ចិន​និយាយថា ​កងទ័ព​អាច​ត្រូវ​ដាក់​ពង្រាយ​​ទៅតាម​សំណើ​របស់​ក្រុង​ហុងកុង

រូបឯកសារ៖ បាតុករប៉ះទង្គិចគ្នាជាមួយប៉ូលិសបង្រ្កាបបាតុកម្មនៅកោះហុងកុង កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។

ទីក្រុង​ហុងកុង​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ដ៏​អាក្រក់​​នៅ​​ពេល​ថ្មី​ៗ​នេះ​បន្ទាប់​ពី​បាតុករ​រាប់​លាន​នាក់​បាន​ចេញ​មក​តាម​ផ្លូវនានា ​ហើយ​មានការ​ប្រឈមមុខ​ដោយ​ហិង្សា​ម្តង​កាល​រវាង​ប៉ូលិស​និង​ក្រុម​បាតុករ​ទទឹង​រឹងរូស​មួយ​ចំនួន​តូច។

ចិនបាន​ចេញ​ការ​ក្រើនរំឭក​ដ៏​សោះកក្រោះ​មួយនៅ​ថ្ងៃ​ពុធ​នេះ​ថា កងទ័ព​របស់​ខ្លួន​អាច​ត្រូវ​ដាក់​ពង្រាយ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ​ប្រសិនបើពួក​អាជ្ញា​ធរ​ទីក្រុង​នោះ​ស្នើសុំ​ការ​ជួយ​ឧបត្ថម្ភ​ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​សាធារណៈ​ បន្ទាប់​ពី​ការ​តវ៉ា​ប្រឆាំង​ដោយ​ហិង្សា​អស់​រាប់​សប្តាហ៍​មក។

ទីក្រុង​ហុងកុង​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ដ៏​អាក្រក់នៅពេល​ថ្មី​ៗ​នេះ​បន្ទាប់​ពី​បាតុករ​រាប់​លាន​នាក់​បាន​ចេញ​មក​តាម​ផ្លូវនានា ​ហើយ​មានការ​ប្រឈមមុខ​ដោយ​ហិង្សា​ម្តង​កាល​រវាង​ប៉ូលិស​និង​ក្រុម​បាតុករ​ទទឹង​រឹងរូស​មួយ​ចំនួន​តូច។

បាតុកម្មបាន​កើត​មាន​ឡើង​ដោយ​សារ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​ ដែល​នឹង​អនុញ្ញាតិ​ឲ្យ​ធ្វើ​បត្យា​ប័ន​អ្នកមាន​ទោស​ទៅ​កាន់​ប្រទេស​ចិន​ដីគោក ​ក៏ប៉ុន្តែបាន​វិវត្តន៍​ទៅជា​ការអំពាវនាវ​ឲ្យ​មានការ​ធ្វើ​កំណែ​ទម្រង់​តាម​បែ​ប្រជា​ធិបតេយ្យ​កាន់​តែ​ខ្លាំង​ឡើង។

រដ្ឋាភិបាល​ក្រុង​ប៉េកាំងបាន​ចាត់​ទុក​បាតុកម្ម​នេះ​ជា «អំពើ​ហិង្សា​ខុស​ច្បាប់» ក៏ប៉ុន្តែបាន​ទុក​ឲ្យរដ្ឋាភិបាល​របស់​ទីក្រុង​ពាក់​កណ្តាល​ស្វ័យភាព​នោះ​ដោះ​ស្រាយ​ស្ថាន​ភាព​ដោយ​ខ្លួន​ឯង។

លោក Wu Qian អ្នកនាំ​ពាក្យ​ក្រសួងការ​ពារ​ប្រទេស​ចិន បាន​និយាយ​នៅឯ​សន្និ​សីទ​កាសែត​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ថា ក្រសួង​ការពារ​ប្រទេស​ចិនបាន​តាម​ដាន​យ៉ាង​ដិត​ដល់​ដល់​ស្ថាន​ភាព​នៅ​ក្នុង​ទីក្រុង​ហុងកុង។

នៅ​ពេល​សួរ​ថាតើ​ក្រសួង​ការពារ​ប្រទេស​នឹង​ដោះ​ស្រាយ​ស្ថាន​ភាព​នៅ​ក្នុង​ទី​ក្រុង​នោះ​យ៉ាង​ដូចម្តេច លោក Wu ​បាន​និយាយថា ​មានការ​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​មាត្រាទី១៤​របស់​ច្បាប់​ទីក្រុង​ហុងកុង ក៏ប៉ុន្តែមិន​បាន​និយាយ​លម្អិត​ទេ។

​តាម​មាត្រា​នោះ អាជ្ញាធរ​ក្រុង​ហុងកុងអាច​សើ្នសុំ​រដ្ឋាភិបាល​កណ្តាល​នូវ​ជំនួយ​ឧបត្ថម្ភ​ឲ្យ​ដាក់​ពង្រាយ​កងទ័ពដើម្បី​រក្សា​សន្តាប់​ធ្នាប់​សាធារណៈ​និង​ជួយផ្តល់​ជំនួយ​សង្គ្រោះ​ «នៅពេល​ចាំបាច់»។

នេះ​ជាលើក​ទី​មួយ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​បាន​និយាយ​ជាសាធារណៈ​ដល់​លទ្ធ​ភាព​នៃ​ការ​ដាក់​ពង្រាយ​កងទ័ព​រំដោះ​ប្រជា​ជនឬ PLA ដើម្បី​ដោះ​ស្រាយ​ភាព​ចលាចល​នៅ​ក្នុង​ទីក្រុង​ហុងកុង៕