តំណាងទូតចិនប្រចាំនៅកម្ពុជាបានសន្យាថា រដ្ឋាភិបាលចិននឹងជួយសម្រួលកម្ពុជាក្នុងការបញ្ជាទិញវ៉ាក់សាំងផលិតដោយក្រុមហ៊ុននៅប្រទេសចិន ខណៈចិនបានប្រកាសជំនួយមនុស្សធម៌វ៉ាក់សាំងចិន៧០ ម៉ឺនដូសទៀតមកកម្ពុជា។
ការប្រកាសនេះធ្វើឡើងក្នុងពិធីទទួលវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុននៅប្រទេសចិន ឈ្មោះស៊ីណូវ៉ាក់ (Sinovac) ចំនួន ១ លាន ៥ សែនដូស ដែលបានមកដល់កម្ពុជា កាលពីព្រឹកថ្ងៃសុក្រ ដែលអាចចាក់មនុស្សបាន ៧៥ ម៉ឺននាក់។ មនុស្សម្នាក់ទទួលវ៉ាក់សាំង ២ ដូស ក្នុងចន្លោះពេល២សប្តាហ៍។
វ៉ាក់សាំងដែលមួយដូសមានតម្លៃ ១០ ដុល្លារ ត្រូវបានបញ្ជូនមកកម្ពុជា កាលពីវេលាម៉ោង ១០ និង ១៥ នាទីព្រឹក តាមជើងយន្តហោះ China Southern Airlines ដែលចេញដំណើរពីទីក្រុងប៉េកាំងប្រទេសចិន។
ក្នុងពិធីទទួលវ៉ាក់សាំងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក Wang WenTian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ថ្លែងថា ដោយសារចំណងមិត្តភាពនៃប្រទេសទាំងពីរ ចិនបានសម្រួលដល់ការបញ្ជាទិញវ៉ាក់សាំងនេះឲ្យបានលឿន គឺក្នុងរយៈពេលតែ ២ សប្តាហ៍ប៉ុណ្ណោះ ហើយតម្លៃវ៉ាក់សាំងនេះ ក៏ «ពិសេសបំផុត» ផងដែរ។
លោកបន្តថា ប្រទេសចិននឹងផ្តល់វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយចំនួន ៧០ ម៉ឺនដូសបន្ថែមទៀត ដែលនឹងមកដល់កម្ពុជានៅថ្ងៃទី ៣១ ខែមីនា។
លោកថ្លែងដោយមានការបកប្រែថា៖ «ខ្ញុំធ្លាប់បានលើកឡើងថា ប្រសិនបើជំងឺកូវីដ១៩ នៅតែបន្តរាតត្បាតក្នុងប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅតែបន្តឥតឈប់ឈរនោះដែរ។ ហើយខ្ញុំសូមបញ្ជាក់ថា ប្រទេសចិននៅតែបន្តផ្តល់ការគាំទ្រក៏ដូចជាផ្តល់ជំនួយឥតសំណង ដែលជាវ៉ាក់សាំងជូនដល់ភាគីកម្ពុជា ឬក៏ផ្តល់ភាពងាយស្រួលដល់ការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា»។
នៅក្នុងពិធីទទួលវ៉ាក់សាំងនោះដែរ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក វង្សី វិស្សុត តំណាងឲ្យរដ្ឋាភិបាល បានថ្លែងអំណរគុណដល់ភាគីចិននិងអ្នកបរិច្ចាគថវិកា ដូចជាអ្នកជំនួញមានងារឧកញ៉ា ម្ចាស់ក្រុមហ៊ុន និងសាធារណជនទូទៅ ដែលមានទឹកប្រាក់ប្រមាណ ៥០ លានដុល្លារ ដែលប្រមូលបានចាប់តាំងពីចុងឆ្នាំ ២០២០។
លោកបន្តថា រដ្ឋាភិបាលនឹងបន្តទិញវ៉ាក់សាំងឲ្យបានឆាប់និងឲ្យបានគ្រប់ចំនួន តាមផែនការគោលដៅ គឺចាក់មនុស្សឲ្យបានយ៉ាងតិច ១០ លាននាក់។
លោកមានប្រសាសន៍ថា៖ «ក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ជូនភាគីមិត្តចិនចំពោះសមានចិត្តគិតគូរនិងការផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដល់កម្ពុជាក្នុងគ្រាលំបាក ដែលស្តែងចេញជាការផ្តល់អំណោចជាមនុស្សធម៌ដ៏ថ្លៃថ្លា ជាវ៉ាក់សាំងជាង ១ លានដូស និងការផ្តល់ការសម្របសម្រួលដល់ការទិញផ្ទាល់របស់រាជរដ្ឋាភិបាលពីក្រុមហ៊ុនស៊ីណូវ៉ាក់ ក៏ដូចជាក្រុមហ៊ុនស៊ីណូហ្វាម»។
លោកបន្តថា រដ្ឋាភិបាលក៏បានទាក់ទងក្រុមហ៊ុន Johnson&Johnson នៅសហរដ្ឋអាមេរិក ដើម្បីទិញវ៉ាក់សាំងផងដែរ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ថា វ៉ាក់សាំងនេះជាការបញ្ជាទិញពីក្រុមហ៊ុនចិនក្នុងតម្លៃសរុប ១៥ លានដុល្លារអាមេរិក។ លោកស្រីបន្ថែមថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពប្រមាណ ៨០% ដូចវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) របស់រដ្ឋចិន ដែលកម្ពុជាទទួលបានជំនួយពីចិន ៦ ០ម៉ឺនដូស និងចាក់ជូនប្រជាពលរដ្ឋកម្ពុជា។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនោះបញ្ជាក់បន្ថែមថា ចំពោះវ៉ាក់សាំង ១ លាន ៥ សែនដូសនេះ រដ្ឋាភិបាលនឹងផ្តល់ដល់ក្រុមអាទិភាព ដែលមានមន្រ្តីរាជការនិងចាស់ជរាក្នុងតំបន់ដែលផ្ទុះជំងឺកូវីដក្នុងសហគមន៍។
លោកស្រីថ្លែងថា៖ «ក្នុងវ៉ាក់សាំង ១លាន៥សែនដូសនេះ គឺជំហានដំបូង នាងខ្ញុំបានទទួលការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ គឺយើងនឹងបន្តចាក់ជូនមន្រ្តីរាជការហើយនិងបងប្អូនប្រជាពលរដ្ឋចាស់ជរា ដែលកំពុងតែប្រឈមចំពោះជំងឺកូវីដ១៩ ហើយនៅចំពោះមុខនេះ រាជធានីភ្នំពេញ គឺជាទីតាំងមួយដែលប្រឈមខ្ពស់ ជាមួយខេត្តកណ្តាល និងខេត្តព្រះសីហនុ»។
បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋាភិបាលក៏បានបញ្ជាទិញវ៉ាក់សាំងស៊ីណូវ៉ាក់នេះចំនួន ៤ លានដូសបន្ថែមទៀត។
កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសឲ្យពលរដ្ឋសម្រុកទៅចាក់វ៉ាក់សាំងដើម្បីបង្ការជំងឺកូវីដ១៩ ពេលដែលកម្ពុជាកំពុងផ្ទុះឆ្លងសហគមន៍ធ្ងន់ធ្ងរ។
បើតាមលោក ហ៊ុន សែន វ៉ាក់សាំងស៊ីណូវ៉ាក់ ១លាន៥សែនដូសនេះ សម្រាប់ចាក់ឲ្យក្រុមអាទិភាពបន្ត ដែលលោកថា មានគ្រូបង្រៀនដែលស្ថិតក្នុងតំបន់ហានិភ័យ អ្នកធ្វើការក្នុងផ្នែកពន្ធដារគយអគ្គិសនីរដ្ឋាករទឹក កម្មករប្រមូលសំរាម សហជីព បេឡាជាតិ សន្តិសុខសង្គម និងផ្នែកដោះមីនជាដើម។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ជំរុញឲ្យបែងចែកវ៉ាក់សាំងនេះ ដល់ក្រុមអាទិភាពដែលងាយរងគ្រោះ ខណៈលោកឃើញសន្ទុះពលរដ្ឋចង់ចាក់វ៉ាក់សាំងកើនឡើង ស្របពេលមានករណីផ្ទុះឆ្លងសហគមន៍ មានករណីស្លាប់មនុស្សដោយសារជំងឺនេះ និងករណីផ្ទុះវីរុសកូវីដ១៩ បម្លែងថ្មី ដែលនាំឲ្យឆ្លងរហ័ស។
លោកប្រាប់ VOA ថា៖ «យើងចង់ឲ្យក្រុមអ្នកដែលមានហានិភ័យខ្ពស់ ជាពិសេសក្រុមដែលមានទំនាក់ទំនងបញ្ហាហានិភ័យ ហើយនិងជីវភាពរបស់ខ្លួន មានន័យថា គឺជាក្រុមដែលគាត់តែងតែបង្ខំចិត្តនៅក្នុងការចេញក្រៅ ការធ្វើដំណើរដើម្បីប្រកបមុខរបររកស៊ីប្រចាំថ្ងៃ»។
ប្រទេសកម្ពុជាកំពុងប្រើប្រាស់វ៉ាក់សាំង៣ប្រភេទ គឺទីមួយវ៉ាក់សាំងស៊ីណូហ្វាមដែលផលិតដោយរដ្ឋចិន វ៉ាក់សាំងអាស្រ្តាហ្សេនីកា (AstraZeneca) ដែលផលិតក្រោមយន្តការកូវ៉ាក់ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក និងវ៉ាក់សាំងស៊ីណូវ៉ាក់របស់ក្រុមហ៊ុនចិន ដែលទើបមកដល់នេះ។
រដ្ឋាភិបាលកម្ពុជាបានផ្តល់វ៉ាក់សាំងទាំងនេះដល់ក្រុមអាទិភាព ដោយវ៉ាក់សាំងស៊ីណូហ្វាមចាក់មនុស្សអាយុក្រោម ៦០ ឆ្នាំ ចំណែកវ៉ាក់សាំងអាស្រ្តាហ្សេនីកា ចាក់បានមនុស្សអាយុ ៦ ០ឆ្នាំឡើងទៅ៕