ទីក្រុងនានានៅក្នុងប្រទេសចិន កំពុងមមាញឹកក្នុងការតំឡើងគ្រែបន្ថែមទៀតនៅតាមមន្ទីរពេទ្យនានា និងបង្កើតមណ្ឌលគ្លីនិកពិនិត្យជំងឺគ្រុនក្តៅជាច្រើន នៅថ្ងៃអង្គារនេះ ខណៈពេលដែលអាជ្ញាធរបានរាយការណ៍ពីមនុស្ស៥នាក់បន្ថែមទៀតបានស្លាប់ ហើយការព្រួយបារម្ភជាអន្តរជាតិកំពុងកើនឡើងទៅលើការសម្រេចចិត្តដ៏ភ្ញាក់ផ្អើលរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការបើកទូលាយមិនរឹតបន្តឹងដូចមុន ទៅលើបញ្ហាជំងឺកូវីដ១៩នេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រទេសចិននៅខែនេះ បានចាប់ផ្តើមបន្ធូរបន្ថយជាខ្លាំងនូវគោលការណ៍គ្មានជំងឺកូវីដ១៩ ឬហៅ«សូន្យកូវីដ» (zero-Covid) របស់ខ្លួន ដែលធ្លាប់តែមានការតឹងតែង ដោយមានការបិទខ្ទប់និងការធ្វើតេស្តនោះ ក្រោយពីមានការប្រឆាំងតវ៉ារបស់ពលរដ្ឋចិន។ វិធានការតឹងតែងប្រឆាំងជំងឺកូវីដ១៩នេះ បានរក្សាការរាតត្បាតមិនឱ្យកើនខ្លាំងក្នុងរយៈពេល៣ឆ្នាំមកនេះ ប៉ុន្តែការធ្វើដូចនេះ បានធ្វើឱ្យប៉ះពាល់ជាខ្លាំងទៅលើសង្គមនិងសេដ្ឋកិច្ចរបស់ខ្លួន ដែលជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកនោះ។
ពេលនេះជំងឺកូវីដ១៩ កំពុងរាតត្បាតនៅទូទាំងប្រទេសចិន ដែលមានពលរដ្ឋសរុបទាំងអស់ប្រមាណ១.៤០០លាននាក់ ហើយដែលខ្វះភាពស៊ាំការពារពីជំងឺអស់រយៈពេលជាយូរមកហើយនោះ បានបណ្តាលឱ្យមានការបារម្ភខ្លាំងទៅលើការស្លាប់ជាច្រើនដែលអាចកើតមានឡើងពីជំងឺនេះ ដោយសារតែការបំផ្លែងខ្លួនរបស់វីរុសកូវីដ១៩ និងផលប៉ះពាល់ទៅលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសនេះផងដែរ។
ក្រុងប៉េកាំងបានរាយការណ៍ពីចំនួនមនុស្សស្លាប់ពីកូវីដចំនួន៥នាក់នៅថ្ងៃអង្គារនេះ បន្ទាប់ពី២នាក់បានស្លាប់កាលពីថ្ងៃម្សិលមិញ ដែលជាការស្លាប់ដំបូងៗបំផុតដែលត្រូវបានរាយការណ៍នៅក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងទៅថ្មីៗនេះ។ ប្រទេសចិនមានអ្នកស្លាប់សរុបពីជំងឺកូវីដ១៩ ដែលខ្លួនបានរាយការណ៍ មានចំនួន៥.២៤២នាក់ ចាប់តាំងពីជំងឺរាតត្បាតនេះ បានកើតមានឡើងជាដំបូងចេញពីទីក្រុង Wuhan កាលពីចុងឆ្នាំ២០១៩។ ចំនួនអ្នកស្លាប់សរុបនេះ គឺមានលក្ខណៈទាបខ្លាំង បើយោងទៅលើបទដ្ឋានជាសាកលនោះ។
ប៉ុន្តែគេកំពុងតែមានការសង្ស័យកាន់តែខ្លាំងឡើងថាតើតួលេខនេះឆ្លុះបញ្ចាំងពីការពិតនៃជំងឺនេះឬទេ ដែលកំពុងរាតត្បាតពាសពេញទីក្រុងនានារបស់ប្រទេសចិននោះ បន្ទាប់ពីប្រទេសនេះ បានលុបចោលនូវការរឹតបន្តឹង ដែលរួមមានការតម្រូវឱ្យតេស្តជាដើមនោះ កាលពីថ្ងៃទី៧ ខែធ្នូកន្លងមក។
ក្រុមអ្នកជំនាញសុខភាពជាច្រើនប៉ាន់ប្រមាណថា ពលរដ្ឋចិនប្រមាណជា៦០ភាគរយ ឬស្មើនឹង១០ភាគរយនៃចំនួនប្រជាជននៅទូទាំងពិភពលោក អាចឆ្លងជំងឺកូវីដ១៩ក្នុងពេលប៉ុន្មានខែខាងមុខនេះ ហើយប្រជាជនចិនប្រមាណ២លាននាក់អាចស្លាប់ដោយសារជំងឺនេះ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price និយាយនៅថ្ងៃចន្ទថា លទ្ធភាពនៃការបំផ្លែងខ្លួននៃវីរុសជំងឺកូវីដ នៅពេលវាឆ្លងរាតត្បាតនៅទូទាំងប្រទេសចិននោះ អាចជាការគំរាមកំហែងមួយសម្រាប់ប្រជាជន នៅគ្រប់ទីកន្លែងទាំងអស់។
ដោយឡែកលោក Xu Wenbo ដែលជាមន្ត្រីចិននៃទីភ្នាក់ងារគ្រប់គ្រងនិងការពារជំងឺរបស់ប្រទេសចិន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា វីរុសនៃជំងឺកូវីដ១៩អាចមានការបំប្លែងខ្លួនថ្មី ប៉ុន្តែមន្ត្រីចិនរូបនេះបានបន្ធូរបន្ថយការព្រួយបារម្ភដែលមាននោះ៕
ចិនប្រញាប់ប្រញាល់ពង្រឹងប្រព័ន្ធសុខភាព ខណៈការឆ្លងរាលដាលនៃជំងឺកូវីដ១៩កំពុងហក់ឡើងខ្លាំង
ប្រទេសចិន/សិង្ហបុរី —