ប្រទេសចិនបានអនុម័តច្បាប់ដ៏ចម្រូងចម្រាសថ្មីមួយ ដែលកំណត់បទបញ្ញត្តិថ្មីៗដល់អង្គការក្រៅរដ្ឋាភិបាលដែលមិនស្វែងរកប្រាក់កម្រៃ បើទោះបីជាមានក្តីបារម្ភពីសំណាក់បស្ចិមប្រទេសក៏ដោយ។
ច្បាប់ដែលត្រូវបានអនុម័តនៅថ្ងៃព្រហស្បតិ៍នេះ មិនទាន់ត្រូវបានគេបញ្ចេញជាសាធារណៈឲ្យលម្អិតនោះទេ ប៉ុន្តែកាលពីមុន ច្បាប់នេះមានសេចក្តីថា នឹងគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលដែលមិនស្វែងរកប្រាក់កម្រៃទាំងនេះឲ្យដូចនឹងអង្គការសប្បុរសធម៌បរទេស សមាគមជំនួញ និងវិទ្យាស្ថានអប់រំដែរ។ ច្បាប់នេះនឹងតម្រូវឲ្យអង្គការទាំងនោះ សហការជាមួយនឹងទីភ្នាក់ងារដែលរដ្ឋាភិបាលចិនត្រួតត្រា ដើម្បីអនុញ្ញាតឲ្យរដ្ឋាភិបាលអាចតាមដានរាល់សកម្មភាពនានារបស់ស្ថាប័នទាំងនោះបាន។
មន្ត្រីប៉ូលិសចិននឹងត្រូវបានគេផ្តល់អំណាចឲ្យបញ្ឈប់រាល់សកម្មភាពនានាដែលពួកគេគិតថាគំរាមកំហែងដល់សន្តិសុខជាតិ និងដាក់កម្រិតឲ្យនាយកអង្គការក្រៅរដ្ឋាភិបាលទាំងអស់រាយការណ៍អំពីកិច្ចប្រជុំរបស់ខ្លួនជាមួយនឹងមន្ត្រីរដ្ឋាភិបាល។
ប៉ូលិសក៏នឹងត្រូវអនុញ្ញាតឲ្យហាមឃាត់អង្គការក្រៅរដ្ឋាភិបាលណាដែលពួកគេជឿថា ញុះញង់ឲ្យផ្តួលរំលំរដ្ឋាភិបាល ឬចង់បំបែករដ្ឋ មិនឲ្យចូលមកក្នុងប្រទេសចិនបានឡើយ។
អង្គការក្រៅរដ្ឋាភិបាលក៏នឹងត្រូវហាមឃាត់មិនឲ្យជួលបុគ្គលិកនៅក្នុងប្រទេសចិនដោយមិនមានការអនុញ្ញាតពិសេសពីក្រុមប្រឹក្សាជាតិបានឡើយ៕