ប្រទេស​ចិន​​​ត្រៀម​រៀប​ចំ​កិច្ចប្រជុំ​កំពូល​​ នៅ​ក្រោម​ស្រមោល​នៃ​​សង្គ្រាម​អ៊ីស្រាអែល-ហាម៉ាស់

អ្នកដំណើរ​ដើរកាត់​សញ្ញា​វេទិកា Belt and Road នៅទីក្រុងប៉េកាំង​កាលពីថ្ងៃចន្ទ​ទី១៦ តុលា ២០២៣(AP Photo/Louise Delmotte)

ប្រទេស​ចិន​នៅ​ថ្ងៃ​ចន្ទ​នេះ បានចាប់​ផ្តើម​ស្វាគមន៍​តំណាង​មក​ពី​ប្រទេស​ចំនួន​១៣០ នៅ​ជុំវិញ​ពិភពលោក​នៅ​ក្នុង​សន្និសីទ​កំពូល​មួយ​ ​ដែល​នឹងមាន​ភាព​ស្រអាប់ខ្លាំង​ដោយ​សារ​តែ​បញ្ហា​សង្គ្រាមរវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​ ​ក្នុង​ពេល​ដែលរដ្ឋាភិបាល​ក្រុង​ប៉េកាំងដែល​កំពុង​មាន​ភាព​គឃ្លើន​កាន់​តែ​ខ្លាំង​ឡើង​ ត្រូវ​បាន​ស្នើ​សុំ​ឱ្យ​ជួយ​បន្ធូរបន្ថយអំពើ​ហិង្សា​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត។​ ​នេះបើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន AFP។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin​ ស្ថិត​នៅ​លើ​គេ​នៃ​បញ្ជី​ឈ្មោះអ្នក​អញ្ជើញ​ចូលរួម​ ក្នុង​វេទិកានៃ​គំនិត​ផ្តួចផ្តើម​ក្រវ៉ាត់និង​ផ្លូវ​ពាណិជ្ជកម្ម​របស់​ចិន ឬ BRI​ ​ដែល​នេះ​ជា​ដំណើរទៅ​ក្រៅ​ប្រទេស​ជា​លើក​ដំបូងហើយ របស់​មេដឹកនាំ​ប្រទេស​មហាអំណាចពិភពលោក​ដ៏​សំខាន់មួយ​នេះ​ បន្ទាប់​ពីរុស្ស៊ី​បានចូល​ឈ្លានពាន​អ៊ុយក្រែនមក​ ​ដែលបាន​ដាក់របប​ដឹកនាំ​របស់​លោកឱ្យ​នៅ​ឯកកោ​ពី​អន្តរជាតិ​នោះ។​ ​

មេដឹកនាំ​ប្រទេស​នានា​ បាន​ចាប់​ផ្តើមមក​ដល់​រដ្ឋធានី​ប៉េកាំង​នៃ​ប្រទេស​ចិន​ហើយ សម្រាប់​កិច្ចប្រជុំ​ដ៏​ធំ​មួយ​ ​ដើម្បីរំលឹក​ខួប​១០ឆ្នាំនៃ​គំនិត​ផ្តួច​ផ្តើម​ខ្សែក្រវ៉ាត់​និង​ផ្លូវ​ឬ​ BRI ដែល​ជា​គម្រោង​ដ៏​សំខាន់​មួយរបស់​ប្រធានាធិបតី​ចិន​លោក ​Xi Jinping ​ក្នុង​ការ​ពង្រីកឥទ្ធិពល​របស់​ចិន​ទៅ​កាន់​ពិភពលោក។​

​ខណៈពេលប្រទេស​ចិន​សង្ឃឹម​ថា​ វេទិកា​នេះ​នឹង​ជួយ​ជំរុញមុខមាត់​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ​នោះ​ ​សង្គ្រាម​រវាង​អ៊ីស្រអែល​និង​ក្រុមសកម្មជន​ហាម៉ាស់ នឹង​នៅបន្តជាព័ត៌មានចម្បង​គេ។​ ​

មនុស្ស​ជាង​មួយ​លាន​នាក់ បាន​ចាកចេញ​ពី​ផ្ទះសម្បែង​របស់​ពួក​គេក្នុង​ស្ថានភាព​ច្របូកច្របល់និង​អស់​សង្ឃឹម​ នៅ​ក្រោម​ការ​ទម្លាក់​គ្រាប់បែកពី​លើ​អាកាស​យ៉ាង​ខ្លាំង​ដោយ​កងទ័ព​អ៊ីស្រាអែល​ ​នៅ​លើតំបន់ Gaza Strip ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស់។​

រដ្ឋមន្ត្រីការបរទេស​ចិន​លោក​ Wang Yi កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ថ្កោលទោសសកម្មភាព​របស់​អ៊ីស្រាអែល​ថា​ ​បានធ្វើ​«លើសពី​ការការពារ​ខ្លួន‍»​ ​និង​បាន​អំពាវនាវ​ដល់​អ៊ីស្រាអែលឱ្យ​«បញ្ឈប់​ការធ្វើ​បាប​ដោយ​មិនរើស​មុខ​ទៅ​លើ​ប្រជាជនក្នុង​តំបន់​ហ្កាហ្សា»។

ក្រុម​មន្ត្រី​បញ្ចិមប្រទេស​ បាន​រិះគន់​ដល់​ប្រទេស​ចិន​ ថា​មិន​បាន​លើក​ឡើង​ចំ​ឈ្មោះក្រុម​សកម្មជន​ហាម៉ាស់​ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ស្តី​ពី​ជម្លោះ​អ៊ីស្រាអែលហ្គាហ្សា​នោះ។ ​

កាល​ពី​ថ្ងៃអាទិត្យ លោក Wang បាន​និយាយ​ជា​មួយរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​ Antony Blinken​ ដែល​បាន​ស្នើ​សុំ​ឱ្យ​ចិន ប្រើប្រាស់ឥទ្ធិពល​របស់​ខ្លួន នៅ​ក្នុងតំបន់មជ្ឈឹម​បូព៌ា​ ដើម្បីជំរុញ​ឱ្យ​មាន​ភាព​ស្ងប់ស្ងាត់៕​