ប្រធានាធិបតីចិន ស៊ី ជីងពីង ដែលបានថ្លែងសុន្ទរកថាទៅកាន់មេដឹកនាំពិភពលោកនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ បានធ្វើការតាំងចិត្តធ្វើឲ្យមានសន្តិភាព លើកទឹកចិត្តឲ្យការអភិវឌ្ឍសាកលលោក ហើយនិងគាំទ្រកិច្ចខំប្រឹងប្រែងដើម្បីកាត់បន្ថយបម្រែបម្រួលអាកាសធាតុ។
នៅក្នុងសុន្ទរកថានៅព្រឹកថ្ងៃចន្ទ ប្រធានាធិបតី ស៊ី បានសន្យាផ្តល់ជំនួយដែលមានតម្លៃជាប្រាក់១ពាន់លានដុល្លាដល់មូលនិធិសន្តិភាពនិងអភិវឌ្ឍន៍របស់អង្គការសហ ប្រជាជាតិ ហើយបានសន្យាបង្កើតកងទ័ពបម្រុងរបស់កងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំនួន៨.០០០នាក់។ លោក ក៏បានប្រកាសដែរថា ចិន នឹងផ្តល់ប្រាក់១០០លានដុល្លាក្នុងជំនួយខាងយោធាដល់សហភាពអាហ្វ្រិកក្នុងរយៈពេលជាង៥ឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្មនៅលើទ្វីបនោះ។
លោកប្រធានាធិបតី ស៊ី បាននិយាយទៀតថា ចិន នឹងបន្តធ្វើឲ្យមានសណ្តាប់ធ្លាប់អន្តរជាតិ ដោយលោកបាននិយាយថា ប្រាក់មួយពាន់លានដុល្លា នឹងត្រូវរួមវិភាគទានសម្រាប់រយៈពេលជាង១០ឆ្នាំដើម្បីធ្វើឲ្យជឿនលឿនដល់កិច្ចសហប្រតិបត្តិការពហុភាគី។
គេបានរិះគន់ចិនចំពោះការមិនរួមចំណែកទទួលខុសត្រូវក្នុងកិច្ចការពិភពលោក។កាលពីថ្ងៃសៅរ៍ នៅឯសន្និសិទកំពូលស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ប្រធានាធិបតី ស៊ី បានសន្យាផ្តល់ប្រាក់២ពាន់លានដុល្លាដល់មូលនិធិជំនួយសាកលលោក ដើម្បីជួយអភិវឌ្ឍប្រទេសក្រីក្រ។
ទោះជាយ៉ាងណាក៏ដោយ ធនាគារពិភពលោកកត់សម្គាល់ថា ចិនខ្លួនឯងនៅជាប្រទេសកំពុងអភវឌ្ឍន៍នៅឡើយ ដោយមានប្រជាពលរដ្ឋចំនួន៩៩លាននាក់កំពុងរស់នៅក្រោមខ្សែបន្ទាត់ភាពក្រីក្រដែលជាចំនួនមួយខ្ពស់បំផុតក្រៅពីប្រទេសឥណ្ឌា៕