ផែនការរបស់ប្រទេសចិននៅក្នុងការសាងសង់ស្ថានទូតថ្មីនៅជិតប្រាសាទ Tower of London បានជាប់គាំង បន្ទាប់ពីមានការប្រឆាំងពីមូលដ្ឋានចំពោះអ្វីដែលអាចជាស្ថានទូតដ៏ធំបំផុតនៅក្នុងចក្រភពអង់គ្លេសនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
សង្កាត់រដ្ឋបាល Tower Hamlets ដែលជាក្រុមប្រឹក្សារដ្ឋបាលមូលដ្ឋានក្នុងទីក្រុងឡុងដ៍ទទួលខុសត្រូវសម្រាប់តំបន់នោះ បានរារាំងគម្រោងនេះកាលពីខែកុម្ភៈ ដោយលើកឡើងពីក្ដីបារម្ភអំពីហានិភ័យកើនឡើងនៃការវាយប្រហារភេរវកម្ម ការតវ៉ា និងចរាចរណ៍នៅក្នុងតំបន់នោះដែលក្នុងមួយឆ្នាំៗមានភ្ញៀវទេសចររាប់លាននាក់ទៅទស្សនា។
អាជ្ញាធរចិនមានពេលរហូតដល់ថ្ងៃទី ១០ ខែសីហាកន្លងទៅនេះដើម្បីប្ដឹងឧទ្ធរណ៍ចំពោះការសម្រេចនេះទៅកាន់រដ្ឋាភិបាលចក្រភពអង់គ្លេស ប៉ុន្តែមិនបានប្ដឹងនោះទេ។ នេះបើតាមការបញ្ជាក់របស់សង្កាត់រដ្ឋបាល Tower Hamlets។
សង្កាត់រដ្ឋបាល Tower Hamlets បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ប្រសិនបើភាគីចិនចង់ប្ដឹងតាមរយៈនីតិវិធីស៊ើបអង្កេតសាធារណៈ នោះពួកគេប្រហែលជាចាំបាច់បានជូនដំណឹងដល់យើងក្នុងនាមជាអាជ្ញាធរផែនការមូលដ្ឋានរួចហើយ។ [ប៉ុន្តែ] យើងមិនទទួលបានការជូនដំណឹងណាមួយដូចនេះពីភាគីចិននោះទេ»។
ផែនការរបស់ប្រទេសចិននេះគឺចង់អភិវឌ្ឍដ៏ធំធេងឡើងវិញនូវផ្ទៃដីប្រហែល ២,១ ហិចតា ដែលធ្លាប់ជាទីតាំងរបស់ក្រុមហ៊ុន Royal Mint ពីឆ្នាំ ១៨១១ ដល់ឆ្នាំ ១៩៦៨ កម្ទេចចោលអគារដែលមានស្រាប់ និងស្ដារឡើងវិញអគារផ្សេងៗ។ បរិវេណទីតាំងស្ថានទូតថ្មីរបស់ចិននេះនឹងមានទំហំប្រហែល ៥៧.០០០ ម៉ែត្រការ៉េ ដែលក្នុងនោះរួមមានទាំងការិយាល័យនានា អគារផ្លាស់ប្ដូរវប្បធម៌មួយកន្លែង និងអគារស្នាក់នៅ ២២៥ បន្ទប់ផងដែរ។
ទំហំនេះគឺធំជាងទំហំរបស់ស្ថានទូតសហរដ្ឋអាមេរិកថ្មីនៅក្នុងទីក្រុងឡុងដ៍ប្រហែល ១៨%។ ស្ថានទូតសហរដ្ឋអាមេរិកថ្មីដែលមានទំហំ ៤៨.០០០ ម៉ែត្រការ៉េនេះបានបើកដំណើរការនៅក្នុងឆ្នាំ ២០១៨។
បើទោះបីជាមន្ត្រីផែនការសង្កាត់រដ្ឋបាល Tower Hamlets បានស្នើឱ្យមានការយល់ព្រមចំពោះគម្រោងនេះក៏ដោយ ក៏ក្រុមប្រឹក្សាសង្កាត់រដ្ឋបាលនេះបានបោះឆ្នោតប្រឆាំងកាលពីថ្ងៃទី ១០ ខែកុម្ភៈ។
ស្ថានទូតចិននៅក្នុងទីក្រុងឡុងដ៍បានស្នើឱ្យរដ្ឋាភិបាលចក្រភពអង់គ្លេសធ្វើអន្តរាគមន៍នៅក្នុងរឿងនេះ។
ស្ថានទូតចិនបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «វាជាកាតព្វកិច្ចអន្តរជាតិនៃប្រទេសម្ចាស់ផ្ទះនៅក្នុងការផ្ដល់ការសម្របសម្រួលនិងការគាំទ្រចំពោះការសាងសង់ស្ថានទូត។ យើងជំរុញឱ្យភាគីចក្រភពអង់គ្លេសបំពេញតាមកាតព្វកិច្ចអន្តរជាតិពាក់ព័ន្ធនានារបស់ខ្លួន»។
អាជ្ញាធរចក្រភពអង់គ្លេសមិនបានផ្ដល់អត្ថាធិប្បាយណាមួយចំពោះសំណើសាងសង់ស្ថានទូតរបស់ចិននេះទេ ដែលជាទ្រឹស្ដីគឺអាចធ្វើឡើងនៅចំពោះមុខរដ្ឋាភិបាលកណ្ដាល ដែលក្រសួងលើកកម្ពស់ស្ដង់ដារ ផ្ទះសម្បែង និងសហគមន៍ជាអ្នកមើលការខុសត្រូវលើប្រព័ន្ធផែនការ។
ប៉ុន្តែរដ្ឋាភិបាលចក្រភពអង់គ្លេសបានបញ្ជាក់ថា ខ្លួនធ្វើតាម «កាតព្វកិច្ច» របស់ខ្លួន «នៅក្រោមអនុសញ្ញាទីក្រុងវីយែនស្ដីពីទំនាក់ទំនងការទូតយ៉ាងម៉ឺងម៉ាត់បំផុត ហើយនឹងបន្តធ្វើដូច្នេះតទៅទៀត»។ រដ្ឋាភិបាលចក្រភពអង់គ្លេសបានសង្កត់ធ្ងន់ថា ការសម្រេចលើផែនការនេះគឺធ្វើឡើងដោយក្រុមប្រឹក្សាមូលដ្ឋាន ដែលបានផ្ដល់ឱកាសឱ្យភាគីចិនប្ដឹងឧទ្ធរណ៍។
គេឃើញមានក្ដីបារម្ភកើនឡើងនៅក្នុងចក្រភពអង់គ្លេសអំពីការវិនិយោគរបស់ចិនលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក៏ដូចជាការចោទប្រកាន់ដែលថាចិនបានប៉ុនប៉ងជះឥទ្ធិពលលើអ្នកនយោបាយអង់គ្លេសនិងអ្នកស្រាវជ្រាវនៅតាមសាកលវិទ្យាល័យ។
ការសម្រេចកាលពីខែកុម្ភៈនៅក្នុងការរារាំងគម្រោងសាងសង់ស្ថានទូតចិននេះបានធ្វើឡើងក្នុងពេល ៤ ខែក្រោយមកបន្ទាប់ពីអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យម្នាក់ត្រូវបានប៉ូលិសជួយសង្គ្រោះក្រោយពីអ្នកតវ៉ានោះត្រូវបានគេទាញឱ្យធ្លាក់លើដីនៃទីតាំងស្ថានកុងស៊ុលចិននៅក្នុងទីក្រុង Manchester។ បន្ទាប់ពីឧប្បត្តិហេតុនេះបានកើតឡើង រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសបានកោះហៅអនុប្រធានបេសកកម្មការទូតចិនមកកាន់ការិយាល័យរបស់លោកនិងទាមទារឱ្យធ្វើការបកស្រាយលើរឿងនេះ៕
ប្រែសម្រួលដោយលោក ភី សុភាដា
ផែនការសាងសង់ស្ថានទូតថ្មីរបស់ចិននៅចក្រភពអង់គ្លេសបានជាប់គាំង បន្ទាប់ពីមានការប្រឆាំងពីមូលដ្ឋាន
ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស —