ក្រសួងការបរទេសចិនកាលពីថ្ងៃព្រហស្បតិ៍បានបដិសេធចំពោះប្រសាសន៍ដែលមាននិន្នាការប្រឆាំងចិនរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកនៅសាធារណរដ្ឋឆែក។
ក្នុងដំណើរទស្សនកិច្ចនោះ លោក Pompeo បានលើកឡើងជាថ្មីអំពីការប្រឆាំងនឹងចិន និងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលឆែកលើផ្នែកបច្ចេកវិទ្យា 5G និងការសាងសង់រោងចក្រអគ្គិសនីថាមពលនុយក្លេអ៊ែរ។ ប្រមុខការទូតសហរដ្ឋអាមេរិករូបនេះ ពេលនោះបានចោទប្រកាន់ថា ការប្រើប្រាស់បច្ចេកវិទ្យាពីប្រទេសចិននិងរុស្ស៊ីនឹង «បង្កគ្រោះថ្នាក់ដល់អធិបតេយ្យភាពនិងសន្តិសុខរបស់សាធារណរដ្ឋឆែក»។
ជាការប្រតិកម្មតប អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian ថ្លែងនៅក្នុងសន្និសីទព័ត៌មាននៅថ្ងៃព្រហស្បតិ៍ថា ប្រសាសន៍របស់លោក Pompeo អំពីចិនមិនមានមូលដ្ឋានទេ ហើយបាននាំឲ្យមានការថ្កោលទោសខ្លាំងៗពីស្ថានទូតចិននៅក្នុងប្រទេសឆែក។
មន្ត្រីអ្នកនាំពាក្យចិនរូបនេះបន្តថា ប្រសាសន៍របស់លោក Pompeo កើតចេញពី «ផ្នត់គំនិតសម័យសង្គ្រាមត្រជាក់» និងដើម្បី «ប្រយោជន៍ផ្ទាល់ខ្លួន»។
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ប្រទេសនានានៅទ្វីបអឺរ៉ុបដូចជាប្រទេសប៉ូឡូញ អេស្តូនី និងសាធារណរដ្ឋឆែកជាដើម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដោយបានសន្យាថា ក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា 5G នឹងមិនស្ថិតនៅក្រោមការត្រួតត្រាដោយរដ្ឋាភិបាលបរទេសណាមួយដោយគ្មានការពិនិត្យជាមុនពីតុលាការឯករាជ្យនោះទេ។ ការធ្វើបែបនេះមានន័យថាបណ្តាក្រុមហ៊ុនចិនមិនអាចផ្គត់ផ្គង់បច្ចេកវិទ្យា 5G បានទេ៕