ចិន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក​បន្ទាប់ពី​អាមេរិក​ផ្ដល់​ជំនួយ​យោធា​ដល់​តៃវ៉ាន់

រូបឯកសារ៖ ទង់ជាតិអាមេរិក និងចិនគ្រវីនៅឧទ្យាន Genting Snow ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងទីក្រុង Zhangjiakou ប្រទេសចិន។

កាលពី​ថ្ងៃ​សុក្រ ប្រទេស​ចិន​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក​ចំនួន ៧ បន្ទាប់ពី​រដ្ឋាភិបាល​អាមេរិក​បាន​យល់ព្រម​ផ្ដល់​ជំនួយ​យោធា​ចំនួន ៥៧១,៣ លាន​ដុល្លារ​ដល់​តៃវ៉ាន់​កាលពី​សប្ដាហ៍​មុន និង​បាន​បញ្ជាក់​ថា​ជំនួយ​នេះ​ប៉ះពាល់​ដល់ «អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី» របស់​ខ្លួន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​អនុញ្ញាត​ផ្ដល់​ជំនួយ​យោធា​ចំនួន​រហូត​ដល់ ៥៧១,៣ លាន​ដុល្លារ​ដល់​តៃវ៉ាន់។

ក្រសួង​ការបរទេស​ចិន​បាន​បញ្ជាក់​នៅ​ពេល​ប្រកាស​អំពី​ការ​ដាក់​ទណ្ឌកម្ម​នេះ​ថា ទង្វើ​របស់​សហរដ្ឋ​អាមេរិក «ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​ប៉ះពាល់​ដល់​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ចិន»។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​រិះគន់​លើ​កញ្ចប់​ថវិកា​ផ្នែក​ការពារ​ជាតិ​ឆ្នាំ ២០២៥ របស់​សហរដ្ឋ​អាមេរិក ដែល​ក្នុង​នោះ​រួម​មាន​ទាំង​គម្រោង​ផ្ដួចផ្ដើម​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​ជាមួយ​តៃវ៉ាន់​និង​ការ​អំពាវនាវ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ការពារ​កាន់តែ​រឹងមាំ​ជាងមុន​ជាមួយ​នឹង​តៃវ៉ាន់​ផងដែរ។

រដ្ឋាភិបាល​ចិន​នឹង​បង្កក​ទ្រព្យសម្បត្តិ​នៅក្នុង​ប្រទេស​ចិន​របស់​ក្រុមហ៊ុន​ផ្នែក​ការពារ​របស់​អាមេរិក​ដូចជា​ក្រុមហ៊ុន Insitu ក្រុមហ៊ុន Hudson Technologies ក្រុមហ៊ុន Saronic Technologies ក្រុមហ៊ុន Aerkomm និង​ក្រុមហ៊ុន Oceaneering International ក៏ដូចជា​ក្រុមហ៊ុន Raytheon នៅក្នុង​ប្រទេស​កាណាដា​និង​សាខា​នានា​របស់​ក្រុមហ៊ុន​នេះ​នៅ​អូស្ត្រាលី​ផងដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​ចិន។

ទណ្ឌកម្ម​ទាំងនេះ ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​សុក្រ ក៏​ហាមឃាត់​ក្រុមហ៊ុន​ទាំងនេះ​ផងដែរ​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ជាមួយ​អង្គភាព​និង​បុគ្គល​នានា​នៅ​ក្នុង​ប្រទេស​ចិន៕