ចិន​ប្រឆាំង​នឹង​ការ​ស្វាគមន៍​សម្តេច​ដាឡៃ​ ឡាម៉ា

សម្តេច​ ដាឡៃ ឡាម៉ា​ បាន​មកដល់​រដ្ឋធានី​វ៉ាស៊ីនតោន​។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​ចិន​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ក្រុង​ប៉េកាំង​ប្រឆាំង​នឹង​ប្រទេស​ដទៃ​ណា​ដែល​ទទួល​ស្វាគមន៍​សម្តេច។

មួយ​ថ្ងៃ​បន្ទាប់​ពី​មេ​ដឹកនាំ​សាសនា​ដែនដី​ទីបេតិដ៍​ (Tibet) បាន​ចូល​រួម​ក្នុង​ពិធី​សូត្រធម៌​ជាតិ​ប្រចាំ​ឆ្នាំ​នៅ​ពេល​ព្រឹក​ដែល​ត្រូវ​បាន​ហៅ​ National​ Prayer​ Breakfast​ នៅ​ក្រុង​ វ៉ាស៊ីនតោន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​ចិន​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ក្រុង​ប៉េកាំង​ប្រឆាំង​នឹង​ប្រទេស​ដទៃ​ណា​ដែល​ទទួល​ស្វាគមន៍​សម្តេច​ ដាឡៃ​ ឡាម៉ា​ (Dalai Lama)។​

លោក​ Hong Lei​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ប្រាប់​អ្នក​រាយការណ៍​ព័ត៌មាន​នៅ​ក្រុង​ ប៉េកាំង​ ថា​ សម្តេច​ ដាឡៃ​ ឡាម៉ា​ ជា​«អ្នក​និរទេស​នយោបាយ​ដែល​បាន​ចូល​រួម​ក្នុង​សកម្មភាព​បំបែក​ខ្លួន​ប្រឆាំង​និង​ចិន​ជា​យូរ​មក​ហើយ​ ដោយ​ប្រើ​មូលហេតុ​សាសនា»។​

លោក​ប្រធានាធិបតី​សរអា​ បារ៉ាក់​ អូបាម៉ា​ មិន​បាន​ជួប​ផ្ទាល់​ជា​មួយ​សម្តេច​ ដាឡៃ​ ឡាម៉ា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទេ​ តែ​បាន​អង្គុយ​មិន​ឆ្ងាយ​ពី​គ្នា​ ហើយ​បាន​សម្តែង​ការ​រាក់​ទាក់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។​

លោក​ អូបាម៉ា​ បាន​សរសើរ​សម្តេច​ ឡាម៉ា​ ថា​ជា​វរជន​ដែល​មាន​មេត្តាធម៌​ ហើយ​បាន​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​យើង​ទាំង​អស់​គ្នា​ហ៊ាន​និយាយ​អំពី​សេរីភាព​និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​មនុស្ស​គ្រប់​រូប៕