នាវាចំបាំងនិងយន្តហោះប្រយុទ្ធរបស់ចិនបានព័ទ្ធជុំវិញកោះតៃវ៉ាន់នៅថ្ងៃសុក្រនេះ ដែលជាថ្ងៃទី ២ នៃការធ្វើសមយុទ្ធដែលរដ្ឋាភិបាលក្រុងប៉េកាំងបាននិយាយថា កំពុងសាកល្បងនៃសមត្ថភាពរបស់ខ្លួន ដើម្បីដណ្តើមកាន់កាប់កោះដែលគ្រប់គ្រងដោយខ្លួនឯង ប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ថ្មីបានស្បថចូលកាន់តំណែង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
យោធាចិនបានចាប់ផ្តើមសមយុទ្ធកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលឡោមព័ទ្ធកោះតៃវ៉ាន់ដោយនាវាចំបាំងនិងយន្តហោះយោធា នៅពេលដែលខ្លួនសន្យាថាឈាមរបស់ «កងកម្លាំងឯករាជ្យ»នៅលើកោះនោះនឹងហូរ។
សមយុទ្ធនេះត្រូវបានចាប់ផ្តើមបន្ទាប់ពីលោក Lai Ching-te បានចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់នៅសប្តាហ៍នេះ ហើយបានធ្វើសុន្ទរកថាស្បថចូលកាន់តំណែងដែលចិនចាត់ទុកថា ជា«ការទទួលសារភាពនៃឯករាជ្យភាព»។
សមយុទ្ធនេះជាផ្នែកមួយនៃការពង្រីកយុទ្ធនាការបំភិតបំភ័យរបស់ចិន ដោយបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាបន្តបន្ទាប់ នៅជុំវិញកោះតៃវ៉ាន់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
លោក Li Xi អ្នកនាំពាក្យកងទ័ពរំដោះប្រជាជនចិននៅទីបញ្ជាការខាងកើត បាននិយាយនៅថ្ងៃសុក្រនេះថា ពួកគេកំពុងសាកល្បង «សមត្ថភាពនៃកម្លាំងរឹបអូសយក ការវាយប្រហាររួមនិងត្រួតត្រាទឹកដីសំខាន់ៗ។
ចិនដែលបានបំបែកចេញពីតៃវ៉ាន់នៅពេលបញ្ចប់សង្គ្រាមស៊ីវិល កាលពី ៧៥ ឆ្នាំមុន បានចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ដែលនៅពេលណាមួយត្រូវតែរួបរួមជាមួយចិនដីគោក។
សហរដ្ឋអាមេរិកដែលជាសម្ពន្ធមិត្តនិងជាអ្នកគាំទ្រខាងយោធាដ៏ខ្លាំងក្លាបំផុតរបស់តៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានជំរុញ «យ៉ាងខ្លាំង» ឱ្យចិនមានការអត់ធ្មត់។ អង្គការសហប្រជាជាតិបានអំពាវនាវដល់ភាគីទាំងអស់ឱ្យបញ្ចៀសការរាលដាលកាន់តែធំ៕