណ្ឌកម្មនេះបង្ហាញ«ការមាក់ងាយទាំងស្រុងដល់ឯករាជ្យភាព និងជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀត»។
លោក មាស នី អ្នកវិភាគនយោបាយនៅកម្ពុជា ថ្លែងថា លោកបារម្ភថា កម្ពុជា ធ្លាក់ចូលក្នុងភូមិសាស្រ្តនយោបាយ ដោយមិនបានគិត ឬក៏មិនមានជម្រើស ហើយប្រទេសមហាអំណាចទាញកម្ពុជាចូលក្នុងការប្រកួតប្រជែងនេះ។ លោកបន្ថែមថា ការដាក់ទណ្ឌកម្មរបស់អាមេរិកដោយសារការធ្លាក់ចុះប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាអាចលាយឡំជាមួយភូមិសាស្រ្តនយោបាយផងដែរ នៅពេលខាងមុខ។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រថា៖ «ទណ្ឌកម្មចុងក្រោយនេះ វាជាឧទាហរណ៍មួយថា វានឹងអាចមានភាពចម្រូងចម្រាសច្រើនទៀត ទាក់ទងទៅនឹងការចោទប្រកាន់ទៅលើភូមិសាស្រ្តនយោបាយនេះ»។
លោក អៀ សុផល អ្នកតាមដាននយោបាយកម្ពុជា និងជាព្រឹទ្ធបុរសរងទទួលបន្ទុកផ្នែកអភិវឌ្ឍន៍នៅសាកលវិទ្យាល័យរដ្ឋ Arizona ប្រាប់វីអូអេតាមសារអ៊ីម៉ែលនៅថ្ងៃសុក្រថា ការប្រើពាក្យពេចន៍របស់ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ដូចគ្នានឹងសេចក្តីថ្លែងការណ៍ប្រតិកម្មរបស់ក្រសួងការបរទេសកម្ពុជា ដែលលោកសំដៅលើពាក្យ«អំណាចយុត្តាធិការហួសព្រំដែន» ឬជាភាសាអង់គ្លេសថា «long-arm jurisdiction»។ លោកបានរំឭកដល់ព្រឹត្តិការណ៍ប្រជុំអាស៊ាននៅទីក្រុងភ្នំពេញ កាលពីឆ្នាំ២០១២ ដែលពេលនោះកម្ពុជាធ្វើជាប្រធានអាស៊ាន ហើយលើកឡើងថា អាស៊ានមិនត្រូវយកបញ្ហាសមុទ្រចិនខាងត្បូង ជាបញ្ហាពហុអន្តរជាតិ។
លោកបន្ថែមថា គម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ចិន ឬ BRI មានគុណសម្បត្តិ និងគុណវិបត្តិ ប៉ុន្តែវានៅតែជាចម្ងល់ខ្លាំងសម្រាប់រូបលោកចំពោះការលើកឡើងថា គម្រោង BRI នាំមកនូវភាពបៃតង និងភាពស្អាតស្អំ ដែលលោកថា វាមានអំពើពុករលួយនៅក្នុងនោះ។
លោក អៀ សុផល បន្ថែមថា ទណ្ឌកម្មរបស់អាមេរិកមកលើមន្ត្រីជាន់ខ្ពស់កម្ពុជាគ្រាន់តែជាដំណាក់កាលដំបូងនៃវិធានការរបស់អាមេរិក ដោយលោកថា ឈ្មោះជាច្រើនទៀត នឹងត្រូវបញ្ចូលក្នុងបញ្ជីទណ្ឌកម្មនៅពេលអនាគត ហើយប្រហែលជារាប់រយនាក់ទៀតផង។ លោកបន្ថែមថា ហើយក៏នឹងមានចំណាត់ការស្រួចស្រាល់ពីសភាអាមេរិកផងដែរ លើការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា៕