ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមហិមារបស់ប្រទេសចិន Huawei បានដាក់ពាក្យប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយចោទថា ច្បាប់ដែលសភាអាមេរិកបានអនុម័តកាលពីឆ្នាំទៅដើម្បីដាក់កំហិតលើការធ្វើពាណិជ្ជកម្មរបស់ខ្លួនក្នុងសរអានោះ មិនស្របតាមរដ្ឋធម្មនុញ្ញទេ។
ករណីដែលត្រូវបានក្រុមអ្នកវិភាគមើលឃើញថាជាវិធានការសម្រាប់ទំនាក់ទំនងសាធារណៈនោះ ជាកិច្ចប្រឹងប្រែងចុងក្រោយបង្អស់សម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ចិន ក្នុងការតបតចំពោះការព្រួយបារម្ភខាងផ្នែកសន្តិសុខរបស់ស.រ.អា. ដែលក្រុមហ៊ុន Huawei អះអាងថា ជារឿងអយុត្តិធម៌ ហើយគ្មានមូលដ្ឋានច្បាស់លាស់។
ក្នុងពាក្យបណ្តឹងនោះ ក្រុមហ៊ុន Huawei ជជែកវែកញែកថា មាត្រាទី៨៨៩នៃច្បាប់ការពារជាតិ បំពានលើគោលការណ៍រដ្ឋធម្មនុញ្ញដែលចែងអំពីការបែកចែកអំណាច និងការវិនិច្ឆ័យរបស់តុលាការ។ ក្រុមហ៊ុន Huawei លើកឡើងថា ការដៅទៅលើក្រុមហ៊ុនរបស់ខ្លួន និងការដាក់ទណ្ឌកម្មដោយគ្មានការវិនិច្ឆ័យរបស់តុលាការ ជាការបំពានលើច្បាប់រដ្ឋធម្មនុញ្ញ៕