ប្រធានាធិបតី​ចិន​ប្តេជ្ញា «គាស់​រម្លើង​អំពើ​ពុករលួយ»

ប្រធានាធិបតីចិន​លោក Xi Jinping ថ្លែង​នៅទីក្រុង​ Macao កាលពីថ្ងៃទី​១៩ ធ្នូ ឆ្នាំ២០២៤។

ប្រធានាធិបតីចិន​លោក Xi Jinping បាន​ប្តេជ្ញា​កាល​ពី​ថ្ងៃ​ចន្ទ​ថា​នឹង «គាស់​រម្លើង​អំពើ​ពុករលួយ» ខណៈ​ពេល​មេដឹកនាំ​កំពូលៗ​របស់​ចិន​ជួប​ប្រជុំ​គ្នា​ក្នុង​ទីក្រុង​ប៉េកាំង​អំពី​ការ​លើក​ផែនការ​ប្រចាំ​ឆ្នាំ​របស់​ទីភ្នាក់ងារ​វិន័យ​កំពូល​របស់​ចិន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ CCTV របស់​ចិន លោក Xi បាន​ថ្លែង​ថា៖ «យើង​ត្រូវតែ​រក្សា​ការ​តាំងចិត្ត​និង​ភាព​ស្វិតស្វាញ​របស់​យើង...ហើយ​ដាច់ខាត​ត្រូវ​ប្រយុទ្ធ​និង​គាស់​រម្លើង​អំពើ​ពុករលួយ​ឲ្យ​ខាង​តែបាន»។

មេដឹកនាំ​ចិន​រូប​នេះ​បាន​បើក​យុទ្ធនាការ​ផ្លូវការ​យ៉ាង​ទូលំទូលាយ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​តាំងពី​លោក​បាន​ឡើង​កាន់​អំណាច​ជាង ១០ ឆ្នាំ​មុន​មក។

អ្នក​គាំទ្រ​យុទ្ធនាការ​នេះ​ថា​គោល​នយោបាយ​នេះ​លើកកម្ពស់​អភិបាលកិច្ច​ស្អាតស្អំ តែ​អ្នក​ខ្លះ​ថា​វា​ក៏​ត្រូវ​បាន​ប្រើ​ជា​មធ្យោបាយ​សម្រាប់​ឲ្យ​លោក Xi កម្ចាត់​គូ​បដិបក្ស​នយោបាយ​របស់​លោក​ផងដែរ។

កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន បក្ស​កុម្មុយនីស្ត​ដែល​កំពុង​កាន់​អំណាច​នៅ​ចិន​បាន​ព្យួរ​ការងារ​លោក​នាយ​ឧត្តមនាវី Miao Hua ហើយ​ធ្វើការ​ស៊ើបអង្កេត​លើ​រូប​លោក​ពី​បទ «បំពាន​វិន័យ​ធ្ងន់ធ្ងរ» ដែល​ជា​ពាក្យ​សម្រាល​ទូទៅ​នៅ​ចិន​ជំនួស​ឲ្យ​ពាក្យ «អំពើពុករលួយ»។ កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន ចិន​ក៏​បាន​ប្រហារ​ជីវិត​អតីត​មន្ត្រី​ម្នាក់​ដែល​ធ្វើការ​នៅ​តំបន់​ស្វយ័ត Inner Mongolia ពី​បទ​ឧក្រិដ្ឋ​មួយ​ចំនួន​ដែល​រួម​មាន​ទាំង​អំពើ​ស៊ី​សំណូក​សូកប៉ាន់​និង​ការ​ចាត់ចែង​ថវិកា​សាធារណៈ​មិន​ត្រឹមត្រូវ​ផងដែរ។

កាលពី​ថ្ងៃ​ចន្ទ លោក Xi បាន​ចាត់ទុក​អំពើ​ពុករលួយ​ថា​ជា «ការ​គំរាមកំហែង​ដ៏​ធំ​បំផុត» ចំពោះ​បក្ស​កុម្មុយនីស្ត​ចិន ដោយ​លោក​បាន​បន្ថែម​ថា៖ «ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នៅតែ​មាន​សភាព​ធ្ងន់ធ្ងរ​និង​សាំញ៉ាំ»។

លោក Xi បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​គណៈ​មជ្ឈិម​បក្ស​ទទួល​បន្ទុក​អធិការកិច្ច​វិន័យ​ថា ករណី​ជាច្រើន​នៃ​អំពើ​ពុករលួយ​នៅតែ​បន្ត​កើតឡើង។ លោក​បាន​បន្ថែម​ថា​ការ​លុប​បំបាត់​ស្ថានភាព​ដែល​ញ៉ាំង​ឲ្យ​មាន​អំពើ​ពុករលួយ​នៅតែ​ជា​ភារកិច្ច​ដ៏​លំបាក៕