ចិនបានរៀបចំសិក្ខាសាលានិងវគ្គបណ្តុះបណ្តាលផ្សេងៗសម្រាប់មន្ត្រីនៅប្រទេសជាច្រើនក្នុងទ្វីបអាហ្វ្រិកនិងអាមេរិកឡាទីន ដោយមានគោលបំណងផ្សព្វផ្សាយប្រព័ន្ធឯកបក្សរបស់ខ្លួននិងទស្សនៈពិភពលោករបស់ប្រធានាធិបតីចិនលោក Xi Jinping។ នេះបើផ្អែកតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃសុក្រ ដែលយោងលើរបាយការណ៍ថ្មីមួយ។
សរសរស្តម្ភនៃការគ្រប់គ្រងរបស់លោក Xi គឺ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ឬហៅកាត់ថា BRI ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមហិមា ដែលចិនប្រើដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅបរទេស ដោយការផ្តល់កម្ចីដែលជាបន្ទូកធ្ងន់ដល់ប្រទេសកំពុងអភិវឌ្ឍ។
របាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី ១៣ ខែមិថុនា ដោយស្ថាប័នស្រាវជ្រាវគោលនយោបាយមានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានរៀបរាប់ពីការខំផ្សព្វផ្សាយការគ្រប់គ្រងបែបឯកបក្សនិងការគិតរបស់លោក Xi ដល់ដៃគូគម្រោង BRI ក្នុងផ្នែកនានានៃទ្វីបអាហ្វ្រិកនិងអាមេរិកឡាទីន និងហួសពីនោះទៀត ដោយសំអាងលើឯកសាររាប់រយដែលគេអាចរកបានជាសាធារណៈពីក្រសួងពាណិជ្ជកម្មចិន។
អ្នកនិពន្ធរបាយការណ៍របស់ស្ថាប័ន Atlantic Council គឺអ្នកនាង Niva Yau សរសេរថា ឯកសារទាំងនេះ៖ «ឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវទិដ្ឋភាពនៃគំរូអាជ្ញាធិបតេយ្យរបស់ចិនជាស្នូលនៃផែនទីបង្ហាញផ្លូវការអភិវឌ្ឍដ៏ជោគជ័យដែលប្រទេសដទៃអាចយកលំនាំតាមបាន»។
ក្នុងចំណោមគំនិតផ្តួចផ្តើមក្នុងឯកសារនោះគឺសិក្ខាសាលាដែលរៀបចំតាមអនឡាញសម្រាប់ទីប្រឹក្សាប្រធានាធិបតីនិងមន្ត្រីនៃគណៈរដ្ឋមន្ត្រីក្នុងប្រទេសកំពុងអភិវឌ្ឍដោយមានគោលបំណងពង្រីក «ឥទ្ធិពលអន្តរជាតិនៃប្រព័ន្ធអភិបាលកិច្ចចិន»។
ផ្អែកតាមឯកសាររបស់ក្រសួងពាណិជ្ជកម្មចិន ដែលរបាយការណ៍នេះសំអាងលើនោះ សិក្ខាសាលាដែលរៀបចំនៅខែមិថុនាឆ្នាំ ២០២១ ព្យាយាម «ណែនាំគំនិតរបស់ប្រធានាធិបតីចិនលោក Xi Jinping អំពីអភិបាលកិច្ចជាតិ ប្រព័ន្ធនយោបាយបច្ចុប្បន្នរបស់ចិន ជីវភាពនយោបាយនិងលក្ខណៈផ្សេងៗនៃដំណើរការសម្រេចចិត្តសម្រាប់គោលនយោបាយជាសារវ័ន្ត»។
កម្មវិធីបណ្តុះបណ្តាលមួយទៀតដែលមានគោលបំណងសម្រាប់មន្ត្រីអាហ្វ្រិក ដែលពាក់ព័ន្ធនឹងការរៀបចំផែនការក្រុង ផ្តោតលើប្រព័ន្ធឈ្លបមើលជាទូទៅរបស់ចិន៕