ចិន​កៀរគរ​ការ​គាំទ្រ​សន្តិភាព​នៅ​មីយ៉ាន់ម៉ា​នៅ​កិច្ច​ប្រជុំ​ក្នុង​ប្រទេស​ថៃ

  • ​Reuters

រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi ចាប់ដៃ​ជាមួយ​រដ្ឋមន្ត្រីក្រសួងការបរទេស​ថៃ​អ្នកស្រី Eksiri Pintaruchi

ប្រទេស​ចិន​បាន​ជំរុញ​ប្រទេស​ជិត​ខាង​នានា​របស់​ប្រទេស​មីយ៉ាន់ម៉ា​ឱ្យ​ជួយ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ហែកហួរ​ដោយសារ​សង្គ្រាម​ឱ្យ​មាន​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​នៃ​ដំណើរការ​សន្តិភាព​និង​ការ​ផ្សះផ្សា នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​ចិន​បាន​ជួប​ពិភាក្សា​ជាមួយ​សមភាគី​របស់​ខ្លួន​មក​ពី​ប្រទេស​ឡាវ មីយ៉ាន់ម៉ា និង​ថៃ​កាល​ពី​ថ្ងៃ​សុក្រ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ សារព័ត៌មាន Reuters។

រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi បាន​ហៅ​ស្ថានការណ៍​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ថា​គួរ​ឱ្យ «បារម្ភ» ហើយ​លោក​បាន​ស្នើ​ថា ប្រទេស​ជិតខាង​គួរតែ​ជួយ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ជួយ​ប្រទេស​នេះ​ឱ្យ​បង្កើត​ស្ថានភាព​សេដ្ឋកិច្ច​និង​សង្គម​ដែល​បង្ការ​ជម្លោះ។

នៅ​មុន​ជំនួប​នេះ លោក Wang បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ប្រទេស​ថៃ​ថា ប្រទេស​ចិន​គាំទ្រ​ដំណើរការ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​គាំទ្រ​ផែនការ​តំបន់​មួយ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​ជា​បន្ត​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

លោក Wang បាន​និយាយ​ថា បណ្ដា​ប្រទេស​ជិតខាង «ជិះ​ទូក​ជាមួយ​គ្នា​និង​ផឹក​ទឹក​ពី​ទន្លេ​តែ​មួយ» មាន​ការ​យល់ដឹង​ប្រសើរ​ជាង​ប្រទេស​ណាៗ​ទាំងអស់​អំពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

លោក Wang បាន​បន្ថែម​ថា៖ «មិន​មាន​ប្រទេស​ណា​ចង់​ឱ្យ​ប្រទេស​មីយ៉ាន់ម៉ា​ស្ដារ​ស្ថិរភាព​និង​ការ​អភិវឌ្ឍ​ជាង​ប្រទេស​ជិតខាង​ខ្លួន​នោះ​ទេ»៕