នៅថ្ងៃអង្គារនេះ ប្រទេសចិនបានចាប់ផ្ដើមសងសឹកប្រទេសកូរ៉េខាងត្បូងនិងជប៉ុន ដែលប្រទេសទាំងពីរនេះបានដាក់កំហិតរឿងជំងឺកូវីដ១៩ លើអ្នកដំណើរមកពីប្រទេសចិន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ស្ថានទូតចិននៅក្នុងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា ខ្លួនបានផ្អាកការចេញទិដ្ឋាការរយៈពេលខ្លីដល់អ្នកដំណើរមកពីប្រទេសកូរ៉េខាងត្បូង។ ចំណែកឯទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ជប៉ុនវិញបានរាយការណ៍ថា រដ្ឋាភិបាលចិនបានដាក់វិធានការស្រដៀងគ្នានេះដែរប្រឆាំងនឹងប្រទេសជប៉ុន។
ប្រទេសចិនបានបើកព្រំដែនរបស់ខ្លួនឡើងវិញកាលពីថ្ងៃអាទិត្យ ដោយដកចេញនូវលក្ខខណ្ឌកំហិតតឹងតែងចុងក្រោយដែលជាផ្នែកមួយនៃគោលនយោបាយគ្មានជំងឺកូវីដរបស់ខ្លួន ឬ zero-COVID ដែលខ្លួនបានចាប់ផ្ដើមលុបចោលភ្លាមៗកាលពីដើមខែធ្នូកន្លងទៅនេះ បន្ទាប់ពីមានការតវ៉ាជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសប្រឆាំងនឹងគោលនយោបាយនេះ។
ដោយលែងមានការដាក់កំហិតលើការបង្ការការឆ្លងជំងឺកូវីដ១៩ រដ្ឋាភិបាលចិនបានឈប់ចេញផ្សាយតួលេខអ្នកឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃ។
សហរដ្ឋអាមេរិក កូរ៉េខាងត្បូង បារាំង និងប្រទេសផ្សេងៗទៀតបានដាក់លក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរដែលធ្វើដំណើរមកពីប្រទេសចិនបង្ហាញតេស្តអវិជ្ជមានជំងឺកូវីដ១៩ ដើម្បីជាការឆ្លើយតបទៅនឹងការផ្ទុះឡើងជាថ្មីនៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន។
រដ្ឋាភិបាលខ្លះបានបង្ហាញក្ដីបារម្ភអំពីតម្លាភាពរបស់រដ្ឋាភិបាលចិនទាក់ទិននឹងទំហំនឹងផលប៉ះពាល់នៃការផ្ទុះឡើងជាថ្មីនៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសចិននេះ ខណៈដែលអ្នកជំនាញអន្តរជាតិនានាបានព្យាករណ៍ថាយ៉ាងហោចណាស់មានករណីស្លាប់ដោយសារជំងឺនេះមួយលាននាក់នៅក្នុងប្រទេសចិនក្នុងឆ្នាំនេះ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានបង្ហាញក្ដីបារម្ភផងដែរអំពីការបំប្លែងថ្មីនៃវិរុសកូវីដ១៩ នេះដែលអាចកើតឡើងនៅពេលអនាគត៕
ទីក្រុងប៉េកាំង —