លោក​ប្រធានាធិបតី​ចិន Xi Jinping​ ការពារ ​គម្រោង​ក្រវ៉ាត់​និង​ផ្លូវ ដោយ​ផ្តោត​និន្នាការលើ​គម្រោង​មិន​ប៉ះពាល់​បរិស្ថាន​ជាងមុន

ប្រធានាធិបតី​ចិន លោក Xi Jinping ថ្លែង​សុន្ទរកថា​ក្នុង​អំឡុង​ពេល​វេទិកា​ក្រវាត់ផ្លូវពាណិជ្ជកម្ម BRI នៅ​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ការពារ​គម្រោង​គោលនយោបាយ​ដ៏​សំខាន់​របស់​លោក នៅ​ក្នុង​ការ​ចាប់​ផ្តើមនៃ​វេទិកា​គំនិត​ផ្តួចផ្តើម​ក្រវ៉ាត់​និង​ផ្លូវក្នុង​រដ្ឋធានី​ប៉េកាំង​ប្រទេស​ចិន ​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​តុលា​កន្លង​ទៅ​នេះ​ ​ដោយ​គូស​បញ្ជាក់នូវ​អ្វី​ដែល​លោក​និយាយ​ថា​ ​ជាផែនការជោគជ័យ​មួយ​ ក្នុង​រយៈពេលមួយ​ទសវត្សរ៍​កន្លង​ទៅនេះ។​ ជា​មួយ​ប្រធានាធិបតី​រុស្ស៊ី​ ដែល​ជា​អ្នក​ចូលរួម​ដ៏​សំខាន់​ម្នាក់​ក្នុង​វេទិកានៃ​ការ​ជួប​ជុំនិង​គាំទ្រផែនការ​លោក​នោះ​ លោកXi ក៏​បាន​បញ្ជាក់​ផង​ដែរពី​វិស័យ​គន្លឹះ​ចំនួន​៨​ ដែល​ចិន​មាន​បំណង​អ​ភិវឌ្ឍ​ឱ្យ​កាន់ស៊ី​ជម្រៅ​ខ្លាំង​ឡើង​ថែម​ទៀត។

វេទិកា​ដែល​ត្រូវ​បង្កើត​ឡើង​ដើម្បី​តភ្ចាប់ពិភពលោក ដែល​មាន​ប្រមុខ​រដ្ឋចូលរួម​តិច​ជាង​កិច្ចប្រជុំ​កាល​ពី​ពេល​កន្លង​មក​នោះ ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើងនៅ​ចំពេល​ដែល​ពិភពលោកកំពុង​មាន​ការ​បែកបាក់​គ្នា​ ដោយ​សារ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​ភាព​តានតឹង​កំពុង​តែ​កើន​ឡើង​ខ្លាំងនៅ​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា។ ក្រុម​អ្នក​វិភាគ​ខ្លះ​លើក​ឡើង​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចង់​យកវេទិកា​នេះ​ ដើម្បី​ធ្វើ​ឱ្យមាន​ចំណាប់​អារម្មណ៍​ថា​ ចិន​ជា​មេដឹកនាំនៃ​ប្រទេស​កំពុង​អភិវឌ្ឍ​ក្នុង​ពិភពលោក។​ ​

លោក​Yun Sun នាយកកម្មវិធី​ចិន​នៃ​មជ្ឈមណ្ឌល​ Stimson ដែល​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​ មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក​ បាន​ប្រាប់​វីអូអេ​ តាម​ការ​ឆ្លើយ​តប​ជាលាយ​ល័ក្ខអក្សរ​ថា​៖ «គម្រោង BRI បាន​ក្លាយ​ជា​របៀបវារៈ​គោលនយោបាយ​ការបរទេស​របស់​ចិន​ និង​ជា​ចក្ខុវិស័យ ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានបង្ហាញតាម​រយៈគម្រោងនេះ​ គឺ​ថា​ ចិន​បាន​រួម​វិភាគ​ទាន​ដល់​ការ​អភិវឌ្ឍន​ហេដ្ឋារចនា​សម្ពន្ធនិង​សេដ្ឋកិច្ច​ ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ជា​ច្រើន​»។

មេដឹកនាំ​និង​តំណាង​មក​ពី​១៤០​ប្រទេស​ ដែល​ភាគច្រើន​បំផុតមក​តំបន់​ភាគ​ខាង​ត្បូង​នៃ​ពិភពលោក​ បាន​ចូលរួម​នៅ​ក្នុងសន្និសីទ​កំពូល​ដែល​មាន​រយៈពេល​២​ថ្ងៃ​ ​ដែល​ក្នុង​នោះ​ក៏​រួម​មាន​ប្រធានាធិបតី​រុស្ស៊ី​លោក​ Putin ​ ដែល​បាន​ជួបដាច់​ដោយ​ឡែកជា​មួយ​លោក​ Xi​ នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​នេះ​ផង​ដែរ។ នេះ​ជា​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​សំខាន់​លើក​ទី១​ ដែលចិន​បាន​រៀប​ចំធ្វើ​ឡើង​ ចាប់​តាំង​ពី​ខ្លួនទើប​បាន​ងើប​ផុត​ពី​ការ​បិទ​ប្រទេសជិត​រយៈពេល​៣​ឆ្នាំ​នៃជំងឹ​រាតត្បាត​កូវីដ១៩​ កាល​ពី​ខែ​មករា​ ឆ្នាំ​២០២៣។​

ដោយ​កោតសរសើរ​ពី​សមិទ្ធផល​នៃ​គម្រោង BRI ចាប់តាំង​ពី​ឆ្នាំ​២០១៣​មក​ លោកXi ​បាន​ថ្លែង​ថា​ គំនិត​ផ្តួច​ផ្តើម​នេះ​ បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​ប្រេង​ឥន្ធនៈ​ និង​បង្កើតរបៀង​សេដ្ឋ​កិច្ចថ្មី​ ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ជា​ច្រើន​ ខណៈ​ពេល​ដែល​កំពង់​ផែ​ ផ្លូវថ្នល់​ និង​ផ្លូវ​រថភ្លើង​ ដែល​ត្រូវ​កសាង​ឡើង​ ​ក្រោម​កម្មវិធី ​BRI​ បានអនុញ្ញាតឱ្យ​មានទំនិញ​ ​ថវិកា​ បច្ចេកវិទ្យា​ និង​មនុស្ស​ធ្វើ​ចរាចរ​នៅ​ទូទាំង​ទ្វីប​នានា។​

ចាប់​តាំង​ពី​បង្កើតដំបូង​មក​ គម្រោង​BRI បាន​ប្រមូល​ផ្តុំ​ទុន​វិនិយោគ​ប្រមាណ​ជាង១លាន​លាន​ដុល្លារ​អាមេរិក​ ​បង្កើត​ឱ្យ​មានយ៉ាង​ហោច​ណាស់​ក៏​៣ពាន់​គម្រោង​ផង​ដែរ​ ​ និងមាន​កិច្ចព្រមព្រៀង​ប្រមាណ​ ជាង​២០០​ត្រូវ​បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេសជាង​១៥០​នៅជុំវិញ​ពិភពលោក។​ ​ នៅ​ថ្ងៃ​ទី​១៨​ខែ​តុលា​នេះ ​លោក​ Xi បាន​កោត​សរសើរ​ដល់​ជោគជ័យ​នៃគំនិត​ផ្តួច​ផ្តើម​នេះ​ថា​ ​បាន​ផ្លាស់​ប្តូរ​ពីផែនការ​មេ​ទៅជា​គម្រោង​ជាក់​ស្តែង​នានា។ ​

អ្នក​ជំនាញ​មួយ​ចំនួន​និយាយ​ថា​គម្រោង​ BRI និង​កិច្ចព្រមព្រៀង​វិនិយោគទុនជា​ច្រើន បាន​បង្កើតឱ្យ​មាន​ហេដ្ឋា​រចនា​សម្ពន្ធ​ចាំបាច់​នានា នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​។ គម្រោង​ទាំង​នេះ​ក៏​អនុញ្ញាត​ឱ្យ​ចិន​ប​ង្ហាញ​ខ្លួនផង​ដែរថា​ជា​អ្នក​ផ្តល់​បច្ចេកវិទ្យា​ទំនើប​ ដូច​ជា​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ បច្ចេក​វិទ្យា​ផលិត​អាគុយ​ឬ​ថ្ម​សាក​ និងបច្ចេក​វិទ្យា​ថាមពល​ដែល​អាច​កើត​ឡើងវិញ​បាន។​

លោក​ Christoph Nedopil Wang​ នាយក​នៃ វិទ្យាស្ថាន Griffith អាស៊ី​ ក្នុង​ប្រទេស​អូស្ត្រាលី​ បាន​ប្រាប់​វីអូអេ​ នៅ​ក្នុង​ការ​ឆ្លើយ​តប​ជា​លាយល័ក្ខអក្ស​រថា៖​ «ចិន​ចង់ធៀប​គំរូ​អភិវឌ្ឍគម្រោង BRI ​របស់​ខ្លួនផ្ទុយគ្នា​ទៅ​នឹងគំរូ​នៃ​ការអភិវឌ្ឍ​នានា​នាំមុខ​ដោយ​ប្រទេស​លោក​ខាង​លិច ដែល​មិន​ទទួល​ជោគជ័យ​»។

លោក​គិត​ថាគំរូ​ចិនបែប​នេះ​និង​របៀប​នៃ​ទំនាក់ទំនង ​ធ្វើឲ្យ​ប្រទេស​មួយ​ចំនួន​ដែល​ទើប​មាន​សេដ្ឋកិច្ច​ងើប​ឡើង មានការ​ពេញចិត្ត​។​

ដោយ​រិះគន់​មិន​ចំ​ឈ្មោះ​ទៅ​លើ​សហរដ្ឋ​អាមេរិក​ លោក​ Xi​គូស​បញ្ជាក់​ថា«ការ​ប្រឈម​ផ្នែក​មនោគម​វិជ្ជា​ ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​និង​នយោបាយ​ក្នុង​ប្លុក​ មិន​មែន​ជា​ជម្រើស​របស់​យើងនោះ​ឡើយ»។​ លោក​បន្ថែម​ទៀត​ថារដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ប្រឆាំង​ជំទាស់​ទៅ​នឹង​ការ​ប្រឈម​ក្នុង​ប្លុក ការ​ដាក់​ទណ្ឌកម្ម​ជា​ឯកតោ​ភាគី និង​ការ​បំបែក​បំបាក់។ លោក​បន្ថែម​ទៀត​ថា​ «​ការ​ឃើញការ​អភិវឌ្ឍ​របស់​អ្នក​ដទៃ​ថា​ជា​ការ​គំរាមកំហែង​ ហើយ​ការ​ឃើញ​ការពឹង​ផ្អែកគ្នា​ទៅវិញ​ទៅមក​ផ្នែក​សេដ្ឋកិច្ច​ ថា​ជា​ហានិភ័យ​មួយ​នោះ​ នឹងមិន​អនុញ្ញាត​ឱ្យ​ខ្លួនរស់​នៅ​បាន​ប្រសើរ​ជាង​មុន​ និង​អភិវឌ្ឍ​លឿន​ជាង​មុន​នោះ​ឡើយ»។​

ខណៈពេលលោកXi ព្យាយាម​បង្កើតគំរូ​អភិវឌ្ឍន៍​របស់​ចិន​ឱ្យមាន​ភាព​ល្អ​ផ្តាច់​គេ​នោះ​ អ្នក​ជំនាញ​មួយ​ចំនួន​និយាយ​ថា លទ្ធផល​នៃ​គម្រោង BRI ក្នុងទសវត្សរ៍​ដំបូង​នេះ​ បាន​បង្ហាញនូវ​តថភាព​ខុស​គ្នាមួយ។​ ​អ្នក​ស្រី​ Niva Yau ​អ្នក​ស្រាវជ្រាវនៃមជ្ឈមណ្ឌល​ចិន​សាកល​នៃ​ក្រុមប្រឹក្សា​អាត្លង់ទិក​ ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ជប៉ុន បាន​លើក​ឡើង​ដូច​នេះ​ថា​ «ប្រទេស​ចិន​ចង់ថត​ចម្លង​យក​តាម​គំនិត ស្តី​ពី​ការ​បង្កើន​ការ​រីក​ចម្រើនសេដ្ឋកិច្ច​ តាម​រយៈ​ការស្ថាបនា​ហេដ្ឋារចនា​សម្ពន្ធទៅ​កាន់​ប្រទេស​ផ្សេងៗ​ ប៉ុន្តែ​ការរីក​ចម្រើន​សេដ្ឋកិច្ច​របស់​ចិន​ខ្លួនទៅ​វិញទេ​ គឺ​ជារឿង​សំខាន់​លើស​ពី​ហេដ្ឋារចនា​សម្ពន្ធ​នោះ។​

អ្នក​ស្រី​បន្ថែម​ដូច​នេះ​ទៀត​ថា​ កំណើន​សេដ្ឋកិច្ច​ចិន​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រួម​បញ្ចូល​គ្នា​នៃ​ហេដ្ឋា​រចនា​សម្ពន្ធ​ តម្លៃ​ពលកម្ម​ទាប​ និង​ការ​វិនិយោគ​បរទេសផ្ទាល់​ក្នុង​ចំនួន​ដ៏​ច្រើន ក៏​ដូច​ជា​ការ​ផ្ទេរ​នូវ​ជំនាញ​ជា​ច្រើន​ផង​ដែរ។ ជំនួស​ឱ្យ​ការ​បញ្ចូន​ចេញ​នៃគំរូសេដ្ឋកិច្ចរបស់​ខ្លួន​ទាំងស្រុងទៅក្រៅ​ប្រទេស​នោះ អ្វី​ដែល​ចិន​ធ្វើ​ គឺ​ការ​ការពារ​ គំនិត​ស្ថាបនា​ហេដ្ឋារចនា​សម្ពន្ធ។ អាស្រ័យ​ដូច​នេះ​ហើយ​ បាន​ជា​គម្រោង​ BRI​ របស់​ចិន​នេះ​មិន​ដំណើរការ​ស្រួលរយៈពេល​១០​ឆ្នាំ​មក​នេះ។​

ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​គម្រោង BRI ក្នុង​ទសវត្សរ៍​ដំបូង

ខណៈ​ពេល​ដែល​អ្នក​វិភាគមួយ​ចំនួន​លើក​ឡើង​ថា​ ចិនបាន​រួម​វិភាគទាន​ដោយ​វិជ្ជមានដល់​ការ​អភិវឌ្ឍ​ជា​សាកល​តាម​រយៈ​គម្រោង​ BRI របស់​ខ្លួន​នោះ​ ​ប្រទេស​លោក​ខាង​លិច​ជា​ច្រើន បាន​រិះគន់ដល់​គម្រោង​នេះ​ថា​ បានបន្សល់​ទុក​ឱ្យ​ប្រទេសចូល​រួមនូវគំនរ​ប្រាក់​បំណុល​វ័ណ្ណករ​និងការ​បំផ្លាញបរិស្ថាន​ជា​ដើម។​

របាយការណ៍​មួយ​ ​ដែលត្រូវ​បាន​ចេញ​ផ្សាយដោយ​សាកល​វិទ្យាល័យ Boston សហរដ្ឋ​អាមេរិក​ កាល​ពី​ខែ​តុលា​កន្លង​ទៅ​បាន​បង្ហាញ​ថា​ ប្រទេស​ដែល​ទទួល​បាន​ថវិកា​របស់​ចិន​ គឺ​ស្ថិត​ក្នុង​កម្មវត្ថុ​នៃ​ការជំពាក់​បំណុល​ដ៏​សែន​ព្រួយបារម្ភ»។

អ្នក​ស្រីYau នៃ​ក្រុមប្រឹក្សា​អាត្លង់ទិកនិយាយ​ថា គម្រោង​ BRI ជា​ច្រើន​បាន​ជួប​ភាព​បរាជ័យ​និង​មិន​អាច​កើត​ចេញ​ជា​រូបរាង​បាន​ ​ឬ​ក៏​ជួប​នូវ​បញ្ហា​កម្រិត​ធំអស់​ពេល​ជា​យូរ​ ពី​ព្រោះ​ចិនមិន​បាន​លើក​យក​មកដោះស្រាយ​នូវ​បញ្ហា​ដែល​បាន​កើត​ឡើង ដែល​ត្រូវ​បាន​រកឃើញតាម​រយៈ​ការ​សិក្សា​ស្រាវ​ជា្រវ​ ​ដោយអង្គការ​អន្តរជាតិ​មួយ​ចំនួន។​

អ្នក​ស្រី​បាន​ប្រាប់​វីអូអេ​ដូច​នេះ​ថា​ «អង្គការ​អន្តរជាតិ​ដទៃ​ផ្សេង​ទៀត​ បាន​សិក្សា​ពីលទ្ធភាពនៃ​គម្រោង​ BRI​ ភាគ​ច្រើន​បំផុត​ និង​បាន​ចាត់​ទុក​ថា​គម្រោង​ទាំង​នេះ​ ជាគម្រោងមិនរក​ប្រាក់​កម្រៃ​នោះ​ឡើយ​ ក្នុង​ករណី​ភាគ​ច្រើន​បំផុត​។​ ប្រសិន​បើ​គម្រោងខ្លះ​អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​រក​ប្រាក់​កម្រៃ​នោះ​ ក៏ប្រហែល​ជាតម្រូវ​ឱ្យ​មាន​នូវ​លក្ខខណ្ឌ​ជា​ច្រើន​ផងដែរ ​ដែល​ត្រូវ​បំពេញ​ ​មុន​ពេល​ដែលអង្គការ​អន្តរជាតិនានា​ អាច​បោះ​ទុន​វិនិយោគក្នុង​គម្រោងហេដ្ឋារចនា​សម្ពន្ធ​ធំៗ​ទាំង​នេះ​បាន។​

អ្នក​ស្រី​ Yau​និយាយ​ថា​ នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បង្កើត​ឱ្យ​មាន​ថវិកា​ក្នុង​ចំនួន​ដ៏​ធំមួយ​ ប៉ុន្តែ​មិន​បាន​ដោះ​ស្រាយ​បញ្ហា​ជា​ឫសគល់ ​ដែល​បាន​កើត​ឡើង​នោះ​ ​ក្រុមហ៊ុន​ចិន​នានាជា​រឿយៗ​ បាន​សហការ​គ្នា​ជា​មួយក្រុម​ជន​ពុករលួយ​ ​និង​បំផ្លាញ​បរិស្ថាន។​ អ្នកស្រី​បន្ថែម​ទៀត​ថា​ «ប្រទេស​ម្ចាស់​ផ្ទះ​ មិន​ដែលបាន​ត្រៀម​ខ្លួន​ជា​មុន​ស្រេច​ ​សម្រាប់​គម្រោង​ហេដ្ឋារចនា​សម្ពន្ធ​ដ៏​ធំ​ទាំងនេះ​ឡើយ»។​ ​

ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​មួយ​ចំនួន​នេះ​ លោក​ Xi ​បង្កើត​ប្រព័ន្ធ​មួយ​ ដើម្បី​ធ្វើ​ការ​វាយតម្លៃ​ពីសុចរិតភាព និង​ការអនុលោមរបស់​ក្រុម​ហ៊ុន​ផ្សេងៗ​ ដែល​បាន​ចូលរួម​នៅ​ក្នុង​គម្រោង BRI និង​បានសហការ​ជា​មួយ​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​បណ្តុះ​បណ្តាល​លើ​សុចរិត​ភាព​ស្តី​ពី​គម្រោងខ្សែក្រវ៉ាត់​និង​ផ្លូវ​ពាណិជ្ជកម្ម​នេះ។​ នេះ​បើតាម​ការ​លើក​បញ្ជាក់​របស់​លោក Xi នៅ​ក្នុង​សុន្ទរក​ថា​របស់​លោក។​

គម្រោង​ BRI មិនប៉ះពាល់​បរិស្ថាន​និង​តូចៗ​ជាង​មុន

ដើម្បី​អនុវត្ត​នូ​វការ​សន្យាលើ​អាទិភាព​នៃ​ការ​ធ្វើ​ឱ្យគម្រោង BRI ​នានាល្អស្រស់​បំព្រង​និង​តូច​ជាង​មុននោះ​ លោក Xi បាន​បង្ហាញ​នូវ​ផែនការ​៨​ចំណុចកាល​ពី​ថ្ងៃ​ទី​១៨ខែ​តុលា​កន្លង​ទៅ​ ដោយ​សន្យា​ថា ធ្វើ​កិច្ចសហ​ប្រតិបត្តិការ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅខ្លាំង​ថែម​ទៀត​ ដើម្បី​ធ្វើ​ឱ្យ​ហេដ្ឋរចនា​សម្ពន្ធ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ ​សម្រប​សម្រួល​នវានុវត្តន៍​បច្ចេកវិជ្ជា​ និង​បង្កើនកិច្ចប្រឹងប្រែង​ដើម្បី​ធ្វើ​ឌីជីថល​សេដ្ឋកិច្ចសាកល។​ លោក​ Xi និយាយ​បន្ថែម​ទៀត​ថា​ ​ប្រទេស​ចិន​នឹង​លើក​កម្ពស់គម្រោង​សំខាន់​ទាំង​ពីរ​ និង​កម្មវិធីរស់នៅ​ប្រកប​ដោយ​ភាព​«តូច​សមរម្យ​តែឆ្លាតវៃ​ជាងមុន»។​

ទិន្នន័យ​ដែល​ប្រមូល​ចងក្រង​ឡើងដោយ​វិទ្យាស្ថាន​ American Enterprise ​ដែលជា​វិទ្យា​ស្ថាន​ស្រាវជ្រាវ​អភិរក្ស​មួយ​ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ ទំហំ​នៃ​កិច្ច​ព្រមព្រៀង​វិនិយោគ​ទុន​ BRI ​អាច​កាន់​តែ​រួម​តិច​ទៅៗ​។​ ក្នុង​រយៈពេល​៦​ខែឆ្នាំ​២០២៣​នេះ​ ក្រុម​ហ៊ុន​ចិន​បាន​ចុះ​ហត្ថលេខាលើ​គម្រោង​សាងសង់ដែល​ពាក់ព័ន្ធ​នឹង​កម្មវិធី​ BRI​ និង​កិច្ចព្រមព្រៀង​វិនិយោគទុន​នានា​ ដែល​មាន​ទឹក​ប្រាក់​តម្លៃ​ប្រមាណ​៤០​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ជា​ចំនួន​តិចខ្លាំង​ជាង​រយៈពេលមុនជំងឺ​រាតត្បាត​កូវីដ១៩​ នៅ​ពេល​ដែល​ទំហំ​ចំណាយប្រចាំ​ឆ្នាំ​សរុប​របស់គម្រោង​ BRI ​ជា​ធម្មតា​កើន​លើស​១០០​ពាន់លាន​ដុល្លារ​អាមេរិក​នោះ។

ក្រុម​អ្នកវិភាគ​និយាយ​ថា​ ការ​ប្រកាស​ទាំង​នេះបង្ហាញ​ថា​ ជាជាង​ការ​ដាក់​ជំនួសគម្រោង BRIជាមួយគំនិត​ផ្តួច​ផ្តើម​ដទៃ​មួយ​ទៀត​ ប្រទេស​ចិន​កំពុង​ផ្តោត​លើ​ការ​បម្លែងវិសាល​ភាពនិង​ទំហំ​គម្រោង BRI​ នេះ​។

លោក​ Nedopil Wang នៃ​វិទ្យា​ Griffith អាស៊ី​ បាន​ប្រាប់​វីអូអេ​ថា​ «គម្រោង​ BRI នឹង​នៅតែ​ស្ថិត ស្ថេរ​ទៅមុខ ហើយនិងផ្តោត​លើ​បញ្ហា​នានា​ ដូច​ជា​ការ​អភិវឌ្ឍ​គ្មានការ​ប៉ះពាល់​ដល់​បរិស្ថាន​និង​បែប​ឌីជីថល​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត»។ ​

លោក​បន្ថែម​ទៀត​ថា ប្រទេស​ចិន​នឹងទំនង​អនុញ្ញាតឱ្យផ្នែក​ឯកជន​ ដើរ​តួនាទី​ធំ​មួយ​ នៅ​ក្នុង​គម្រោង BRI ខណៈ​ពេល​ធ្វើការ​ផ្លាស់ប្តូរ​ការ​លើការ​ផ្តោតរបស់​គម្រោង​នេះ​ ​ទៅ​ជា«​គម្រោង​ឥណទាន​តាម ធនាគារ» វិញ​ ដែលអាច​រក​ប្រាក់​ចំណូល​បាន។​ វា​នឹង​មានគម្រោង​តិចតួច​ជាង​មុនទាក់​ទង​នឹង​ហេដ្ឋារចនា​សម្ពន្ធសាធារណៈ​ ដោយ​សារ​តែ​ប្រាក់​បំណុល​រដ្ឋ​ប្រើប្រាស់​ក្នុង ​នៅ​ក្នុង​ចំណោម​ប្រទេសដែល​មាន​សេដ្ឋកិច្ចលេចធ្លោ៕