ថ្នាក់ដឹកនាំប្រទេសចិន នៅថ្ងៃច័ន្ទនេះបានសន្យាថា ប្រទេសចិននឹងផ្តល់ទិន្នន័យពេញមួយឆ្នាំទៅប្រទេសផ្នែកខាងក្រោមនៃទន្លេមេគង្គទាក់ទងនឹងជលសាស្រ្តដើម្បីអាចយកមកវិភាគ ខណៈប្រទេសនៅផ្នែកខាងក្រោមទន្លេមេគង្គ រួមមានកម្ពុជាកំពុងប្រឈមកង្វះទឹក។
ទន្លេមេគង្គហូរកាត់ប្រទេស៦ រួមមានចិន និងមីយ៉ាន់ម៉ា ដែលស្ថិតនៅផ្នែកខាងលើ និងប្រទេសជាសមាជិកអាស៊ានចំនួន៤ទៀតគឺប្រទេសឡាវ ថៃ កម្ពុជា និងវៀតណាម។
នៅក្នុងកិច្ចប្រជុំទន្លេមេគង្គឡានឆាងលើកទី៣ជាមួយប្រទេសចិន ក្រោមមូលបទ«ពង្រឹងភាពជាដៃគូដើម្បីវិបុលភាពរួម»នាយករដ្ឋមន្រ្តីចិនលោកលី ខឺឈាង (Li Keqiang) មានប្រសាសន៍ថា ប្រទេសចិននឹងចែករំលែកទិន្នន័យនានាដោយចំហ ព្រមទាំងផ្តល់អ្នកជំនាញថែមទៀត មកវិភាគទិន្នន័យទាក់ទងនឹងជលសាស្រ្តទន្លេមេគង្គ ដែលចិនហៅថា ជាទន្លេឡានឆាង។លោកសន្យាថា ប្រទេសចិននឹងផ្តល់ទិន្នន័យពេញមួយឆ្នាំទាក់ទងនឹងទឹកទន្លេមេគង្គ ដោយចាប់ផ្តើមពីឆ្នាំនេះ។
នាយករដ្ឋមន្រ្តីចិនមានប្រសាសន៍ដោយមានការប្រែសម្រួលថា៖«ចាប់ពីឆ្នាំនេះទៅ ប្រទេសចិននឹងចែករំលែកទិន្នន័យជលសាស្រ្តទឹកទន្លេមេគង្គពេញមួយឆ្នាំ ដល់ប្រទេសទន្លេមេគង្គខាងក្រោម»។
លោកថ្លែងបន្តថាការអភិវឌ្ឍ និងការប្រើប្រាស់ទឹកទន្លេមេគង្គដ៏ត្រឹមត្រូវ ត្រូវតែមានការគោរពគ្នាទៅវិញទៅមក។ លោកបន្ថែមថា៖ «ប្រទេសចិនបានខិតខំប្រឹងប្រែងជាច្រើនបន្ថែមទៀតដើម្បីបង្កើនទឹកហូរចេញទៅផ្នែកខាងក្រោម អំឡុងពេលរដូវរាំងស្ងួតដើម្បីជួយប្រទេសនៅផ្នែកខាងក្រោមអាចដោះស្រាយបញ្ហារាំងស្ងួតបាន»។
នាយកកម្មវិធីអាស៊ីអាគ្នេយ៍នៅវិទ្យាស្ថានស្រាវជ្រាវ Stimson Center លោក Brian Eyler ថ្លែងប្រាប់VOAនៅថ្ងៃច័ន្ទនេះថា ការសន្យារបស់ប្រទេសចិនក្នុងការផ្តល់ទិន្នន័យពេញមួយឆ្នាំនោះ មិនទាន់មានព័ត៌មានលម្អិតនៅឡើយទេ ថាតើនឹងមានការចែករំលែកព័ត៌មានទាក់ទងនឹងទំនប់វារីអគ្គិសនីរបស់ចិននៅផ្នែកខាងលើ ឬយ៉ាងណា។
លោក Brian Eyler ដែលនិពន្ធសៀវភៅ Last Days of the Mighty Mekong មានប្រសាសន៍ថា៖ «ប្រទេសចិនគួរតែចែករំលែកសូចនាករទាំងអស់ រួមមានស្ថានភាពកំពុងដំណើរការនៃទំនប់វារីអគ្គិសនីផ្នែកខាងលើទាំង១១ និងទិន្នន័យលំហូរដីល្បាប់ និងបម្លាស់ទីរបស់ត្រី។បើគ្មានទិន្នន័យទាំងអស់នេះទេ ប្រទេសនៅខាងក្រោមទន្លេមេគង្គមិនអាចវាយតម្លៃអំពីទឹកទន្លេមួយនេះឲ្យបានល្អ ហើយក៏មិនអាចប្រើប្រាស់ធនធានទឹកឲ្យបានល្អបំផុតដែរ»។
អគ្គលេខាធិការរងនៃគណៈកម្មការទន្លេមេគង្គកម្ពុជា លោក គល់ វឌ្ឍនាថ្លែងប្រាប់VOAកាលពីដើមខែសីហាថា ប្រទេសជាសមាជិករបស់គណៈកម្មការទន្លេមេគង្គ(MRC)ធ្លាប់បានស្នើសុំប្រទេសចិននូវទិន្នន័យនានា ដើម្បីយកមកវិភាគ ប៉ុន្តែប្រទេសចិន មិនបានផ្តល់ឲ្យពេញលេញនោះទេ ហើយប្រទេសទាំងអស់ ក៏មិនអាចចាប់បង្ខំឲ្យប្រទេសចិនផ្តល់ឲ្យនោះដែរ ដោយសារចិនមិនមែនជាសមាជិកគណៈកម្មការទន្លេមេគង្គ គ្រាន់តែជាដៃគូពិភាក្សាតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖ «យើងសុំគាត់ អាស្រ័យលើគាត់ឲ្យយើង។ បើគាត់មិនឲ្យ ក៏យើងគ្មានមូលដ្ឋានច្បាប់ណាមួយទៅសង្កត់គាត់បានទេ។ វាកត្តាកំណត់នៅលើចិនទេ។ អាយើងសុំសុំហើយ។ ស្អីចេះ ស្អីចុះ លើកហេតុផលម៉េចក៏លើកទៅ ក៏ប៉ុន្តែកត្តាកំណត់នៅលើចិន ដែលជាម្ចាស់ទិន្នន័យ។ គាត់ឲ្យប៉ុនណា ក៏ឲ្យប៉ុណ្ណឹង»។
នាយកប្រតិបត្តិសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល(FACT) លោក ឱម សាវ៉ាត ប្រាប់ VOA ថា ការបង្ហាញឆន្ទៈចែករំលែកទិន្នន័យជារឿងល្អមួយ ដោយសារប្រទេសកម្ពុជាកំពុងប្រឈមនឹងកង្វះទឹកពីរឆ្នាំជាប់គ្នា ស្របពេលមានការព្រួយបារម្ភរឿងទំនប់វារីអគ្គិសនីនៅលើតួទន្លេមេគង្គ។ លោកសង្ឃឹមថាប្រទេសចិននឹងចែករំលែកទិន្នន័យប្រកបដោយតម្លាភាព និងជាព័ត៌មានពិត ដើម្បីអាចយកមកវិភាគបាន។
លោកមានប្រសាសន៍ថា៖ «ក្រែងលោគាត់ថាតែមាត់។បើគាត់មានបំណងថាចែកជាការល្អហើយព្រោះយើងចង់បានអាហ្នឹង ដើម្បីពិនិត្យមើលកម្ពស់ទឹកលំហូរទឹក ព្រោះឥឡូវយើងឃើញហើយពីរឆ្នាំជាប់គ្នា ឆ្នាំ២០១៩ ឆ្នាំ២០២០ហ្នឹង កម្រិតទឹកទាបមែនទែន ចូលបឹងទន្លេសាប»។
លោកបន្ថែមថា៖ «អ៊ីចឹងហើយបើសិនជាចិនគាត់មានទឹកចិត្តថា ចង់ចែករំលែកព័ត៌មានទាំងអស់ហ្នឹងយើងwelcome(សូមស្វាគមន៍) យើងរីករាយប៉ុន្តែធ្វើម៉េចឲ្យព័ត៌មានហ្នឹងបង្ហាញអំពីភាពពិត ដើម្បីងាយស្រួលក្នុងការយើងសហការគ្នា»។
កិច្ចប្រជុំឡានឆាងមេគង្គដែលចាប់កំណើតឡើងក្នុងឆ្នាំ២០១៥ធ្វើឡើងពីរឆ្នាំម្តង។ប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងវិសាលភាពទឹកទន្លេមេគង្គតែ២ភាគរយប៉ុណ្ណោះនឹងធ្វើជាម្ចាស់កិច្ចប្រជុំនេះនៅឆ្នាំ២០២២ បន្ទាប់ពីប្រទេសឡាវដែលជាម្ចាស់ផ្ទះនៅឆ្នាំនេះ។
នៅក្នុងកិច្ចប្រជុំតាមវីដេអូអនឡាញ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានថ្លែងថា ការសម្រេចស្រុះស្រួលគ្នាលើការចែករំលែកព័ត៌មាន និងទិន្នន័យជលសាស្រ្តជាជោគជ័យសំខាន់មួយ។
លោកមានប្រសាសន៍ថា៖ «ការស្រុះស្រួលមតិរួមគ្នាក្នុងការរកដំណោះស្រាយទាក់ទងនឹងប្រធានបទរសើបបំផុតនៃការគ្រប់គ្រងទឹកឆ្លងដែន គឺជាជោគជ័យដ៏សំខាន់បំផុតមួយទៀតនៃកិច្ចសហប្រតិបត្តិការរបស់យើង»។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបន្តថា ប្រទេសកម្ពុជាដែលគ្រប់គ្រងទឹកទន្លេប្រមាណ១៨ភាគរយបានទទួលគម្រោងចំនួន៥៥ក្រោមកិច្ចព្រមព្រៀងដែលផ្តល់ជំនួយដោយប្រទេសចិន ហើយវានាំមកការអភិវឌ្ឍជាក់ស្តែងនិងលើកកម្ពស់សុខភាពរបស់ប្រជាជននៅតាមដងទន្លេមេគង្គ។
កាលពីដើមខែសីហា គណៈកម្មការទន្លេមេគង្គ ដែលមានប្រទេសជាសមាជិកចំនួន៤ រួមមានថៃ ឡាវ កម្ពុជា និងវៀតណាម បានលើកឡើងថា ទឹកទន្លេសាបរបស់កម្ពុជា ជួបប្រទះភាពរាំងស្ងួត មិនធ្លាប់មានពីមុនមក ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។គណៈកម្មការទន្លេមេគង្គ បានជំរុញឲ្យប្រទេសតាមដងទន្លេមេគង្គទាំង៦ ដែលមានទាំងប្រទេសចិន គ្រប់គ្រងទឹកទន្លេប្រមាណ១៦ភាគរយ ដោះស្រាយបញ្ហាលំហូរទឹកទាបក្នុងតំបន់ ខណៈដែលអាងទន្លេមេគង្គក្រោម ប្រឈមនឹងកំណត់ត្រាលំហូរទឹកទាបអស់រយៈពេល២ឆ្នាំជាប់គ្នា។គណៈកម្មការបញ្ជាក់ថាមូលហេតុនៃទឹកទាបនេះ រួមមានបរិមាណភ្លៀងធ្លាក់តិចតួចខុសប្រក្រតី ដែលបង្កដោយបាតុភូតអាកាសធាតុអែលនីណូ (El Nino) ស្ថានភាពលំហូរទាបរយៈពេលយូរដែលបន្តអូសបន្លាយ ចាប់ពីឆ្នាំ២០១៩មក និងលំហូរទឹកកម្រិតទាបជាងមុនពីដៃទន្លេមេគង្គ។
យោងតាមការសិក្សាមួយរបស់ក្រុមហ៊ុនអាមេរិកកាំង ឈ្មោះថាEyes on Earth ចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២០ ប្រទេសចិន បានខ្ទប់ទឹកទន្លេមេគង្គក្នុងបរិមាណយ៉ាងច្រើន កាលពីឆ្នាំ២០១៩ ជាមួយទំនប់វារីអគ្គិសនីចំនួន១១កន្លែងក្នុងប្រទេសខ្លួន។ ប៉ុន្តែរដ្ឋាភិបាលចិន បានបដិសេធការចោទប្រកាន់នេះ ដោយលើកឡើងពីភាពរាំងស្ងួត ដោយសារអាកាសធាតុ។
ក្រៅពីទំនប់វារីអគ្គិសនីនៅក្នុងប្រទេសចិន ក៏មានការព្រួយបារម្ភអំពីទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាសរបស់ឡាវដែលគ្រប់គ្រងទឹកទន្លេមេគង្គច្រើនជាងគេដល់ទៅ៣៦ភាគរយ មានដូចជាទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី (Xayaburi) និងទំនប់វារីអគ្គិសនីដនសាហុង (Don Sahong)។ អ្នកធ្វើការលើផ្នែកបរិស្ថានបារម្ភថា ទំនប់វារីអគ្គិសនីនៅទន្លេមេគង្គ នឹងប៉ះពាល់ការរស់នៅរបស់មនុស្សប្រមាណ៦០លាននាក់ នៅប្រទេសតាមដងទន្លេមេគង្គក្រោមទាំង៤ ដែលរួមមានកម្ពុជាផងដែរ៕