ចិន និង​កូរ៉េ​ខាង​ត្បូង​ថា​មាន​ករណី​ឆ្លង​ថ្មី និង​ស្លាប់​បន្ថែម​ទៀត​ដោយសារ​មេរោគ COVID-19

អ្នក​ដំណើរ​ដែល​ពាក់​ម៉ាស់​ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ដើរ​នៅ​ខាង​ក្រៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

នៅ​ថ្ងៃ​អង្គារ​នេះ ប្រទេស​ចិន និង​កូរ៉េ​ខាង​ត្បូង​បាន​រាយការណ៍​អំពី​ករណី​ឆ្លង​ថ្មី​បន្ថែម​ទៀត​នៃ​មេរោគ​កូរ៉ូណាវីរុស​ថ្មី ឬ COVID-19 ស្រប​ពេល​ដែល​ទីផ្សារ​ភាគហ៊ុន​នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ចុះ​ជា​បន្ត​នៅ​ថ្ងៃ​ទី​ពីរ និង​ស្រប​ពេល​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ស្នើ​ថវិកា​ពី​សភា​ចំនួន ២ ពាន់ ៥ រយ​លាន​ដុល្លារ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​នេះ។

មន្ត្រី​សុខាភិបាល​ចិន​បាន​និយាយ​ថា មាន​ករណី​ស្លាប់​ថ្មី​ដោយសារ​មេរោគ​នេះ​ចំនួន ៧១ ករណី និង​ករណី​ឆ្លង​ដោយសារ​មេរោគ​នេះ​ចំនួន ៥០៨ ករណី​ទៀត ដោយ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​ប្រទេស​ចិន​តាំង​ពី​មេរោគ​នេះ​បាន​ផ្ទុះ​ឡើង​ដំបូង​កាល​ពី ២ ខែ​មុន​មក កើន​ដល់​ជាង ២.៦៦៣ នាក់ ហើយ​អ្នក​ឆ្លង​កើន​ដល់ ៧៧.៥០០ នាក់។

ប្រទេស​កូរ៉េ​ខាង​ត្បូង​គឺ​ជា​ប្រទេស​ដែល​មាន​អ្នក​ឆ្លង​មេរោគ​នេះ​ច្រើន​ជាង​គេ​បំផុត​នៅ​ក្រៅ​ប្រទេស​ចិន ដោយ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់​ប្រហែល ១.០០០ នាក់ នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​មាន​អ្នក​ស្លាប់​ចំនួន ១០ នាក់។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In បាន​ហៅ​ស្ថានការណ៍​នេះ​ថា​មាន​លក្ខណៈ «ធ្ងន់ធ្ងរ​ខ្លាំង‍» នៅ​ពេល​ដែល​លោក​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង Daegu នៅ​ថ្ងៃ​អង្គារ​នេះ ដែល​នៅ​ទី​នោះ មាន​ករណី​ឆ្លង​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស។ លោក Moon Jae In បាន​សន្យា​ថា រដ្ឋាភិបាល​នឹង​គាំទ្រ​ពេញ​ទំហឹង ហើយ​លោក​បាន​បន្ថែម​ទៀត​ថា ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង ‍«ទទួល​បាន​ជោគជ័យ‍» នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​នេះ។

រី​ឯ​នៅ​តំបន់​មជ្ឈិម​បូព៌ា​វិញ ប្រទេស​អ៊ីរ៉ង់​បាន​បញ្ជាក់​ថា ករណី​ឆ្លង​មេរោគ​នេះ​នៅ​ក្នុង​ប្រទេស​កើន​ដល់ ៩៥ នាក់ ដោយ​មាន​អ្នក​ស្លាប់​យ៉ាង​តិច ១៥ នាក់។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​ក៏​បាន​ប្រកាស​អំពី​ករណី​ឆ្លង​មេរោគ​នេះ​ដំបូង​ផង​ដែរ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ដូចជា​ប្រទេស​អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន គុយវ៉ែត បារ៉ែន និង​អូម៉ង់​ជា​ដើម៕