ចិន​និង​ប៉ាគីស្ថាន​ច្រានចោល​ព័ត៌មាន​​អំពី​ការ​ឃុបឃិត​គ្នា​ផលិត​អាវុធ​ជីវសាស្រ្ត

  • Ayaz Gul

រូប​ឯកសារ៖ ទិដ្ឋាភាព​ពី​លើ​អាកាស​បង្ហាញ​ពី​មន្ទីរពិសោធន៍ P4 នៃ​វិទ្យាស្ថាន Wuhan Institute of Virology ក្នុង​ក្រុង​វូហាន ប្រទេស​ចិន កាលពី​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

ប៉ាគីស្ថាន​ និង​ចិន​បាន​ហៅរបាយការណ៍ព័ត៌​មាន​ទាំង​ឡាយ​ដែលថា​សម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​ទាំងពីរ​បាន​រួមគ្នា​បង្កើត​គម្រោង​ស្រាវជ្រាវ​សម្ងាត់​មួយ​ដើម្បី​ផលិត​អាវុធ​ជីវសាស្រ្ត​ ដោយរំលោភលើ​សន្ធិសញ្ញា​សាកល​ស្តី​ពី​អាវុធ​ជីវសាស្រ្ត​នោះ ​ថា​ជា​រឿង​ប្រតិដ្ឋ​មិន​សមហេតុផល។​

សេចក្តីរាយការណ៍​មួយ​របស់​សារព័ត៌មាន​អូស្តា្រលី Klaxon បាន​ធ្វើ​ការចោទ​ប្រកាន់​នៅក្នុង​របាយការណ៍​ស៊ើបអង្កេត​របស់​ខ្លួន​ដែលបាន​ចេញផ្សាយ​កាល​ពី​សប្តាហ៍​មុន​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​និង​រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដ​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​រយៈពេល​៣ឆ្នាំ​ដើម្បី​ពង្រីក​សមត្ថភាព​អាវុធជីវសាស្រ្ត​ដែល​មាន​សក្តានុពល​សម្រាប់​ធ្វើ​សង្គ្រាម​ រួមទាំង​គម្រោង​សា្រវជ្រាវ​ជាច្រើនផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​អាវុធ​ជីវសាស្រ្ត​ដ៏​ប្រល័យ​ឈ្មោះ anthrax​ ផងដែរ។

របាយការណ៍​បាន​ដកស្រង់​ពី​ប្រភព​ស៊ើបការណ៍​សម្ងាត់​ជាច្រើន​ដែល​និយាយ​ថា វិទ្យាស្ថាន​ស្រាវជ្រាវ​អំពី​មេរោគ​ក្នុង​ក្រុងវូហាន ប្រទេស​ចិន ​ជា​អ្នកឧបត្ថម្ភ​ទាំង​ផ្នែក​ហរិញ្ញវត្ថុ ​និង​ជំនួយ​វិទ្យាសាស្រ្ត​ដើម្បី​បង្កើតទីតាំង​សម្ងាត់​មួយ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។ មន្ទីរពិសោធន៍​ក្នុង​ក្រុង​វូហាន​ក៏​បាន​ផ្តល់​ការ​បណ្តុះបណ្តាល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប៉ាគីស្ថាន​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​សារធាតុ​ពុល​ និង​ការវិភាគ​លើ​ទិន្នន័យ​ជីវសាស្រ្ត ដើម្បី​ឱ្យ​ប៉ាគីស្ថាន​បង្កើតការ​ប្រមូល​ទិន្នន័យ​អំពី​មេរោគ​ដោយ​ខ្លួន​ឯង​ផងដែរ។

ក្រសួង​ការបរទេស​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃអាទិត្យ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយនិយាយ​ថា «នេះ​គឺ​ជា​រឿង​ក្លែងបន្លំ​ដែល​ផ្តើម​ចេញ​ពី​ចរិត​នយោបាយ​ដែល​មាន​រួមបញ្ជូល​ព័ត៌មាន​ប្រតិដ្ឋ​ដកស្រង់​ពី​ប្រភព​អនាមិក»។

សេចក្តីថ្លែងការណ៍​បាន​អះអាង​ថា ​គ្មាន​អ្វី​ជា​ការ​សម្ងាត់​អំពី​កន្លែង​ផលិត​អាវុធ​ជីវសាស្រ្ត​ដូច​ដែល​របាយការណ៍បាន​ចោទប្រកាន់​នោះ​ទេ​ និង​បានបញ្ជាក់ទៀត​ថា​ កន្លែង​ពិសោធន៍​នេះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការស្រាវជ្រាវ​ និង​អភិវឌ្ឍ​លើ​ការ​គំរាម​ចំពោះ​សុខភាព​ដែល​ផ្ទុះឡើង​ ការឃ្លាំមើល​និង​ការស៊ើបអង្កេត​លើ​ការ​ផ្ទុះ​រាល​ដាល​ជំងឺ​ឆ្លង។

ក្រសួង​ការបរទេស​បាន​គូស​បញ្ជាក់​ថា​ប្រទេស​ប៉ាគីស្ថាន​បាន​គោរព​តាម​បទបញ្ញាត្តិ​អន្តរជាតិ​យ៉ាង​តឹងរ៉ឹង​និង​បាន​ចែករំលែក​ព័ត៌មាន​អំពី​មន្ទីរពិសោធន៍​នេះ​នៅ​ពេល​មាន​ការ​ចោទសួរ​ពី​បណ្តា​ភាគី​ប្រទេស​ជា​សមាជិក​នៅ​ក្នុង​អនុសញ្ញា​ស្តី​ពីអាវុធ​ជីវសាស្រ្តហៅ​កាត់​ថា BWC។ សន្ធិសញ្ញា​អន្តរជាតិ​នេះ​ហាមឃាត់​ប្រទេស​ជាសមាជិកមិន​ឱ្យ​បង្កើត​ ផលិត​ និង​ស្តុក​ទុក​សារធាតុពុល​ឬ​សារធាតុ​ជីវសាស្រ្ត។
សេចក្តីថ្លែងការណ៍​ដដែល​នោះ​បាន​និយាយ​ទៀត​ថា «ការ​ប៉ុនប៉ង​ប្រតិដ្ឋ​ព័ត៌មាន​អំពី​មន្ទីរពិសោធន៍​នេះ​ឡើង​គឺ​ជា​ការ​ប្រឆាំង​ទៅ​នឹង​កិច្ចប្រឹងប្រែង​ទប់ទល់​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ដែល​កំពុង​ត្រូវការ​ចាំបាច់​នៅ​ក្នុង​ការ​ឃ្លាំមើល​ជំងឺ​ ត្រួតពិនិត្យ​ និងកិច្ច​សហប្រតិបត្តិ​ការ​អន្តរជាតិ​ចំពោះជំងឺ​នេះ»។

ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​ប៉ាគីស្ថាន​ក៏​បាន​ថ្កោលទោស​របាយការណ៍​របស់​បណ្តាញ​សារព័ត៌មាន​អូស្រា្តលីនេះ​ថា​ជារឿង​ប្រតិដ្ឋ។

ស្ថានទូត​ចិន​បាន​បង្ហោះសារ Twitter ​កាល​ពី​ថ្ងៃអាទិត្យ​ថា «នេះ​ជា​ព័ត៌មាន​គ្មាន​ការ​ទទួល​ខុសត្រូវ​ មាន​ចេតនា​ធ្វើ​ឱ្យ​ខូចខាត​ដល់​ទំនាក់ទំនង​រវាង​ចិន ​និង​ប៉ាគីស្ថាន។ ក្នុង​នាម​ជា​ប្រទេស​ដែលមាន​ការ​ទទួលខុសត្រូវ​ ចិន​តែងតែ​គោរព​តាម​កាតព្វកិច្ចរបស់​ខ្លួន​ចំពោះ​អនុសញ្ញា​ស្តី​ពី​អាវុធ​ជីវសាស្ត្រ»។

ប៉ាគីស្ថាន​ និង​ចិន​បាន​រក្សា​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច​ និង​វិស័យ​ការពារ។ ប្រទេស​ជិតខាង​ទាំង​ពីរ​បាន​ធ្វើ​ឱ្យទំនាក់​ទំនង​ទ្វេ​ភាគី​នេះចាក់​ឬសកាន់​តែរឹងមាំ​ថែម​ទៀត ក្នុង​អំឡុងពេល​៦ឆ្នាំ​កន្លងមក​នេះ ខណៈ​ក្រុង​ប៉េកាំង​បោះទុន​វិនិយោគ​ទឹកប្រាក់​រាប់​សិប​ពាន់​លាន​ដុល្លារ​នៅក្នុង​គម្រោង​អភិវឌ្ឍ​ហេដ្ឋរចនាសម្ព័ន្ធ​ និង​ថាមពល​នៅក្នុង​ប្រទេស​ប៉ាគីស្ថាន៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា