នៅថ្ងៃពុធនេះ ក្រសួងការបរទេសចិនបានច្រានចោលការលើកឡើងដែលថា ខ្លួនបានគាំទ្រ ឬបានឯកភាពដោយស្ងៀមស្ងាត់ចំពោះរដ្ឋប្រហារយោធាកាលពីថ្ងៃច័ន្ទនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសជិតខាងរបស់ខ្លួន។
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួរនៅឯសន្និសីទកាសែតប្រចាំថ្ងៃថា៖ «ការលើកឡើងទាំងនោះមិនពិតទេ។ ដោយសារតែ មីយ៉ាន់ម៉ាជាប្រទេសជិតខាងដ៏គួរឲ្យរាប់អាន យើងសង្ឃឹមថា ភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាអាចដោះស្រាយការខ្វែងគំនិតគ្នារបស់ពួកគេដោយសមស្រប និងរក្សានូវស្ថិរភាពនយោបាយនិងសង្គម»។
កាលពីខែមុន រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជួបពិភាក្សាជាមួយមន្ត្រីមីយ៉ាន់ម៉ាដែលរួមមានទាំងអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាលោកនាយឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ដែលជាអ្នកដឹកនាំរដ្ឋប្រហារយោធាកាលពីថ្ងៃច័ន្ទផងដែរ នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីណៃពិដោ ប្រទេសមីយ៉ាន់ម៉ា៕