ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​លេង​ប្រទេស​ចិន​នៅ​មិន​ទាន់​រើប​ឡើង​ដូច​មុន

A crowd is pictured on a mountainside tourist attraction in China in the undated photo. Although China welcomes foreign trade and tourism, some foreigners say they are cautious about visiting.

ខណៈពេល​ដែល​ប្រទេស​ចិន​ព្យាយាម​បង្ហាញ​ឱ្យ​ឃើញ​ថា​ខ្លួន​ជា​ប្រទេស​ស្វាគមន៍​ពាណិជ្ជកម្ម​និង​ទេសចរណ៍​បរទេស អាជ្ញាធរ​ព្រំដែន​ចិន​បាន​ប្រកាស​កាលពី​ពេល​ថ្មីៗ​នេះ​ថា អ្នក​ទេសចរ​បរទេស​ដែល​ទស្សនា​ប្រទេស​ចិន​មាន​ចំនួន​ជាង ៣៥ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ២០២៣។

តួលេខ​នេះ​គឺ​មាន​ចំនួន​ច្រើន​ជាង​តួលេខ​ឆ្នាំ ២០២២ ជិត ៧ ដង ដែល​នៅ​ពេល​នោះ​វិធានការ​បង្ការ​ជំងឺ​កូវីដ១៩ ដ៏​តឹងរ៉ឹង​បំផុត​របស់​ចិន​នៅ​ជា​ធរមាន​នៅ​ឡើយ ហើយ​អ្នក​ទេសចរ​មិន​ហ៊ាន​ទៅ​កម្សាន្ត​នៅ​ប្រទេស​ចិន។

ទោះជា​យ៉ាង​នេះ​ក្ដី តួលេខ​ឆ្នាំ ២០២៣ គឺ​មាន​ចំនួន​ប្រហែល​តែ​មួយ​ភាគ​បី​ប៉ុណ្ណោះ​នៃ​អ្នក​ទេសចរ​បរទេស​ចំនួន ៩៧ លាន​នាក់ ដែល​បាន​ទៅ​លេង​ប្រទេស​ចិន​នៅ​ក្នុង​ឆ្នាំ ២០១៩ មុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។

អ្នក​ជំនាញ​និង​អ្នក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​បាន​និយាយ​ថា ក្ដី​បារម្ភ​អំពី​សេរីភាព​ផ្ទាល់ខ្លួន​កំពុង​បង្អាក់​ទឹកចិត្ត​របស់​អ្នក​ទេសចរ ទោះបីជា​រដ្ឋាភិបាល​ចិន​បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​ទិដ្ឋាការ​ក៏ដោយ។

ស្ថានទូត​ចិន​ប្រចាំ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​កាលពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​ដាក់​ពាក្យសុំ​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង ដោយ​លែង​តម្រូវ​ឱ្យ​ពួកគេ​ភ្ជាប់​នូវ​ព័ត៌មាន​លម្អិត​នានា​ដូចជា​សំបុត្រ​យន្តហោះ​ទៅវិញ​ទៅមក ការ​កត់​បន្ទប់​សណ្ឋាគារ កាលវិភាគ​ធ្វើ​ដំណើរ ឬ​ក៏​លិខិត​អញ្ជើញ​ផ្សេងៗ​ជាដើម។

នេះ​គឺជា​ការ​ផ្លាស់ប្ដូរ​ដែល​ពលរដ្ឋ​អាមេរិកាំង​មួយ​ចំនួន​ពេញចិត្ត។ និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ម្នាក់​បាន​ប្រាប់ VOA ថា លោក​មាន​គម្រោង​ធ្វើ​ដំណើរ​ទេសចរណ៍​ដ៏​វែងឆ្ងាយ​និង​ស្មុគស្មាញ​ដោយ​សង្ឃឹម​ថា​នឹង​ចាប់ផ្ដើម​ពី​ប្រទេស​ចិន​និង​បញ្ចប់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។

និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ដែល​ស្នើ​ឱ្យ​ហៅ​លោក​ថា Michael ដើម្បី​កុំ​ឱ្យ​អាជ្ញាធរ​ចិន​ចាប់​អារម្មណ៍​នេះ បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​ស្នាក់នៅ​ក្នុង​ទីក្រុង​ប៉េកាំង​មួយ​រយៈ​នៅ​ពេល​ដំបូង​ដើម្បី​ទស្សនា​កន្លែង​បុរាណ​នានា​របស់​ចិន ហើយ​បន្ទាប់មក​ធ្វើ​ដំណើរ​ទៅ​ខេត្ត Yunnan នៅ​ភាគ​ខាង​ត្បូង និង​បន្ត​ដំណើរ​ឆ្ពោះ​ទៅកាន់​ប្រទេស​ឡាវ​និង​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេង​ទៀត»។

ប៉ុន្តែ លោក Michael បាន​បញ្ជាក់​ថា លោក​រារែក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​តាម​ការ​គ្រោងទុក​បើ​ទោះបីជា​ប្រទេស​នេះ​ជា​ប្រទេស​ដែល​លោក​ចង់​ទៅ​ទស្សនា​ជាង​គេ​បំផុត​ក៏ដោយ ដោយសារតែ​លោក​ខ្លាច​ប្រឈម​នឹង​ហានិភ័យ​ចំពោះ​សេរីភាព​ផ្ទាល់ខ្លួន​ទោះបីជា​លោក​ជា​អ្នក​ទេសចរ​ក៏ដោយ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​បាន​ឃើញ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ចេញផ្សាយ​ការ​ណែនាំ​ថ្មី​សម្រាប់​ការ​ធ្វើដំណើរ​ដោយ​ឱ្យ​ពិចារណា​ឡើងវិញ​អំពី​ការ​ធ្វើ​ដំណើរ [ទៅកាន់​ប្រទេស​ចិន]។ ខ្ញុំ​មិន​ច្បាស់​ទេ​ថាតើ​ខ្ញុំ​គួរ​គ្រោង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន​ឬ​ក៏​អត់ ឬ​ក៏​ប្រហែលជា​ខ្ញុំ​អាច​ទៅ​ប៉ុន្តែ​គួរតែ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ឬ​ក៏​យ៉ាង​ណា​នោះ ខ្ញុំ​មិន​ទាន់​ដឹង​ទេ»។

កាលពី​ខែ​មិថុនា​ឆ្នាំ​មុន ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ចេញផ្សាយ​ជា​ថ្មី​អំពី​ការ​ជូន​ដំណឹង​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​កម្រិត ៣ សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន ដោយ​បាន​ជំរុញ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ពិចារណា​ឡើងវិញ​អំពី​ការ​ធ្វើ​ដំណើរ​ទៅ​ទីនោះ​ដោយសារតែ​អាច​មាន «ហានិភ័យ​នៃ​ការ​ត្រូវ​គេ​ឃុំខ្លួន​ខុស​ច្បាប់»។

សេចក្ដី​ជូន​ដំណឹង​នោះ​ក៏​មាន​បញ្ជាក់​អំពី​អ្វី​ដែល​បាន​លើកឡើង​នៅ​ក្នុង​ការ​ជូន​ដឹណឹង​ឱ្យ​ប្រុង​ប្រយ័ត្ន​កាលពី​លើក​មុនៗ​ផង​ដែរ ដែល​នោះ​គឺ​ការ​ពិចារណា​ឡើង​វិញ​អំពី​ការ​ធ្វើដំណើរ​ផ្អែក​លើ​ហានិភ័យ​នៃ «ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​មូលដ្ឋាន​ដោយ​មិន​រើសមុខ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ហាមឃាត់​មិន​ឱ្យ​ចេញ​ពី​ប្រទេស​ចិន​ផងដែរ»។

ក្ដី​បារម្ភ​ដូចនេះ​គឺជា​ផ្នែក​មួយ​នៃ​បញ្ហា​ដែល​រដ្ឋាភិបាល​ចិន​កំពុង​ប្រឈម នៅ​ពេល​ដែល​ខ្លួន​ព្យាយាម​បង្ហាញ​នូវ​រូបភាព​វិជ្ជមាន​ទៅកាន់​ពិភពលោក​ឱ្យ​ឃើញ​ថា​ខ្លួន​ជា​ប្រទេស​ស្វាគមន៍​អ្នក​ជំនួញ​និង​អ្នក​ទេសចរ។

បទ​បញ្ញត្តិ​បន្ធូរបន្ថយ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​មួយ​ខែ​ក្រោយ​មក​បន្ទាប់ពី​ប្រទេស​ចិន​បាន​ប្រកាស​អំពី​គោល​នយោបាយ​គ្មាន​ទិដ្ឋាការ​នៅ​ខែ​ធ្នូ​ឆ្នាំ​មុន​សម្រាប់​ពលរដ្ឋ​ដែល​កាន់​លិខិត​ឆ្លងដែន​មកពី​ប្រទេស​ចំនួន ៦ ដែល​នោះ​គឺ​បារាំង អាល្លឺម៉ង់ ហូឡង់ អ៊ីតាលី ម៉ាឡេស៊ី និង​អេស្ប៉ាញ។

ទីភ្នាក់ងារ​អន្តោប្រវេសន៍​ជាតិ​របស់​ប្រទេស​ចិន​បាន​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​មកពី​ប្រទេស​ទាំង​នេះ​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន​មាន​ចំនួន​ច្រើន​ជាង​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ចំនួន ២៨,៥%។ កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ចិន​បាន​បន្ថែម​ប្រទេស​ស្វីស​និង​ប្រទេស​អៀរឡង់​ចូល​ទៅ​ក្នុង​គោល​នយោបាយ​គ្មាន​ទិដ្ឋាការ​នេះ។

ទីភ្នាក់ងារ​អាកាសចរណ៍​ស៊ីវិល​របស់​ប្រទេស​ចិន​បាន​បញ្ជាក់​កាលពី​ខែ​មករា​កន្លង​ទៅ​នេះ​ថា ខ្លួន​មាន​បំណង​បង្កើន​ការ​ហោះហើរ​ដោយ​ផ្ទាល់​រវាង​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក​ពី​ការ​ហោះហើរ​បច្ចុប្បន្ន​ចំនួន ៦៣ ជើង​ក្នុង​មួយ​សប្ដាហ៍។ កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ទីភ្នាក់ងារ​នេះ​បាន​កំណត់​គោលដៅ​ធ្វើ​យ៉ាង​ណា​សម្រេច​ឱ្យ​បាន​ការ​ហោះហើរ​នេះ​រហូត​ដល់​ទៅ ៧០ ជើង​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍​និង​ពាណិជ្ជកម្ម។

បើ​ទោះបីជា​គេ​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ថាតើ​ការ​បង្កើន​ការ​ហោះហើរ​និង​ការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​រឿង​ទិដ្ឋាការ​នេះ​បាន​ជួយ​បង្កើន​ចំនួន​ពលរដ្ឋ​អាមេរិកាំង​ទៅ​ទស្សនា​ប្រទេស​ចិន​ឬ​ក៏​អត់ អ្នក​ដែល VOA បាន​និយាយ​ជាមួយ​ដែល​មាន​គម្រោង​ទៅ​លេង​ប្រទេស​ចិន​ឬ​ក៏​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ចិន​ជា​ញឹកញាប់​បាន​បង្ហាញ​អំពី​ក្ដី​បារម្ភ​ថា​ហានិភ័យ​អាច​កាន់តែ​អាក្រក់​ជាងមុន។

ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ចិន​ម្នាក់​មកពី​ទីក្រុង Houston រដ្ឋ Texas ដែល​ធ្វើការ​នៅ​ក្នុង​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ និង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន ៥ ទៅ ៦ ដង​ក្នុង​មួយ​ឆ្នាំៗ បាន​ប្រាប់ VOA ថា ទោះបីជា​លក្ខខណ្ឌ​សម្រាប់​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ទេសចរណ៍​ត្រូវបាន​បន្ធូរបន្ថយ​ក៏ដោយ លោក​បាន​កត់សម្គាល់​ឃើញ​តាំងពី​ឆ្នាំ​មុន​មក​ថា មន្ត្រី​គយ​ចិន​បាន​សួរ​អ្នក​ទេសចរ​ដែល​ធ្វើ​ដំណើរ​ទៅ​ដល់​នូវ​សំណួរ​ច្រើន​ជាង​កាលពី​លើក​មុន។

លោក​បាន​ស្នើ​ឱ្យ​ហៅ​លោក​ថា «លោក Li» ដើម្បី​ឱ្យ​លោក​អាច​និយាយ​បាន​ដោយ​សេរី​ជាមួយ​នឹង VOA អំពី​បញ្ហា​នេះ។

លោក​បាន​និយាយ​ថា៖ «ចំណុច​ខុសគ្នា​មួយ​គឺ​ថា ឥឡូវ​នេះ​ចិន «ចាត់ទុក​ដោយ​ស្ងាត់ស្ងៀម» ថា​រាល់​ជន​បរទេស​ទាំងអស់ រួម​ទាំង​ជនជាតិ​ចិន​ដែល​រស់នៅ​បរទេស​ផងដែរ គឺ​ជា​ចារជន»។

កាលពី​ខែ​កក្កដា​ឆ្នាំ​មុន ច្បាប់​កែប្រែ​ថ្មី​របស់​ចិន​អំពី​ការ​ប្រឆាំង​នឹង​ចារកម្ម​បាន​ចូល​ជា​ធរមាន។ ករណី​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ័យខ្លាច​ថា​អាច​មាន​ការ​ចាប់ខ្លួន​តាម​ទំនើងចិត្ត​បន្ថែម​ទៀត និង​ធ្វើ​ឱ្យ​ពលរដ្ឋ​អាមេរិកាំង​កាន់តែ​ព្រួយ​បារម្ភ​អំពី​ការ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន ហើយ​ពលរដ្ឋ​ចិន​កាន់តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​នឹង​ជន​បរទេស។

លោក Zev Faintuch អ្នក​វិភាគ​ជាន់ខ្ពស់​ផ្នែក​ស៊ើបការណ៍​សម្ងាត់​នៃ​ក្រុមហ៊ុន Global Guardian ដែល​ជា​ក្រុមហ៊ុន​វាយតម្លៃ​លើ​ហានិភ័យ​ដែល​ធ្វើការ​ជាមួយ​នឹង​ក្រុមហ៊ុន​ពហុជាតិ​ផ្សេងៗ បាន​និយាយ​ថា អ្នក​ធ្វើដំណើរ​នៅតែ​មាន​ចំណាប់​អារម្មណ៍​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន។

ប៉ុន្តែ លោក​បាន​បន្ថែម​ថា៖ «ដោយសារ​ច្បាប់​នោះ វា​កាន់តែ​ងាយស្រួល​ជាង​មុន​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​ឃុំឃាំង​ជន​បរទេស»។

លោក Faintuch បាន​បញ្ជាក់​ទៀត​ថា លោក​បាន​ឃើញ​មាន​ការ​កើនឡើង​នូវ​អាជីវកម្ម​ដែល​ចង់​វាយតម្លៃ​លើ​ស្ថានការណ៍​ទូទៅ​នៅ​ក្នុង​ប្រទេស​ចិន ប៉ុន្តែ​មិន​មាន​សុទិដ្ឋិនិយម​ថា​ស្ថានការណ៍​នោះ​នឹង​ប្រសើរ​ឡើង​ឡើយ។

លោក​បាន​លើកឡើង​ដូច្នេះ​ថា៖ «អ្វី​ដែល​យើង​ប្រាប់​អតិថិជន​របស់​យើង​គឺ​ថា យើង​ជឿ​ថា​ឱកាស​នៃ​ការ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​ចិន​គឺ​អស់​ហើយ​សម្រាប់​ក្រុមហ៊ុន​បស្ចិម​ប្រទេស»។

លោក Yanzhong Huang អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​ផ្នែក​សុខភាព​សាកល​នៃ​អង្គការ Council on Foreign Relations បាន​ប្រាប់ VOA ថា ភ្ញៀវ​ទេសចរ​គួរតែ​ពិចារណា​អំពី​ចំណុច​នោះ​មុន​ពេល​មាន​ផែនការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន។

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «ការ​ចេញផ្សាយ​ច្បាប់​ប្រឆាំង​នឹង​ចារកម្ម​នេះ​បាន​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ចិន​រាយការណ៍​ទៅ​រដ្ឋាភិបាល​នូវ​អ្នក​ណា​ដែល​ពួកគេ​ចាត់ទុក​ថា​ជា​ភ្នាក់ងារ​ផ្សេងៗ​ដូចជា​ភ្នាក់ងារ​ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត (FBI) របស់​សហរដ្ឋ​អាមេរិក​ជាដើម»។។

លោក​បាន​បន្ថែម​ថា វិធីសាស្ត្រ​នេះ​គឺ «គ្មាន​លក្ខណៈ​ស្វាគមន៍​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មាន​គម្រោង​ទៅ​លេង​ប្រទេស​ចិន​នោះឡើយ»៕។

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ