ប្រធានាធិបតី​ចិន​ជួប​​​​​​​​​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ ដើម្បី​​​​បង្ហាញ​ការ​គាំទ្រ​ប្រឆាំង​នឹង​​​ប្រទេស​​លោកខាងលិច​កាន់លទ្ធិ​​​ប្រជាធិបតេយ្យ

ប្រធានាធិបតី​ចិន​លោក Xi Jinping ចាប់ដៃ​ជាមួយ​នាយករដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov អំឡុង​កិច្ច​ប្រជុំ​របស់​ពួកគេ​នៅ​ក្នុង​ទីក្រុងប៉េកាំង​ប្រទេស​ចិន​កាលពី​ថ្ងៃទិ​០៩ មេសា ឆ្នាំ២០២៤។(Russian Foreign Ministry/Handout via Reuters)

ប្រធានាធិបតីចិន​លោក Xi Jinping បានជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov កាលពី​ថ្ងៃអង្គារ​ទី​៩​ ខែមេសា​ ដើម្បីបង្ហាញ​ការ​គាំទ្រ​គ្នាទៅវិញ​ទៅ​មកនិង​ការជំទាស់ដូចគ្នានឹងពួកប្រទេស​លោក​ខាង​លិច​កាន់លទ្ធិប្រជាធិបតេយ្យ​នៅ​ពេលរដ្ឋាភិបាល​ក្រុង​ម៉ូស្គូបន្តលុកលុយប្រទេស​អ៊ុយក្រែន។​

បើ​តាមបណ្តាញព័ត៌មានរុស្ស៊ីថា​ លោក Lavrov បាន​និយាយប្រាប់​លោក Xi​ ថា៖ «យើងសូម​សម្តែងអំណរគុណខ្លាំង​បំផុត​និង​ការ​ពេញ​ចិត្ត​របស់យើងអំពីជោគជ័យដែល​លោក​បាន​សម្រេច​ក្នុង​រយៈពេល​ច្រើន​ឆ្នាំមក​ហើយ ​ហើយ​សំខាន់បំផុត គឺក្នុង​ពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​នៅ​ក្រោម​ការ​ដឹកនាំរបស់​លោក»។

លោក​ Lavrov បាន​ថ្លែង​ថា៖ «យើងពេញ​ចិត្ត​នឹងជោគជ័យ​ទាំងនេះ ពីព្រោះជាជោគជ័យ​របស់​មិត្ត ទោះជា​មិនមែន​គ្រប់គ្នាក្នុង​ពិភពលោកមាន​ឥរិយាបថនេះក៏ដោយ ​ហើយ​ជន​ទាំង​នេះ​ប្រឹងប្រែងតាមវិធី​គ្រប់បែប​យ៉ាងដើម្បីរារាំងការអភិវឌ្ឍន៍នៃ​ប្រទេស​ចិន - ដូច​ការរារាំង​ប្រទេស​រុស្ស៊ី​ដែរ»។

ភាពឯកោខាង​សេដ្ឋកិច្ច​និង​ខាង​ការទូត​ច្រើន​ជាង​មុនរបស់​រុស្ស៊ីបាន​នាំ​ឱ្យ​ប្រទេស​នេះ​ពឹង​ពាក់​លើ​ចិនកាន់តែខ្លាំង​ជាង​មុន។​ ប្រទេស​ចិន​ជា​អតីត​គូ​ប្រជែងរបស់រុស្ស៊ីដើម្បី​ដឹកនាំ​ប្លុក​កុម្មុយនីស្ត​ក្នុង​ពេល​សង្គ្រាម​ត្រជាក់។ ប៉ុន្តែ​ក្នុង​ប៉ុន្មានទសវត្សរ៍​ក្រោយៗ​មក​នេះ​ ប្រទេស​ទាំង​ពីរ​នេះ​មាន​គោល​នយោបាយ​ការបរទេសស្របគ្នា ធ្វើ​សមយុទ្ធយោធា​រួមគ្នា​និង​ស្វះស្វែង​ប្រមែប្រមូលពួក​រដ្ឋ​មិន​ចូល​បក្ស​សម្ព័ន្ធ​នៅ​ក្នុង​អង្គការ​នានាដូចជាអង្គការ​កិច្ច​សហប្រតិបត្តិការ Shanghai ជាដើម។

លោក Lavrov បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​កាលពី​ព្រឹក​ថ្ងៃ​អង្គារទី​៩​ ខែ​មេសា​ជាមួយ​លោក Wang Yi សមភាគី​ចិន​របស់​លោក​ដែល​នៅ​ពេល​នោះ​លោក​ទាំង​ពីរបាន​បញ្ជាក់​ជា​ថ្មី​សាមគ្គីភាព​ក្នុងកិច្ចការ​អន្តរជាតិ។

លោក Lavrov បាន​និយាយថា រុស្ស៊ី​និង​ចិនជំទាស់​នឹងព្រឹត្តិការណ៍អន្តរជាតិទាំង​ឡាយ​ណាដែល​មិន​គិតគូរ​អំពីគោលជំហររបស់​រុស្ស៊ី។

លោកបាន​ថ្លែង​ថា៖ «អ្វី​ហៅ​ថា​រូបមន្ត​សន្តិភាព»​ របស់​ប្រធានាធិបតីអ៊ុយក្រែន​លោក​ Volodymyr Zelensky​ ជា​«ការដាច់​ស្រឡះ​ពី​ការពិត»។

លោក Zelensky បានអំពាវនាវឱ្យ​កងកម្លាំង​រុស្ស៊ីដក​ថយ​ចេញពី​អ៊ុយក្រែននិង​ប្រគល់​ឱ្យ​អ៊ុយក្រែន​វិញ​នូវ​ដែនដីដែល​រុស្ស៊ី​កាន់កាប់។​ តែអ៊ុយក្រែន​ពឹង​ពាក់​ខ្លាំង​លើ​ការ​គាំទ្រ​ពីសហរដ្ឋ​អាមេរិក ដែលនៅ​ទីនោះពួក​សាធារណរដ្ឋ​ជា​ក្រុម​ភាគ​ច្រើន​ក្នុងរដ្ឋសភា​បានរាំង​ខ្ទប់កញ្ចប់ជំនួយ​យោធាថ្មី​មួយ។

ចិន​និង​រុស្ស៊ីជាដៃគូខាង​ការទូតសំខាន់​បំផុត ដោយ​ប្រទេស​ទាំង​ពីរ​នេះ​កាន់កាប់អាសនៈ​អចិន្ត្រៃយ៍នៃក្រុមប្រឹក្សា​សន្តិសុខអ.ស.ប.ហើយ​ធ្វើការ​ជាមួយ​គ្នាដើម្បី​រាំង​ខ្ទប់​ការ​ផ្តើម​គំនិត​របស់​សហរដ្ឋ​អាមេរិកនិង​សម្ពន្ធមិត្ត​អាមេរិក​សម្រាប់​ផ្សព្វផ្សាយគុណតម្លៃ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ពី​ប្រទេសវ៉េណេស៊ុអេឡាដល់ប្រទេស​ស៊ីរី។

ទោះជា​ចិន​មិនបាន​ផ្តល់​ការ​គាំទ្រយោធា​ដោយ​ផ្ទាល់​ដល់​រុស្ស៊ី​ក៏​ដោយ ក៏​ប្រទេស​នេះបាន​ទ្រទ្រង់​រុស្ស៊ី​ខាង​ការទូតដោយ​បាន​បន្ទោសក្រុម​ប្រទេស​លោកខាងលិច​ថា​បង្ក​រឿង​ឱ្យប្រធានាធិបតីរុស្ស៊ី Vladimir Putin សម្រេច​ចិត្តធ្វើ​សង្គ្រាម ហើយចិនក៏​មិន​បាន​ហៅសង្គ្រាម​នេះ​ថា​ ជា​ការលុកលុយ​ឡើយដោយការពារវិមានក្រឹមឡាំង។ ​ចិន​បាន​និយាយដែរ​ថា ខ្លួន​មិន​បានផ្តល់អាវុធ​និង​ជំនួយ​យោធា​ឱ្យ​រុស្ស៊ី​ទេ ទោះជា​ខ្លួនបាន​រក្សាការទាក់ទងសេដ្ឋកិច្ច​រឹងមាំ​ជាមួយ​រដ្ឋាភិបាល​ក្រុងម៉ូស្គូ​ ដូច​ឥណ្ឌា​និង​ប្រទេស​ឯ​ទៀតៗ​ដែរ​ក៏ដោយ ក្នុង​ពេលរដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​នឹង​ពួក​សម្ពន្ធមិត្តខ្លួនបាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​នេះ លោក​ Wang បាន​អំពាវនាវជា​ថ្មី​ទៀតឱ្យ​មាន​ការ​ឈប់​បាញ់​គ្នា​និង​«ការ​បញ្ចប់​សង្គ្រាម​នេះ​ឆាប់ៗ»។

លោក Wang បានថ្លែង​ថា៖ «ចិន​គាំទ្រ​ការ​ប្រជុំ​នៅពេល​សមរម្យ​ណាមួយ​នៃ​សន្និសីទអន្តរជាតិ​មួយ​ ​ទទួល​ស្គាល់ដោយ​ទាំងរុស្ស៊ី​និង​អ៊ុយក្រែនដែល​ភាគី​ទាំងអស់​អាចចូលរួម​ដោយ​ស្មើ​ភាព​គ្នា​និងពិភាក្សា​ដំណោះស្រាយ​សន្តិភាព​ទាំងអស់​ដោយ​យុត្តិធម៌»។

សំណើសន្តិភាពរបស់​ចិនទទួល​បានការ​គាំទ្រតិចតួច ​មួយ​ផ្នែក​ដោយសារប្រទេស​នេះនៅ​តែ​ទ្រទ្រង់​រុស្ស៊ី​តទៅ​ទៀត​និង​កង្វះ​ចក្ខុវិស័យ​អំពី​ដំណោះស្រាយ​សម្រាប់​ពេល​អនាគត ជា​ពិសេស​អំពី​ជោគវាសនានៃ​ដែនដី​អ៊ុយក្រែន​ដែល​ត្រូវ​កាន់កាប់​និងអ្នកស្រុកតំបន់​ទាំង​នោះ។

លោក Wang ក៏បាន​ពោល​ដែរ​ថា​ ​លោក Xi និង​លោក Putin​ នឹងបន្តការ​ផ្លាស់ប្តូរ​យោបល់​គ្នា​តទៅ​ទៀត​នៅ​ឆ្នាំ​នេះ ដោយ​រំពឹង​ថា ​នឹង​មាន​ទស្សនកិច្ច​ទៅកាន់​រដ្ឋធានី​នៃ​ប្រទេស​នីមួយៗ​ផង​ដែរ។

លោក Wang បាននិយាយថា៖ «ទំនាក់ទំនង​រវាងចិន​និង​រុស្ស៊ីឡើងចុះ ហើយ​ភាគី​ទាំង​ពីរ​បាន​ទាញ​មេរៀន​ពីបទពិសោធន៍​ប្រវត្តិសាស្ត្រ​ ហើយ​បាន​រក​ឃើញ​មាគ៌ាត្រឹមត្រូវ​មួយ​សម្រាប់​ឧបត្ថម្ភ​ផ្ចុងផ្ដើមការទាក់ទងគ្នា​ជា​ទ្វេភាគី​ដ៏​ល្អ​ប្រសើរ​និង​មាន​ស្ថិរភាព។ ទំនាក់ទំនង​ល្អប្រសើរនៅ​ពេល​សព្វ​ថ្ងៃ​នេះ​រវាង​ចិន​និង​រុស្ស៊ី​កើត​ឡើង​ពី​ការ​ខិតខំ​យ៉ាង​ខ្លាំង​ ហើយ​សក្ដិសមត្រូវលើក​តម្កើង​និង​ថែរក្សាដោយ​ប្រុងប្រយ័ត្ន​ដោយ​ភាគី​ទាំង​ពីរ»។

លោក Lavrov បានទៅ​ដល់​ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ ​ទី៨ ខែ​មេសា។ ចំណែកឯ​លោក Wang និងឥស្សរជនចិន​សំខាន់ៗ​ឯទៀតៗវិញ​បានបំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី​កាល​ពី​ពេល​ថ្មីៗ​នេះ​ ហើយ​បាន​គាំទ្រ​ទស្សនៈ​រុស្ស៊ី​អំពីបុព្វហេតុ​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន។

ចិន​ពេល​ខ្លះ​បាន​ប្រកាន់ឥរិយាបថបែប​ប្រយុទ្ធ​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិកនិង​ក្រុម​សម្ពន្ធមិត្ត​អាមេរិក ដូច​រុស្ស៊ី​ដែរ។ ចិន​និង​រុស្ស៊ី​បាន​ធ្វើ​សមយុទ្ធយោធា​រួម​គ្នា ហើយ​ត្រូវ​បាន​ឃើញ​ថា ​ប្រឹងប្រែង​ដាក់​ឱ្យ​មាន​ការ​កាន់​អំណាច​ផ្ដាច់ការ​ជំនួស​លទ្ធិប្រជាធិបតេយ្យ​ក្នុង​តំបន់ដែល​ពួកគេ​មាន​ឥទ្ធិពល។ ចិនមាន​ជម្លោះ​ខាង​ទឹក​ដី​ខ្លួន​ឯង ជា​ពិសេសអំពី​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង និង​នៅ​ក្នុងសមុទ្រ​ចិន​ខាងត្បូង​និង​សមុទ្រ​ចិន​ខាងកើត។

កាល​ពី​ប៉ុន្មានសប្តាហ៍មុនរុស្ស៊ី​ចូល​លុកលុយ​អ៊ុយក្រែន លោក Putin បានបំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ប៉េកាំងនៅ​ពេល​បើក​ការ​ប្រកួត​កីឡាអូឡាំពិករដូវ​ធ្លាក់​ទឹកកក​ ហើយលោក​បាន​ចុះហត្ថលេខា​លើសន្ធិសញ្ញាមួយ​ប្តេជ្ញាអំពី​ទំនាក់ទំនង​«គ្មាន​ព្រំដែន»ដែលធ្វើ​ឱ្យ​ចិន​គាំទ្រ​ខ្សែបន្ទាត់​នយោបាយ​រុស្ស៊ី ទោះជា​នៅ​ពេល​ខ្លួន​សុំជា​ផ្លូវការ​ឱ្យ​មាន​ការចរចា​សន្តិភាព​ក៏ដោយ។

នៅ​ក្នុង​ការ​ហៅ​ទូរសព្ទ​កាលពីថ្ងៃ​ទី​២ ខែ​មេសាដើម្បី​និយាយ​ជាមួយមេដឹកនាំ​ចិន​លោក​ Xi Jinping ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Joseph Biden​ បាន​ដាក់​សម្ពាធ​លើ​ចិន​អំពី​ទំនាក់ទំនងខាង​យោធា​របស់​ខ្លួន​ជាមួយ​រុស្ស៊ី ដែល​ប្រឹងប្រែង​កសាង​ជា​ថ្មី​មូលដ្ឋាន​ឧស្សាហកម្ម​របស់​ខ្លួននៅ​ពេល​ខ្លួន​បន្ត​ការ​លុកលុយអ៊ុយក្រែនត​ទៅ​ទៀត។​ ហើយ​លោក​ប្រធានាធិបតី​ក៏បាន​អំពាវនាវដល់​ចិន​ឱ្យ​ប្រើ​ឥទ្ធិពល​ខ្លួន​លើ​កូរ៉េខាងជើង​ឱ្យ​ទប់ប្រទេស​នេះ​ដែល​នៅដាច់​ឯកោ​ពី​គេ​និង​ជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​មានចិត្ត​មិន​ទៀងទាត់​ផង​ដែរ៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ​