លោក Xi Jinping ជួប​ជាមួយ​ព្រះអង្គម្ចាស់​រជ្ជទាយាទ bin Salman ក្នុង​ទស្សនកិច្ច​នៅ​អារ៉ាប៊ីសាអូឌីត

ព្រះអង្គម្ចាស់​រជ្ជទាយាទ Mohammed bin Salman ចាប់ដៃ​ស្វាគមន៍​ប្រធានាធិបតី​ចិន​លោក Xi Jinping ក្នុង​ព្រះរាជ​ពិធី​ស្វាគមន៍​របស់​ព្រះអង្គ​នៅ​រាជធានី​រីយ៉ាដ នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត នៅ​ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២។

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ជួប​ជាមួយ​នឹង​ព្រះអង្គម្ចាស់​រជ្ជទាយាទ​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​អារ៉ាប់​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ដំណើរ​ទស្សនកិច្ច​របស់​លោក Xi នេះ ត្រូវ​គេ​រំពឹង​ថា​នឹង​ឈាន​ទៅ​ដល់​ការ​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ក្នុង​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ហើយ​ដំណើរ​ទស្សនកិច្ច​នេះ​បាន​រង​ការ​រិះគន់​ពី​សហរដ្ឋ​អាមេរិក។

កិច្ច​ព្រមព្រៀង​ជាច្រើនដែល​មាន​ទឹកប្រាក់​ប្រហែល​ ៣០ពាន់​លាន​ដុល្លារ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្រប​ពេល​ដែល​ប្រទេស​ចិន​ស្វះស្វែង​បង្កើន​សេដ្ឋកិច្ច​របស់​ខ្លួន​ដែល​រងប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ និង​ស្រប​ពេល​ដែល​ប្រទេស​អារ៉ាប៊ីសាអូឌីត ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​យូរ​អង្វែង​របស់​សហរដ្ឋ​អាមេរិក ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​ពិពិធកម្ម​សម្ព័ន្ធភាព​សេដ្ឋកិច្ច​និង​នយោបាយ​របស់​ខ្លួន។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត។

លោក Xi ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អារ៉ាប៊ីសាអូឌីត​កាលពី​ថ្ងៃ​ពុធ ត្រូវ​បាន​ព្រះអង្គម្ចាស់​រជ្ជទាយាទ Mohammed bin Salman ព្រះជន្ម ៣៧ ព្រះវស្សា​ចាប់​ដៃ​ស្វាគមន៍​នៅ​ឯ​ព្រះរាជវាំង Yamamah។ ព្រះអង្គម្ចាស់ bin Salman គឺ​ជា​មេដឹកនាំ​ជាក់ស្ដែង​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត ដែល​ជា​ប្រទេស​នាំចេញ​ប្រេង​ឥន្ធនៈ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។

ថ្នាក់​ដឹកនាំ​អារ៉ាប់​នានា​ក៏​បាន​ចាប់ផ្ដើម​ធ្វើ​ដំណើរ​មក​ជួប​ជុំ​គ្នា​នៅ​ក្នុង​រាជធានី​រីយ៉ាដ​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ផង​ដែរ​មុន​កិច្ច​ប្រជុំ​ជាមួយ​នឹង​លោក Xi ចូល​មក​ដល់។ លោក Xi នឹង​ជួប​ពិភាក្សា​គ្នា​ដោយ​ឡែក​ជាមួយ​នឹង​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​សហ​ប្រតិបត្តិការ​បណ្ដា​ប្រទេស​អារ៉ាប់​ជាប់​ឈូង​សមុទ្រ​ពែក្ស (GCC) មុន​ពេល​លោក​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ។

ប្រទេស​ចិន​ដែល​ជា​ប្រទេស​ទិញ​ប្រេង​ឥន្ធនៈ​ច្រើន​ជាង​គេ​បំផុត​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត បាន​ពង្រឹង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​នឹង​តំបន់​មជ្ឈិម​បូព៌ា។ តំបន់​នេះ​គឺ​ជា​តំបន់​ដែល​ពឹងផ្អែក​លើ​សហរដ្ឋ​អាមេរិក​អស់​រយៈពេល​ជា​យូរ​មក​ហើយ​សម្រាប់​ការ​ការពារ​ផ្នែក​យោធា ប៉ុន្តែ​កន្លង​មក​បាន​បង្ហាញ​ការព្រួយ​បារម្ភ​ថា ​វត្តមាន​របស់​សហរដ្ឋ​អាមេរិក​អាច​ត្រូវ​បាន​កាត់​បន្ថយ។

បន្ទាប់ពី​លោក Xi បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អារ៉ាប៊ីសាអូឌីត​កាលពី​ថ្ងៃ​ពុធ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ប្រកាស​អំពី​កិច្ច​ព្រមព្រៀង​វិនិយោគ​ចំនួន ៣៤ លើ​ផ្នែក​មួយ​ចំនួន​ដូចជា​ឧស្ម័ន​អ៊ីដ្រូសែន​ដែល​ល្អ​ចំពោះ​បរិស្ថាន បច្ចេកវិទ្យា​ព័ត៌មាន ការ​ដឹក​ជញ្ជូន និង​សំណង់​ជាដើម។

ទីភ្នាក់ងារ​សារព័ត៌មាន Saudi Press ដែល​ជា​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​របស់​អារ៉ាប៊ីសាអូឌីត មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ណា​មួយ​នោះ​ទេ​ទាក់ទិន​នឹង​កិច្ច​ព្រមព្រៀង​ទាំង​នេះ ប៉ុន្តែ​បាន​បញ្ជាក់​ថា ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​មាន​ទឹក​ប្រាក់​សរុប​ចំនួន ៨០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ ២០២១ និង ២៧ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ត្រីមាស​ទី ៣ នៃ​ឆ្នាំ ២០២២ នេះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ Al Ekhbariya របស់​រដ្ឋ​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​រាយការណ៍​ថា កិច្ច​ព្រមព្រៀង ២០ ទៀត ដែល​បាន​ទឹក​ប្រាក់ ២៩.៣០០ លាន​ដុល្លារ​អាមេរិក គ្រោង​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ៕