ប្រទេសចិននិងប្រទេសហ្វីលីពីនបានចោទប្រកាន់គ្នាទៅវិញទៅមកទាក់ទិននឹងហេតុការណ៍ប៉ះទង្គិចនាវាក្នុងដែនទឹកដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង នៅពេលដែលនាវាចិនបានរារាំងនាវាហ្វីលីពីនមួយគ្រឿងដែលដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ដល់កងកម្លាំងនៅទីនោះនៅថ្ងៃអាទិត្យនេះ ដែលនេះគឺជាការប្រឈមមុខដាក់គ្នានៅដែនសមុទ្រថ្មីបង្អស់មួយក្នុងចំណោមការប្រឈមមុខដាក់គ្នាដូចនេះជាច្រើន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រទេសទាំងពីរធ្លាប់មានការប៉ះទង្គិចគ្នាជាច្រើនលើករួចមកហើយនៅក្នុងតំបន់មួយចំនួននៃសមុទ្រចិនខាងត្បូងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជាពិសេសនៅតំបន់ជម្លោះ Second Thomas Shoal ដែលជាផ្នែកមួយនៃប្រជុំកោះ Spratly។
ប្រទេសហ្វីលីពីនបានបញ្ជូនគ្រឿងផ្គត់ផ្គង់ផ្សេងៗទៅឱ្យទាហានដែលឈរជើងនៅលើកប៉ាល់ដឹកជញ្ជូនសម័យសង្គ្រាមលោកលើកទីពីរដែលមានសភាពច្រេះចាប់មួយគ្រឿងដែលត្រូវបានប្រើជាប៉ុស្តិ៍ជួរមុខនៅតំបន់ Second Thomas Shoal នោះ ដែលករណីនេះបានបង្កឱ្យឆ្មាំការពារដែនសមុទ្ររបស់ចិនបញ្ជូននាវាជាបន្តបន្ទាប់ទៅរារាំងបេសកកម្មរបស់ហ្វីលីពីននេះ។
នៅក្នុងឧប្បត្តិហេតុដែលបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យនេះ ឆ្មាំការពារដែនសមុទ្ររបស់ចិនបាននិយាយថា មាន «ការបុកគ្នាបន្តិចបន្តួច» រវាងនាវារបស់ខ្លួនមួយគ្រឿងជាមួយនឹងនាវារបស់ហ្វីលីពីននោះនៅពេលដែលខ្លួនរារាំងដោយ «ត្រឹមត្រូវតាមច្បាប់» មិនឱ្យនាវាហ្វីលីពីននោះដឹកជញ្ជូន «គ្រឿងសំណង់ខុសច្បាប់» ទៅកប៉ាល់ទុកចោលដែលទាហានហ្វីលីពីនឈរជើងនោះ។
រដ្ឋាភិបាលហ្វីលីពីនបានឆ្លើយតបដោយថ្កោលទោស «ក្នុងកម្រិតខ្លាំងបំផុត» លើ «ទង្វើរារាំងដ៏គ្រោះថ្នាក់» របស់នាវាចិននេះ។
ក្រុមការងារពិសេសរបស់រដ្ឋាភិបាលហ្វីលីពីនទទួលបន្ទុកតំបន់ភាគខាងលិចនៃសមុទ្រហ្វីលីពីន (Task Force for the West Philippine Sea) បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «សកម្មភាពប្រកបដោយគ្រោះថ្នាក់ គ្មានការទទួលខុសត្រូវ និងខុសច្បាប់» របស់ចិននេះគឺជា «ការរំលោភលើអធិបតេយ្យភាព សិទ្ធិអធិបតេយ្យ និងដែនសមត្ថកិច្ចរបស់ហ្វីលីពីន»។
ហេតុការណ៍ប៉ះទង្គិចនាវានេះបានកើតឡើងក្នុងអំឡុងពេលបេសកកម្មផ្គត់ផ្គង់ឡើងវិញជាប្រចាំរបស់នាវាមួយគ្រឿងរបស់កងកម្លាំងហ្វីលីពីន។ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលហ្វីលីពីន។
សហរដ្ឋអាមេរិកបានបង្ហាញការគាំទ្រចំពោះប្រទេសហ្វីលីពីន ដោយបានថ្កោលទោស «ការបង្អាក់» របស់ចិនលើ «បេសកកម្មផ្គត់ផ្គង់ឡើងវិញដោយស្របច្បាប់របស់ហ្វីលីពីន» នេះ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសហ្វីលីពីនអ្នកស្រី MaryKay Carlson បានសរសេរនៅលើបណ្ដាញសង្គមអនឡាញ X ថា៖ «យើងគាំទ្រមិត្តភក្តិ ដៃគូ សម្ព័ន្ធមិត្តរបស់យើងនៅក្នុងការការពារអធិបតេយ្យភាពរបស់ហ្វីលីពីននិងនៅក្នុងការគាំទ្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានលក្ខណៈសេរីនិងបើកចំហ»។
ទំនាក់ទំនងរបស់ហ្វីលីពីនជាមួយនឹងចិនមានលក្ខណៈកាន់តែជូរចត់ឡើងនៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Ferdinand Marcos Jr.។ លោក Marcos បានពង្រឹងការប្រឡូករបស់យោធាហ្វីលីពីនជាមួយនឹងសហរដ្ឋអាមេរិកតាំងពីពេលដែលលោកបានឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនមក។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបញ្ជាក់កាលពីខែឧសភាថាខ្លួននឹងការពារប្រទេសហ្វីលីពីន ប្រសិនបើឆ្មាំការពារដែនសមុទ្ររបស់ហ្វីលីពីនរងការវាយប្រហារ «នៅកន្លែងណាមួយនៅសមុទ្រចិនខាងត្បូង»៕
ចិននិងហ្វីលីពីនចោទគ្នាទៅវិញទៅមកក្នុងហេតុការណ៍ប៉ះទង្គិចនាវានៅសមុទ្រចិនខាងត្បូង
ទីក្រុងប៉េកាំង ប្រទេសចិន & ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន —