ក្រសួងការបរទេសចិនបានបញ្ជាក់នៅថ្ងៃអង្គារនេះថា វិនិយោគិនបរទេសនៅតែមានចំណាប់អារម្មណ៍ខ្លាំងចំពោះប្រទេសចិន។ ការលើកឡើងនេះបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump អះអាងថា ការដំឡើងពន្ធគយរបស់លោកលើទំនិញចិនបានធ្វើឲ្យក្រុមហ៊ុននានាងាកចេញពីប្រទេសនេះ។
លោក Trump បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ការដំឡើងពន្ធគយរបស់លោកលើទំនិញចិនបានធ្វើឲ្យក្រុមហ៊ុននានាប្ដូរផលិតកម្មរបស់ខ្លួនចេញពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម និងប្រទេសផ្សេងទៀតនៅទ្វីបអាស៊ី។
គេមិនឃើញមានការត្រៀមចរចាពាណិជ្ជកម្មណាមួយបន្ថែមទៀតរវាងមន្ត្រីកំពូលពាណិជ្ជកម្មចិន និងមន្ត្រីកំពូលពាណិជ្ជកម្មសហរដ្ឋអាមេរិកធ្វើឡើងនោះទេ តាំងពីការចរចាជុំចុងក្រោយបានបញ្ចប់ទៅកាលពីថ្ងៃទី ១០ ខែឧសភាកន្លងទៅនេះ ដែលនៅថ្ងៃនោះ លោក Trump បានដំឡើងពន្ធគយពី ១០ ទៅ ២៥ ភាគរយ លើទំនិញចិនដែលមានតម្លៃប្រហែល ២០០ ពាន់លានដុល្លារអាមេរិក។
តាំងពីពេលនោះមក ប្រទេសចិនបានប្រើវោហារសាស្ត្រកាន់តែខ្លាំងក្លាជាងមុន ដោយបញ្ជាក់ថា ការចាប់ផ្ដើមចរចាពាណិជ្ជកម្មឡើងវិញទំនងជាមិនកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះទេ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kang បានឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Trump ថា វិនិយោគិនបរទេស «នៅតែមានសុទិដ្ឋិនិយម» ចំពោះប្រទេសចិន។ លោកបញ្ជាក់ដូច្នេះថា៖ «ទោះបីជាប្រហែល ១ ឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិកបានបន្តគំរាមកំហែងលើទំនិញចិនដោយការយកពន្ធគយបន្ថែមក៏ដោយ ក៏យើងអាចឃើញថា សុទិដ្ឋិនិយមរបស់វិនិយោគិនបរទេសចំពោះប្រទេសចិននៅតែខ្ពស់ដដែល»។
លោក Lu Kang បានបញ្ជាក់ថា ក្រុមហ៊ុនមួយចំនួនដូចជា ក្រុមហ៊ុន Tesla ក្រុមហ៊ុន BASF និងក្រុមហ៊ុន BMW ជាដើម បានបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ៕