សមាជគណបក្សកុម្មុយនីស្តលើកទី ២០ របស់ប្រទេសចិន ដែលនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យខាងមុខ ត្រូវគេរំពឹងថានឹងផ្ដល់ឱកាសឱ្យប្រធានាធិបតីចិនលោក Xi Jinping ធ្វើជាប្រធានាធិបតីគ្រប់គ្រងប្រទេសនៅអាណត្តិទី ៣ ជាប្រវត្តិសាស្ត្រជាបន្តទៀត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ប្រសិនបើអ្វីៗគ្រប់យ៉ាងដំណើរការដូចការគ្រោងទុក នៅចុងសមាជគណបក្សកុម្មុយនីស្តចិនដែលធ្វើឡើងពីរដងក្នុងមួយទសវត្សរ៍នេះ លោក Xi Jinping ដែលមានវ័យ ៦៩ ឆ្នាំរូបនេះនឹងត្រូវបានគេជ្រើសរើសជាអគ្គលេខាធិការគណបក្សជាបន្តទៀត ដោយធ្វើឱ្យលោកក្លាយជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិនតាំងពីសម័យលោក Mao Zedong ធ្វើជាប្រធានាធិបតីចិនមក។
សន្តិសុខត្រូវបានបង្កើននិងរឹតបន្តឹងនៅជុំវិញទីលាន Tiananmen នៅក្នុងទីក្រុងប៉េកាំង ដែលនៅទីនោះនៅថ្ងៃអាទិត្យខាងមុខនេះ ប្រតិភូជិត ២.៣០០ នាក់មកពីគ្រប់ខេត្តនៅក្នុងប្រទេសចិននឹងមកចូលរួមនៅក្នុងសមាជគណបក្សនេះនៅក្នុងសាល Great Hall of the People។
នៅក្នុងសមាជនេះ អ្នកចូលរួមនឹងជ្រើសរើសគណៈកម្មាធិការមជ្ឈិមបក្សដែលមានសមាជិកចំនួនប្រហែល ២០០ នាក់ ដែលសមាជិកទាំងនេះនឹងជ្រើសរើសគណៈកម្មាធិការប្រតិបត្តិដែលមានសមាជិក ២០ នាក់ និងគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្ស។
លោក Jean-Philippe Beja ដែលជាអ្នកសិក្សាអំពីប្រទេសចិនបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «អ្វីៗត្រូវបានរៀបចំទុកជាមុនរួចរាល់ហើយ ដោយសារតែសមាជនេះនឹងមិនធ្វើឡើងនោះទេ ប្រសិនបើក្រុមនានានៅក្នុងជួរគណបក្សមិនមានការឯកភាពគ្នា»៕
លោក Xi Jinping ត្រូវគេរំពឹងថានឹងត្រូវសមាជបក្សកុម្មុយនីស្តចិនជ្រើសរើសឱ្យធ្វើជាមេដឹកនាំបន្តទៀត
ទីក្រុងប៉េកាំង ប្រទេសចិន —