ការ​អនុម័តរបស់​ចិន​​លើ​​​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​​ដែនដី​ហុងកុង​​បណ្តាល​ឱ្យ​មាន​ការ​ជ្រួល​ច្រាល

ប៉ូលិស​ចាប់​ខ្លួន​បុរស​ម្នាក់​បន្ទាប់​ពី​​ត្រូវ​ប៉ូលិស​បាញ់​កាំភ្លើង​បង្ហូរ​ទឹក​ភ្នែក​ចំនៅ Causeway Bay ក្នុង​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃទី​០១ កក្កដា ឆ្នាំ២០២០។

អ្នក​សង្កេត​ការណ៍​បាន​និយាយ​ថា​ការ​ធ្វើ​ដូច្នេះ​មាន​ន័យ​ថា​ជា​ការ​បញ្ចប់​គោល​ការណ៍​«ប្រទេស​មួយ​ប្រព័ន្ធ​ពីរ»​ដែល​ចក្រភព​អង់គ្លេស បាន​យល់​ព្រម​ជា​មួយ​ចិន​​មុន​ពេល​ប្រគល់​ក្រុង​នេះ​ទៅ​ឱ្យ​អាជ្ញាធរ​ចិន​វិញ។​

សភា​នៃ​ប្រទេស​ចិន​បាន​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​ចម្រូង​ចម្រាស​សម្រាប់​ដែន​ដី​ហុងកុង​ដែល​បណ្តាល​ឱ្យ​មាន​ការ​ជ្រួល​ច្រាល​ក្នុង​ចំណោមពួក​សកម្មជន​និង​ពល​រដ្ឋ​សាមញ្ញ។​ ការ​អនុម័ត​ច្បាប់​នេះ បណ្តាល​ឱ្យ​ក្រុម​សកម្មជន​មួយ​ចំនួន​បិទ​គណនេយ្យ​របស់​ពួក​គេ​ក្នុង​បណ្តាញ​សង្គម​ជា​បន្ទាន់​ហើយនាំ​ឲ្យ​មនុស្ស​នាំ​គ្នា​លុប​ចោល​នូវ​អ្វី​ដែល​ពួកគេ​បាន​ផុស​តាម​បណ្តាញព័ត៌មាន​សង្គម​ដោយ​សារ​ព្រួយ​បារម្ភ​ថាវិធានការ​ថ្មីៗ​ទាំង​នេះ​អាច​នាំ​ឱ្យ​ពួក​គេ​ត្រូវ​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ។​

ទីភ្នាក់​ងារ​ព័ត៌មាន ​Xinhua​ ជា​ផ្លូវការ​នៃ​ប្រទេស​ចិន​បាន​រាយ​ការណ៍​ថា​ អង្គភាព​ជាន់​ខ្ពស់​ខាង​តាក់​តែង​ច្បាប់​នៃ​ប្រទេស​ចិន គឺ​គណៈកម្មាធិការ​អចិន្តៃ្រយ៍​នៃ​សភា​ប្រជាជន​ចិន​បាន​អនុម័ត​វិធានការ​នេះ​កាល​ពី​ថ្ងៃអង្គារ​ទី​៣០​ខែ​មិថុនា​ហើយ​លោក​ប្រធានាធិបតី​ Xi Jinping ​បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​មួយ​គាំទ្រ​ច្បាប់​នេះ។​ទីភ្នាក់​ងារ​ព័ត៌មាន ​Xinhua​ បាន​និយាយ​ថា​វិធាន​ការ​ថ្មី​នេះ​នឹង​ត្រូវ​បញ្ចូល​ទៅ​ក្នុង​បញ្ជី​មួយ​នៃ ច្បាប់​ជាតិ​ដែល​ត្រូវ​អនុវត្ត​នៅ​ក្នុង​ក្រុង​ហុងកុង​នៅ​ក្នុង​ឧប​សម្ព័ន្ធ​មួយ​នៃ​រដ្ឋ​ធម្មនុញ្ញ​តូច​មួយ​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថាច្បាប់​ជា​មូលដ្ឋាន។​

បើ​តាម​អ្នក​ស្រី​ Carrie Lam ​ប្រធាន​ប្រតិបត្តិ​នៃ​ដែន​ដី​ហុងកុង​ថា​ច្បាប់​នេះ​ចូល​ជា​ធរមាន​នៅ​យប់​ថ្ងៃ​អង្គារ​ម៉ោង​ក្នុង​ស្រុក ​មួយ​ថ្ងៃ​មុន​ខួប​ឆ្នាំ​ទី​២៣​ នៃ​ការ​វិល​ត្រឡប់​របស់​ក្រុង​ហុងកុង​មក​ឋិត​នៅ​ក្រោម​ការគ្រប់​គ្រង​របស់​ប្រទេស​ចិន​វិញ។​

ដោយ​មាន​គោល​ដៅ​បញ្ឈប់​បាតុកម្ម​ដែល​ជាញឹក​ញយ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​បាន​ធ្វើ​ឱ្យ​កករ​ល្អក់​ដល់​ស្ថានភាព​នៅ​ហុងកុង​កាល​ពី​ឆ្នាំ​ទៅ​មិញ​នោះ​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​កំណត់​ថាការ​ទាមទារ​បំបែក​ទឹក​ដី​របស់​ប្រទេស​ វិទ្ធង្សនា​ភេរវកម្ម​និង​ការ​ឃុប​ឃិត​ជា​មួយ​កម្លាំង​បរទេស​គឺ​ជា​ឧក្រិដ្ឋកម្ម។​

ទីភ្នាក់​ងារ​ព័ត៌មាន Xinhua បាន​ដក​ស្រង់​សម្តី​លោក​ Li Zhanshu ​ប្រធាន​គណៈ​កម្មាធិការ​អចិន្តៃ្រយ៍​នៃ​សភា​ប្រជាជន​ចិន​ដែល​បាន​និយាយ​ថា​ច្បាប់​នេះ​បាន​អនុម័ត គោល​ការណ៍​នៃ​«ការ​ដាក់​ទណ្ឌកម្ម​មនុស្ស​មួយ​ក្រុម​តូច​ដើម្បី​ការពារ​មនុស្ស​ភាគ​ច្រើន»។

​លោក​បាន​ថ្លែង​ថា​ចំណាត់​ការ​នេះ​នឹង​ថែ​រក្សា​សន្តិសុខ​របស់​ប្រទេស​និង​«ស្ថិរភាព​រយៈ​ពេល​យូរ»​របស់​ដែន​ដី​ហុងកុង។​

គេ​មិន​បាន​លាត​ត្រដាង​ឱ្យ​ដឹង​អំពី​អត្ថបទ​ទាំង​ស្រុង​នៃ​ច្បាប់​នេះ​ទេ​ក៏​ប៉ុន្តែ​របាយ​ការណ៍​នៃ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ក្នុង​មូលដ្ឋាន​បាន​ដក​ស្រង់​សម្តី​ប្រភព​ដែល​បាន​និយាយ​ថា​មេដឹក​នាំ​កំពូល​នៃ​ក្រុង​ហុងកុង​និង​ទីភ្នាក់​ងារ​សន្តិសុខ​ជាតិ​ហុងកុង​ដែល​នាំ​មុខ​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំងនៅ​ក្នុង​ហុងកុង​អាច​បញ្ជូន​សំណុំ​រឿង​ដែល​គេ​ចាត់​ទុក​ថា​ជា​ករណី​ខាង​សន្តិសុខ​ជាតិ​«ធ្ងន់ធ្ងរ»​នោះ​ទៅ​ឱ្យ​តុលាការ​ក្នុង​ប្រទេស​ចិន​ដី​គោក​ដើម្បី​កាត់​ទោសនៅ​ក្រោម​«កាលៈ​ទេសៈ​ពិសេស»។​

សេចក្តី​រាយ​ការណ៍​ក្នុង​មូលដ្ឋាន​និយាយ​ថា​ការ​ដាក់​ទោស​សម្រាប់​ឧក្រិដ្ឋ​កម្ម​ខាង​សន្តិសុខ​ជាតិ​នឹង​មាន​ទោស​ពី​ការ​ជាប់​គុកពី​បី​ទៅ​ដប់​ឆ្នាំ​ហើយ​មាន​ការ​ដាក់ទោស​ជាប់​ពន្ធនាគារ​មួយ​ជីវិត​សម្រាប់​អ្វី​ដែល​គេ​ហៅ​ថា​«ឧក្រិដ្ឋ​កម្ម​ធ្ងន់​ធ្ងរ»។

សេចក្តី​រាយ​ការណ៍​ទាំង​នេះ​និយាយ​ថា​ទោះណា​ជា​ច្បាប់​នេះ​ត្រូវ​បាន​សន្មត​ថា​មិន​មាន​ប្រតិ​សកម្ម​ក្នុង​ការ​អនុវត្ត​ក៏​ដោយ​ក៏​សកម្មភាព​កាល​ពី​ពីរ​ឆ្នាំ​កន្លង​ទៅ​ដែល​គេ​ចោទ​ថា​បាន​«ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​រដ្ឋ»​នោះអាច​ត្រូវ​ប្រើ​ប្រាស់​ជា​ភស្តុតាង​នៅ​ក្នុង​តុលាការ។​

លោក ​Henry Tang ​ជា សមាជិក​គណៈ​កម្មាធិការ​អចិន្តៃ្រយ៍​នៃ​អង្គការ​សន្និសីទ​ពិគ្រោះ​យោបល់​ខាង​នយោបាយ​របស់​ប្រជាជន​ចិន​ដែល​ជា​អង្គការ​ផ្តល់​យោបល់។​លោក​បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​ថា​ប្រទេស​ចិន​នឹង​អនុវត្ត​យុត្តាធិការ​ទៅ​លើ​តែ​ករណី​មួយ​ចំនួន​តូច​ដែល​រដ្ឋាភិបាល​ហុងកុង​«គ្មាន​សមត្ថភាព​ឬ​គ្មាន​អំណាច»​ ដោះស្រាយ។​

តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ពួក​សកម្ម​ជន​នយោបាយ​វ័យ​ក្មេង​លេច​មុខ​ខ្លាំង​ដែល​មាន​រួម​ទាំង​លោក​ Joshua Wong លោក Nathan Law ​និង​កញ្ញា ​Agnes Chow ​ផង​បាន​ប្រកាស​ថា​ពួក​គេ​លាលែង​ចេញ​ពី​ក្រុម​ឈ្មោះ​ថា​ Demosisto​ ហើយ​ក្រុម​នេះ​ក៏​បាន​ប្រកាស​ដែរ​ថា​គេ​រំសាយ​ហើយ។ ​អង្គការ​ពីរ​ដែល​គាំទ្រ​ការ​ទាមទារ​ឯករាជ្យ​គឺ​រណសិរ្ស​ជាតិ​ហុងកុង​និង​Studentlocalism ​ក៏​បាន​និយាយ​ដែរ​ថាគេ​ក៏​នឹង​រំសាយ​ដែរ។​

លោក​ Wong ​ដែល​មាន​អាយុ​២៣​ឆ្នាំ​បាន​និយាយ​តាម​ទំព័រ ​Facebook​ របស់​លោក​ថាសម្រាប់​ពួក​សកម្មជន​ដែល​ចង់​បាន​លទ្ធិ​ប្រជា​ធិបតេយ្យ​វាជា​«ការ​ភ័យ​ខ្លាច​បាត់​បង់​ជីវិត​មិន​មែន​ជា​ការ​លេង​សើច​ទៀត​ហើយ»។

លោក​បាន​និយាយ​បន្ថែម​ថា​ពួក​សកម្ម​ជន​ទាំង​នេះ​ប្រឈម​នឹង​ការ​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ការ​សាក​សួរ​ចម្លើយ​ក្នុង​មជ្ឈមណ្ឌល​ឃុំឃាំង​ពិសេស​និង​ការ​បញ្ជូន​ទៅ​កាត់​ទោស​ក្នុង​ប្រទេសចិន​ថែម​ទៀត​ផង។​

បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​របស់​ប្រទេស​ចិន​បាន​ចោទ​ប្រកាន់​ច្រើន​ដង​ប្រឆាំង​នឹង​លោក ​Wong​ និង​ឥស្សរជន​សំខាន់ៗ​ឯ​ទៀតៗ​ដែល​លម្អៀង​ទៅ​ខាង​លទ្ធិ​ប្រជា​ធិបតេយ្យដូច​ជា​លោក​Jimmy Lai ​និង​លោក​ Martin Lee ​ជា​ដើម​ដោយ​និយាយ​ថា៖​ «ឃុប​ឃិត​ជាមួយ​ប្រទេស​មហា​អំណាច​បរទេស»​ ដោយសារ​ការ​ទាក់​ទង​របស់​ពួក​គេ​ជា​មួយ​ស.រ.អា.​និង​រដ្ឋាភិបាល​បរទេស​ឯ​ទៀតៗ។​ការ​ឃុប​ឃិត​ជា​មួយ​បរទេស​ជា​ឧក្រិដ្ឋ​កម្ម​មួយ​ក្នុង​បណ្តា​ឧក្រិដ្ឋ​កម្ម​បួន​ខាង​សន្តិសុខ​ជាតិ​មាន​ចែង​នៅ​ក្នុង​ច្បាប់​ថ្មី​នេះ។

លោក​ Wong​ បាន​និយាយ​ថា៖​ «គ្មាន​នរណា​ម្នាក់​ដឹង​ពិត​ប្រាកដ​អំពី​អ្វី​ដែល​នឹង​កើត​មាន​នៅ​ថ្ងៃ​ស្អែក​ទេ។​ក៏ប៉ុន្តែ​ឆន្ទៈ​របស់​ប្រជា​រាស្ត្រ​ហុងកុង​នឹង​មិន​ត្រូវ​កម្ទេចដោយ​ច្បាប់​សន្តិសុខ​ជាតិ​មួយ​ឬ​ច្បាប់​អាក្រក់​ឯ​ទៀតៗ​ទេ»។​ លោក​ប្តេជ្ញា​ថា​នឹងប​ន្ត​ការ​ប្រយុទ្ធ​ដើម្បី​ជំនឿ​របស់​លោកតាម​សមត្ថ​ភាព​ផ្ទាល់​របស់​លោក។​

ពលរដ្ឋ​ហុងកុង​សាមញ្ញ​និយាយ​ថា​ពួក​គេ​ក៏ព្រួយ​បារម្ភ​ដែរ​អំពី​ការបាត់​បង់​សេរីភាព​ជា​មូល​ដ្ឋាន​និង​វិធាន​ការ​ច្បាប់។​

និស្សិត​សាកល​វិទ្យាល័យ​ម្នាក់​ដែល​ថា​លោក​ឈ្មោះ ​Michael​ បាន​និយាយ​ថា៖​«ខ្ញុំ​ភ័យ​ខ្លាច​អាជ្ញាធរ​ទោះ​ជា​គេ​នឹង​ប្រើ​ច្បាប់​នេះ​តាមបែប​ណា​ក៏​ដោយ។​យើង​មិន​ដឹង​ថា​ពេល​ណា​យើង​ធ្វើ​ខុស​ច្បាប់​នោះ​ទេ។ចាប់​តាំង​ពី​ពេល​នេះ​ទៅ​យើង​ត្រូវតែ​រៀន​អំពី​របៀប​រស់​នៅ​ក្រោម​អំណាច​ផ្តាច់​ការ»។

លោក ​Michael ​ថ្លែង​ថា​លោក​និង​មិត្ត​ភក្តិ​ច្រើន​នាក់​បាន​លុប​ចោល​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ដោយ​ខ្លាច​ក្រែង​ត្រូវ​គេ​ចោទ​ប្រកាន់​ក្រោម​ច្បាប់​ថ្មី​នេះ។​

ការ​ពន្យល់​មួយ​អំពី​សេចក្តី​ព្រាង​ច្បាប់​នេះ​ដែល​បាន​ត្រូវ​ចេញ​ផ្សាយ​កាលពី​ពេល​មុន​នេះ​ចែង​ថា​វិធានការ​សន្តិសុខ​ជាតិ​នេះ​ក៏​ត្រូវ​សន្មត​ដែរ​ថាអាច​ធំ​ជាង​សេចក្តី​ព្រាង​ច្បាប់​ហុងកុង​«បើ​សិន​ជា​មាន​ការ​ខ្វែង​គំនិត​គ្នា»​ហើយ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ជាតិ​របស់​ប្រជាជន​មាន​អំណាច​បក​ស្រាយ​វិធានការ​ថ្មី​នេះ។​

អ្នក​ស្រី ​Lam ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថារដ្ឋាភិបាល​ក្រុង​ហុងកុង​នឹង​បង្កើត​គណៈ​កម្មការ​មួយ​ដើម្បី​ថែរក្សា​សន្តិសុខ​ជាតិ​ក្នុង​ពេល​ឆាប់ៗ​នេះ​តាម​ដែល​អាច​ធ្វើ​បាន​ហើយ​ថា​អ្នក​ស្រី​នឹង​ធ្វើ​ជា​ប្រធាន​គណៈ​កម្ម​ការ​នេះ។​សេចក្តី​ថ្លែង​ការណ៍​បន្ថែម​ថា​កង​អង្គភាព​នៃ​កងកម្លាំង​ប៉ូលិស​ហុងកុង​និង​ក្រសួង​យុត្តិធ៌ម​នឹង​ទទួល​ខុស​ត្រូវ​ដល់​ការ​អនុវត្ត​មាត្រា​ពាក់ព័ន្ធ​ក្នុង​ច្បាប់​នេះ។​

បើ​តាម​ការ​ផ្សាយ​របស់​បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​កាល​ពី​ពេល​មុន​នេះ​ថា​ប្រទេស​ចិន​នឹង​បង្កើត​ទី​ភ្នាក់​ងារ​មួយ​ដើម្បីវិភាគ​ស្ថានភាព​សន្តិសុខ​ជាតិ​នៅ​ហុងកុង​និង​«តាម​ឃ្លាំ​មើល សម្រប​សម្រួល​និង​គាំទ្រ​កិច្ចខិត​ខំប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​មូលដ្ឋាន​ប្រមូល​ព័ត៌មាន​ខាង​ការ​ស៊ើប​ការណ៍​សម្ងាត់​និង​ដោះស្រាយ​ករណី​ពាក់​ព័ន្ធ»។​

អ្នក​ស្រី ​Lam ​បាន​និយាយ​ថា៖ «នៅ​ក្រោយ​ការ​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ចលាចល​ខាង​សង្គម​ដែល​បាន​កើត​មាន​នៅ​ហុងកុង​ជិត​មួយ​ឆ្នាំ​នឹង​បាន​ធូរស្រាល​ហើយស្ថិរភាព​នឹង​ត្រូវ​ធ្វើ​ឱ្យ​មាន​ឡើង​វិញ​ហើយ​អាច​ឱ្យ​ក្រុង​ហុងកុង​ចាប់​ផ្តើម​ជា​ថ្មី​ឡើង​វិញ​ផង​ដែរ»។​

ក៏ប៉ុន្តែ​ពួក​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​មិន​យល់​ស្រប​ជា​មួយ​ទេ។​ពួក​គេ​និយាយ​ថា​ការ​ប្រើ​ច្បាប់​តឹង​តែង​បែប​នេះ​ដើម្បី​បង្ខិត​បង្ខំ​ឱ្យ​មាន​ស្ថិរភាព​សើៗ​ហើយ​នឹង​នាំ​ឲ្យ​មាន​ការ​តូចចិត្ត​ក្នុង​ចំណោម​ក្រុម​ពលរដ្ឋ​ហើយ​មិន​មែន​ជា​ដំណោះ​ស្រាយ​រយៈ​ពេល​យូរ​ទេ។​

លោក ​Joseph Cheng​ ជា​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ចូល​និវត្តន៍​នៃ​សាកល​វិទ្យាល័យ​ហុងកុង។​លោក​បាន​និយាយ​ថា៖ «ក្នុង​ក្រសែ​ភ្នែក​អ្នកស្រុក​ហុងកុង​ច្រើន​នាក់​នេះ​ជា​ទី​បញ្ចប់​នៃ​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​ហើយ​ក្រុង​ហុងកុង​នឹង​ដូចជា​ក្រុង​ណា​មួយ​ក្នុង​ប្រទេស​ចិន​ដែរ​ហើយ​ប្រជារាស្ត្រ​ហុងកុង​ក៏​ត្រូវតែ​មាន​អាកប្បកិរិយា​ដូច​អ្នក​ស្រុក​ក្នុង​ប្រទេស​ចិន។​

លោក​ Joseph Cheng ​បាន​ថ្លែង​ថា៖​«រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​សម្រេច​ក្នុង​ការ​កម្ទេច​ក្រុម​ប្រឆាំង​ក៏​ប៉ុន្តែ​មាន​ការ​បង់​ខាត​ច្រើន​ណាស់។​នៅ​ពេល​នេះ​សហគមន៍​អន្តរជាតិ​កំពុង​វាយ​តម្លៃ​ជា​ថ្មី​អំពី​របប​គ្រប់គ្រង​កុម្មុយនិស្តហើយ​មាន​ការ​រារែក​ច្រើន​ជាង​មុន​ក្នុង​ការ​ទាក់ទង​ជា​មួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង»។​

រដ្ឋបាល​លោក​ Trump​ បាន​ចាត់​វិធាន​ការ​មួយ​ចំនួន​បន្ទាប់​ពី​ប្រទេស​ចិន​បាន​ប្រកាស​អំពី​បំណង​របស់​ខ្លួន​ក្នុង​ការ​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​កាល​ពី​ខែ​ឧសភា។​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​ Mike Pompeo​ បាន​ប្រកាស​កាល​ពីដើម​ខែ​មិថុនា​ថា​ស.រ.អា.​លែង​ចាត់​ទុក​ក្រុង​ហុងកុង​ថា​មាន​ស្វ័យភាព​ពី​ប្រទេស​ចិន​ទៀត​ហើយ​ហើយ​កាលពី​ថ្ងៃ​ចន្ទ​ ទី២៩​ មិថុនា​ លោក​បាន​បញ្ឈប់​ការ​ដឹក​ជញ្ជូន​គឿង​ឧបករណ៍​ខាង​កិច្ច​ការពារ​ប្រទេស​និង​បច្ចេកវិជ្ជា​សម្រាប់​ប្រើ​ទាំង​ក្នុង​វិស័យ​យោធា​និង​ស៊ីវិល​ពី​ប្រទេស​អាមេរិក​ទៅ​ក្រុង​ហុងកុង​ដោយ​លោក​បាន​និយាយ​យោង​ដល់​គោល​បំណង​ខាង​សន្តិសុខ​ជាតិ៕

ប្រែ​សម្រួល​ដោយ ​លោក ​ឈឹម សុមេធ​