ចិន​បង្កើន​សម្ពាធ​លើ​តៃវ៉ាន់​មុន​ពេល​ប្រធានាធិបតី​ថ្មី​របស់​តៃវ៉ាន់​ស្បថ​ចូល​កាន់​តំណែង

រូបឯកសារ៖ ប្រធានាធិបតី​តៃវ៉ាន់ទើបជាប់ឆ្នោតលោក Lai Ching-te ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មាន​មួយ នៅទីក្រុងតៃប៉ិ ប្រទេសតៃវ៉ាន់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

ប្រទេស​ចិន​បាន​បង្កើន​យុទ្ធនាការ​ជះ​ឥទ្ធិពល​និង​ដាក់​សម្ពាធ​ជា​បន្តបន្ទាប់​ទៅ​លើ​កោះ​តៃវ៉ាន់​មុន​ពេល​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​ថ្មី​របស់​តៃវ៉ាន់​លោក Lai Ching-te ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី ២០ ខែ​ឧសភា​ខាងមុខ។

អ្នកវិភាគ​មួយ​ចំនួន​បាន​និយាយ​ថា ចិន​កំពុង​ព្យាយាម​សាកល្បង​មើល​ថាតើ​រដ្ឋាភិបាល​ថ្មី​របស់​តៃវ៉ាន់​នឹង​ឆ្លើយតប​យ៉ាង​ដូចម្ដេច​ចំពោះ​ការ​ដាក់សម្ពាធ​របស់​ខ្លួន​កាន់តែ​ខ្លាំងឡើង ហើយ​ស្រប​ពេល​នោះ​ដែរ ចិន​ក៏​កំពុង​បំផ្លាញ​បន្តិច​ម្ដងៗ​នូវ​ស្ថានភាព​បច្ចុប្បន្ន​ដែល​មាន​ជាយូរ​មកហើយ​នៅ​ច្រកសមុទ្រ​តៃវ៉ាន់។

លោក Chen Fang-yu អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ Soochow នៅ​កោះ​តៃវ៉ាន់ បាន​ថ្លែង​ថា៖ «ក្នុង​រយៈពេល​ខ្លី ចិន​នឹង​ព្យាយាម​មើល​ថាតើ​រដ្ឋាភិបាល​ថ្មី​របស់​តៃវ៉ាន់​ក្រោម​ការ​ដឹកនាំ​របស់​លោក Lai នឹង​ឆ្លើយតប​យ៉ាង​ដូចម្ដេច​ទៅនឹង​យុទ្ធនាការ​ដាក់​សម្ពាធ​របស់​ខ្លួន»។

លោក​បាន​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា៖ «ស្របពេល​ជាមួយគ្នា​នេះ​ដែរ រដ្ឋាភិបាល​ចិន​ក៏​ប៉ុនប៉ង​កែប្រែ​ស្ថានភាព​បច្ចុប្បន្ន​ដែល​មាន​ជា​យូរ​មក​ហើយ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ នៅពេល​ដែល​តៃវ៉ាន់​កំពុង​ផ្ដោត​លើ​ការ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី»។

ក្រសួង​ការពារជាតិ​តៃវ៉ាន់​បាន​កត់សម្គាល់​ឃើញ​ថា ​យន្តហោះ​យោធា​ចិន ២៦ គ្រឿង​និង​នាវា​កងទ័ព​ជើងទឹក​ចិន ៥ គ្រឿង​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​ជិត​កោះ​តៃវ៉ាន់​ពី​ថ្ងៃ​ទី ២ ដល់​ទី ៣ ខែ​ឧសភា​នេះ ដោយ​ក្នុង​នោះ យន្តហោះ​យោធា​ចិន ១៧ គ្រឿង​បាន​ហោះ​ឆ្លងកាត់​ខ្សែ​បន្ទាត់​កណ្ដាល​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់។ យន្តហោះ​ចិន​ខ្លះ​បាន​ហោះហើរ​នៅ​ចម្ងាយ​ប្រមាណ​តែ ៧៦ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទីក្រុង​ Keelung ដែល​ជា​ទីក្រុង​កំពង់ផែ​នៅ​ភាគ​ខាងជើង​កោះ​តៃវ៉ាន់​ដែល​ជា​ទីតាំង​របស់​មូលដ្ឋាន​កងទ័ព​ជើងទឹក​ដ៏​សំខាន់​មួយ​របស់​តៃវ៉ាន់។

ទន្ទឹម​នឹង​នេះ​ដែរ អគ្គនាយក​ការិយាល័យ​សន្តិសុខ​ជាតិ​របស់​តៃវ៉ាន់​លោក Tsai Ming-yen បាន​ថ្លែង​ទៅកាន់​ក្រុម​សមាជិក​សភា​តៃវ៉ាន់​កាលពី​ថ្ងៃ​ទី ១ ខែ​ឧសភា​ថា យោធា​ចិន​បាន​ប្រើ​យុទ្ធវិធី​ថ្មី​នៅ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​ល្បាត​រួមគ្នា​ត្រៀម​ប្រយុទ្ធ​នៅ​ជិត​កោះ​តៃវ៉ាន់ ដែល​ក្នុង​នោះ​រួមមាន​ទាំង​ការ​ល្បាត​ប្រយុទ្ធ​នាពេល​យប់​និង​ការ​ប្រើប្រាស់​កប៉ាល់​ទម្លាក់​ទ័ព​និង​នាវា​កម្ទេច​គ្រាប់មីន​នៅ​ក្នុង​អំឡុង​សមយុទ្ធ​ទាំងនោះ​ផងដែរ។

ចិន​បាន​គំរាម​ម្ដងហើយ​ម្ដងទៀត​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ថា​ខ្លួន​នឹង​ប្រើ​កម្លាំង​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ខ្លួន​អាច​បង្រួបបង្រួម​ឡើងវិញ​ជាមួយ​នឹង​តៃវ៉ាន់។ រដ្ឋាភិបាល​ចិន​យល់​ឃើញ​ថា លោក Lai គឺជា​អ្នក​ដែល​តស៊ូមតិ​ទាមទារ​ឯករាជ្យភាព​របស់​តៃវ៉ាន់។

ដោយសារតែ​យោធា​ចិន​តែងតែ​ធ្វើ​សមយុទ្ធ​នៅ​ចន្លោះ​ខែ​មិថុនា​និង​ខែ​វិច្ឆិកា លោក Su Tzu-yun អ្នក​ជំនាញ​ផ្នែក​យោធា​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ផ្នែក​ការពារ​ជាតិ​និង​សន្តិសុខ (Institue for National Defense and Security Research) នៅ​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ បាន​និយាយ​ថា រដ្ឋាភិបាល​ថ្មី​របស់​តៃវ៉ាន់​ត្រូវតែ​ឃ្លាំមើល​ឱ្យ​បាន​ដិតដល់​លើ​ការ​កើនឡើង​ណាមួយ​នៃ​សកម្មភាព​យោធា​របស់​ចិន​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​នៅ​ក្រោយ​ការ​ឡើង​កាន់​តំណែង​របស់​លោក Lai នៅ​ថ្ងៃ​ទី ២០ ខែ​ឧសភា​ខាងមុខ។

បន្ថែម​ទៅ​នឹង​ការ​គំរាមកំហែង​ដែល​បង្ក​ឡើង​ដោយ​ការ​បង្កើន​សកម្មភាព​យោធា​របស់​ចិន អ្នកជំនាញ​ផ្នែក​សន្តិសុខ​មួយចំនួន​បាន​និយាយ​ថា តៃវ៉ាន់​គួរតែ​ប្រុងប្រយ័ត្ន​ផងដែរ​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​ចិន​ក្នុងការ​បង្កើត​ឱ្យ​មាន​ការ​បែកបាក់​នយោបាយ​នៅ​តៃវ៉ាន់។

លោក J Michael Cole អ្នកវិភាគ​ផ្នែក​បញ្ហា​សន្តិសុខ​ប្រចាំ​នៅ​កោះ​តៃវ៉ាន់ បាន​បញ្ជាក់​ថា៖ «មាន​គ្រប់​ហេតុផល​ទាំងអស់​ដែល​ត្រូវ​ជឿ​ថា [គណបក្ស​កុម្មុយនីស្ត​ចិន] កំពុង​បង្កើន​កិច្ច​ប្រឹងប្រែង​ដើម្បី​ប្រើ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​តៃវ៉ាន់​ឱ្យ​វាយប្រហារ​លើ​តៃវ៉ាន់​ខ្លួនឯង»។

លោក​បាន​បន្ថែម​ថា ចិន​នឹង​ពឹង​លើ​កម្លាំង​នយោបាយ​នៅ​តៃវ៉ាន់​ដែល​មាន​ភាព​រាក់ទាក់​ជាមួយ​ខ្លួន​ដើម្បី «បំផ្លាញ​រដ្ឋាភិបាល​របស់​លោក Lai» ហើយ​កិច្ច​ប្រឹងប្រែង​ទាំងនេះ​នឹង​មាន «ផលវិបាក​ធ្ងន់ធ្ងរ​លើ​សមត្ថភាព​របស់​តៃវ៉ាន់​ក្នុងការ​ទប់ទល់​នឹង​ការ​ជ្រៀត​ចូល​របស់​ចិន​និង​លើ​សមត្ថភាព​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល​តៃវ៉ាន់»។

តៃវ៉ាន់​បន្ត​ផ្ដល់​អាទិភាព​លើ​គោល​នយោបាយ​ចាស់

នៅក្នុង​ការ​ប្រឈម​នឹង​សម្ពាធ​កើនឡើង​ពី​ប្រទេស​ចិន លោក Lai បាន​តែងតាំង​សមាជិក​គណៈរដ្ឋមន្ត្រី​បច្ចុប្បន្ន​មួយ​ចំនួន​ឱ្យ​កាន់​តំណែង​សំខាន់ៗ​ផ្នែក​សន្តិសុខ​ជាតិ គោល​នយោបាយ​ការបរទេស និង​ទំនាក់ទំនង​ជាមួយ​ចិន​ដីគោក​សម្រាប់​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​លោក។

លោក Cole បាន​និយាយ​ថា ការ​ជ្រើសរើស​មន្ត្រី​របស់​លោក Lai សម្រាប់​ផ្នែក​សន្តិសុខ​ជាតិ​និង​គោល​នយោបាយ​ការបរទេស​នេះ​ឆ្លុះបញ្ចាំង​អំពី​ចេតនា​របស់​លោក​ក្នុង​ការ​បន្ត​របៀបវារៈ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​នឹង​ត្រូវ​អស់​អាណត្តិ​ក្រោម​ការ​ដឹកនាំ​របស់​អ្នកស្រី​ប្រធានាធិបតី Tsai Ing-wen ដែល​ផ្ដោត​លើ​ការ​ពង្រឹង​ទំនាក់ទំនង​របស់​តៃវ៉ាន់​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ដូចគ្នា​ដូចជា​សហរដ្ឋ​អាមេរិក​និង​ជប៉ុន​ជាដើម។

លោក​បាន​ប្រាប់ VOA ថា៖ «[ការ​សម្រេចចិត្ត] បែប​នេះ​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​ដល់​ប្រទេស​សម្ព័ន្ធមិត្ត​និង​ដៃគូ​នានា​របស់​តៃវ៉ាន់​នៅ​ជុំវិញ​ពិភពលោក​ថា តៃវ៉ាន់​នៅតែ​ប្ដេជ្ញា​ដើរ​តាម​គោល​នយោបាយ​ការបរទេស​ដែល​មាន​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​អ្នកស្រី Tsai»៕