ចំនួន​ប្រជាជន​ចិន​ធ្លាក់ចុះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល ៦ ទសវត្សរ៍​ចុងក្រោយ​នេះ

រូបឯកសារ៖ ក្មេងស្រី​ម្នាក់​ពាក់​ម៉ាស់​ជិះ​ក​បុរស​ម្នាក់ ដើរ​កាត់​ផ្លូវ​លក់​ទំនិញ​មួយ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២២។

ប្រទេស​ចិន​បាន​បញ្ជាក់​ថា ចំនួន​ប្រជាជន​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​កាលពី​ឆ្នាំ​មុន ដែល​នេះ​ជា​ការ​ធ្លាក់ចុះ​លើក​ដំបូង​បង្អស់​របស់​ខ្លួន​ក្នុង​រយៈពេល ៦ ទសវត្សរ៍​ចុងក្រោយ​នេះ។

តួលេខ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ដោយ​ការិយាល័យ​ស្ថិតិ​របស់ចិន​បាន​បង្ហាញ​ថា អត្រា​កំណើត​នៅ​ក្នុង​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០២២ មាន​ចំនួន ៩,៥៦​លាន​នាក់ និង​អត្រា​ស្លាប់​មាន​ចំនួន ១០,៤១ លាន​នាក់ ដែល​ធ្វើ​ឱ្យ​ចំនួន​ប្រជាជន​ធ្លាក់​ចុះ​ចំនួន ៨៥០.០០០ នាក់។

ការ​ធ្លាក់ចុះ​នេះ​គឺ​ជា​លើក​ដំបូង​បង្អស់​តាំងពី​ចុង​ទសវត្សរ៍ ១៩៥០ មក ដែល​នៅ​ពេល​នោះ​ការ​ពិសោធ​សេដ្ឋកិច្ច​នៃ​គោល​នយោបាយ «មហា​លោត​ផ្លោះ (Great Leap Forward)» របស់​បិតា​ស្ថាបនិក​ប្រទេស​ចិន​លោក ម៉ៅ សេទុង (Mao Zedong) បាន​បណ្ដាល​ឱ្យ​មាន​គ្រោះ​ទុរ្ភិក្ស​ធ្ងន់ធ្ងរ ដោយ​ធ្វើ​ឱ្យ​មនុស្ស​រាប់​លាន​នាក់​ស្លាប់​បាត់បង់​ជីវិត។

អត្រា​កំណើត​ធ្លាក់ចុះ​គឺ​ជា​លទ្ធផល​នៃ​គោល​នយោបាយ​រាប់​ទសវត្សរ៍​មក​ហើយ​របស់​ប្រទេស​ចិន​ដែល​ដាក់​កំហិត​ឱ្យ​គ្រួសារ​នីមួយៗ​មាន​កូន​តែ​ម្នាក់​ប៉ុណ្ណោះ។ រដ្ឋាភិបាល​ចិន​បាន​បន្ធូរបន្ថយ​គោល​នយោបាយ​នេះ​នៅ​ក្នុង​ឆ្នាំ ២០១៦ ហើយ​ចាប់តាំងពី​ពេល​នោះ​មក​បាន​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ជាច្រើន​ឱ្យ​គូ​ស្រករ​នីមួយៗ​ចាប់ផ្ដើម​ជីវិត​គ្រួសារ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ផ្ដល់​នូវ​រង្វាន់​ជា​លុយ​ផង​ដែរ។

ប៉ុន្តែ គូ​ស្រករ​ក្មេងៗ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន​បាន​សម្រេច​យក​កូន​តែ​មួយ ឬ​ក៏​មិន​យក​កូន​តែ​ម្ដង ដោយសារតែ​មាន​ការ​កើនឡើង​នូវ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន​ដែល​មាន​ប្រជាជន​សរុប​ចំនួន ១៤១០ លាន​នាក់​នេះ។

អ្នក​ជំនាញ​នានា​បាន​និយាយ​ថា អត្រា​កំណើត​ធ្លាក់ចុះ​នេះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​ចិន​ខ្វះ​យុវជន​គ្រប់គ្រាន់​ដែល​ស្ថិត​ក្នុង​អាយុ​ធ្វើការ​ដើម្បី​រក្សា​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​របស់​ប្រទេស​ឱ្យ​ដំណើរការ​ទៅ​មុខ និង​រួម​ចំណែក​ភាគទាន​ដល់​ប្រព័ន្ធ​ប្រាក់​សោធន​និវត្តន៍​ដែល​កំពុង​តែ​រង​សម្ពាធ​ស្រាប់​រួច​ទៅ​ហើយ​នៅ​ក្នុង​ការ​ទ្រទ្រង់​ប្រជាពលរដ្ឋ​វ័យ​ចំណាស់​របស់​ខ្លួន​ដែល​កាន់តែ​កើនឡើង​យ៉ាង​លឿន៕



ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP Reuters និង​ AFP។