កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រសួងការបរទេសចិន បានថ្កោលទោសខ្លាំងៗអំពីអត្ថាធិប្បាយដែលបានធ្វើឡើងដោយលោក Mike Pompeo រដ្ឋមន្រ្តីការបរទេសអាមេរិក ដែលក្នុងនោះលោករដ្ឋមន្រ្តីការបរទេសអាមេរិក បាននិយាយសំដៅមេរោគកូវីដ១៩ថា «វីរុសវូហាន»ហើយបានអះអាងថា ចិនបានធ្វើយុទ្ធនាការផ្តល់ព័ត៌មានមិនពិតអំពីការរាលដាលជាសាកលនូវមេរោគកូរ៉ូណានេះ។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo បានធ្វើអត្ថាធិប្បាយទៅកាន់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃពុធនៅខាងក្រៅសន្និសីទតាមវីដេអូជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង៧ហៅកាត់ថា G7។ លោក Pompeo បាននិយាយថា ប្រទេសនានា ត្រូវតែរួបរួមគ្នាប្រឆាំងនឹងព័ត៌មានមិនពិតរបស់ចិនស្តីពីមេរោគកូរ៉ូណានេះ។
ថ្លែងនៅសន្និសីទកាសែតប្រចាំថ្ងៃក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា លោក Pompeo ទទូចប្រើពាក្យ «វីរុសវូហាន»ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះចិននិងធ្វើឲ្យប៉ះពាល់ដល់ការខំប្រឹងប្រែងរបស់ចិនដើម្បីបង្វែរការយកចិត្តទុកដាក់។លោក Shuang បាននិយាយទៀតថា លោករដ្ឋមន្រ្តីការបរទេស Pompeo មាន«គោលបំណងអាក្រក់បំផុត»។
លោក Pompeo និងមន្រ្តីផ្សេងទៀតរបស់រដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំ រួមទាំងលោកប្រធានាធិបតីត្រាំផង ជារឿយៗ បានហៅមេរោគកូរ៉ូណាថ្មីថា«មេរោគវូហានឬមេរោគចិន»។ អង្គការសុខភាពពិភពលោកនិងអង្គការអន្តរជាតិផ្សេងទៀត បានឲ្យឈ្មោះមេរោគនោះជាផ្លូវការថា «មេរោគកូរ៉ូណាឬកូវីដ១៩»។
ការប្រើពាក្យនេះ បានក្លាយជាបញ្ហាមួយក្នុងអំឡុងនៃសន្និសីទវីដេអូ G7 កាលពីថ្ងៃពុធ នៅពេលដែលសហរដ្ឋអាមេរិក ទទូចប្រើពាក្យ«វីរុសវូហាន»នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលត្រូវចេញផ្សាយបន្ទាប់ពីជំនួប។ប្រទេសជាសមាជិកផ្សេងទៀត បានជំទាស់ការប្រើពាក្យនេះ ដែលនាំឲ្យមានការចេញសេចក្តីថ្លែងការណ៍ដាច់ពីគ្នា៕