ចិន​សន្យា​កាត់​បន្ថយ​កងទ័ព​៣០​ម៉ឺន​នាក់

ប្រធានាធិបតី​ចិន​លោក Xi Jinping (ខាងស្តាំ) ទះដៃ​ជាមួយ​ប្រធានាធិបតី​កាហ្សាស្តង់ Nursultan Nazarbayev (ខាងឆ្វេង) ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye និងប្រធានាធិបតី​រុស្ស៊ី​លោក​ Vladmir Putin នៅ​អំឡុងពេល​ដង្ហែ​ក្បួនយោធា​នៅ​ក្រុង​ប៉េកាំង​ នា​ថ្ងៃ​ទី០៣ ខែកញ្ញា ឆ្នាំ២០១៥។

លោកប្រធានាធិបតី​ចិន ​ស៊ី ជីនពីង បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ពី​ផែនការ​កាត់​បន្ថយ​កងកម្លាំង​យោធា​ដ៏​ធំជាង​គេ​បំផុត​នៅលើ​ពិភពលោក​ក្នុង​ចំនួន​៣០ម៉ឺននាក់​។ ការប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​អំឡុងពេល​មាន​ក្បួន​ព្យុហ៌​យាត្រា​ដើម្បី​រំលឹក​ពី​ជ័យ​ជម្នះ​លើ​ប្រទេស​ជប៉ុន​ក្នុង​សង្គ្រាម​ លោក​លើក​ទី២។​

ក្នុង​រយៈ​ពេល​ប្រហែល​ជាមួយ​ម៉ោង​នៅ​ក្នុង​ទីលាន​ធាន​អាន់​ម៉េន​នៃ​ទីក្រុង​ប៉េកាំង​ ក្បួន​រថក្រោះ​កាំ​ជ្រួច​បាញ់​រំលង​ទ្វីប យន្តហោះគ្មាន​មនុស្ស​បើក​ និង​កងទ័ព​បាន​ធ្វើ​ព្យុហ៌​យាត្រា​កាត់​ពីមុខ​មន្ត្រីយោធា​ជាន់​ខ្ពស់ និង​មេដឹកនាំ​រដ្ឋាភិបាល។ នេះ​ជា​អ្វី​ដែល​លោក​ប្រធានាធិបតី​ស៊ី​ហៅ​ថា​ ជា​ការ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ចិន​ចំពោះ​សន្តិភាព។

លោក​ប្រធានាធិបតី​ចិន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ «ដើម្បី​ផលប្រយោជន៍​សន្តិភាព ប្រទេស​ចិន​នឹង​នៅ​តែ​ប្តេជ្ញា​ចំពោះ​ការអភិវឌ្ឍ​ប្រកប​ដោយ​សន្តិភាព។ ពលរដ្ឋ​ចិន​របស់​យើង​ស្រឡាញ់​សន្តិភាព។ បើ​ទោះបី​ជា​ខ្លាំង​ជាងនេះ​ច្រើន​ដង​ក៏ដោយ​ក៏​ប្រទេស​ចិន​នឹង​មិន​ស្វែង​រក​ការធ្វើ​អនុត្តរភាព​ ឬការ​ពង្រីក​អំណាច​ទេ។

លោក​បាន​បន្ថែម​ថា ​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ផ្តល់​កិត្តិយស​ដល់​អ្នក​ដែល​បាន​ស្លាប់​ក្នុង​អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទីពីរ​គឺ​ការការពារ​មិន​ឲ្យ​សោកនាដកម្ម​ប្រវត្តិសាស្រ្តកើតឡើង​ម្តងទៀត។​

មាន​ទាហាន​ជាង​១២.០០០នាក់​បាន​ដើរ​ក្បួន​នៅ​ទីលាន​ធាន​អាន់​ម៉េន ៕