ចិន​​សម្ពោធ​គម្រោង​ផ្លូវ​ដែក​ ដែល​ជា​ផ្លូវ​ពាណិជ្ជកម្ម​​ឆ្ពោះ​ទៅ​កាន់​មហាសមុទ្រ​ឥណ្ឌា​​ឆ្លងកាត់​តាម​មីយ៉ាន់ម៉ា

រូបឯកសារ៖ អ្នកលក់​ដូរ​ឈរ​នៅ​កន្លែង​លក់​ទំនិញ​សម្រាប់​«ទីផ្សារ​​​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម»នៅ​ផ្សារ​ទំនើប​មួយ​ក្នុង​ទីក្រុង​ប៉េកាំង​កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។ (AP)

កាល​ពី​ខែសីហា ចិន​បាន​សម្ពោធ​ផ្លូវ​ពាណិជ្ជកម្ម​មួយ​តាម​រយៈ​កប៉ាល់ ផ្លូវ​គោក និង​ផ្លូវ​ដែក ដែល​ឆ្លងកាត់​មីយ៉ាន់ម៉ា ជា​ផ្នែក​មួយ​នៃគម្រោង​សាងសង់ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅទូទាំង​ប្រទេស​នៅអាស៊ីអាគ្នេយ៍​មួយ​នេះ ដើម្បី​អាច​ទៅ​កាន់​មហាសមុទ្រ​ឥណ្ឌា និង​តំបន់ភាគខាង​លិច។

ក្រុម​អ្នក​វិភាគ​និយាយ​ថា នេះ​ជា​បណ្តាញ​ខ្សែ​ផ្លូវ​មួយ​នៅ​ក្នុង​ចង្កោម​ផ្លូវ​ដឹកជញ្ជូន​ ដែល​ទាញ​ចិនឲ្យ​កាន់​តែខិត​ទៅ​ជិត​តំបន់​អាស៊ីអាគ្នេយ៍ ក្រោម​គម្រោងផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម‍ ឬ BRI របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ស្របពេល​ជំរុញ​ឥទ្ធិពល​របស់​ចិន​នៅទូទាំង​តំបន់​នេះ។

ពួកគេ​បាន​បន្ថែម​ថា ថា​តើ​គម្រោង​ផ្លូវ​ពាណិជ្ជកម្ម​នេះ​នឹងផ្តល់​ផល​ឬ​ទេនោះ​គឺ​អាស្រ័យ​លើ​ថា​តើ​ និង​នៅ​ពេល​ណា​ដែល​ផ្លូវ​ដែក​ថ្មី​ត្រូវ​បាន​សាងសង់​នៅ​មីយ៉ាន់ម៉ា ដែល​នេះ​ជា​បញ្ហា​ប្រឈម​មួយ​ដែល​កាន់​តែ​យ៉ាប់យ៉ឺន​ដោយសារភាព​វឹកវរ​នៅ​ក្នុង​ប្រទេស​នេះ​ចាប់តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី០១ ខែ​កុម្ភៈ​មក។ ​

ចំណង​ដែល​ចង​ភ្ជាប់

ស្ថានទូត​ចិន​នៅ​មីយ៉ាន់ម៉ា​បាន​ប្រកាសការ​សម្ពោធ​គម្រោង​ផ្លូវ​ពាណិជ្ជកម្ម​ថ្មី​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន បន្ទាប់​ពី​តេស្ត​សាកស្បង​ជោគជ័យ។

គម្រោង​ផ្លូវ​ពាណិជ្ជកម្ម​នេះ​គឺ​ចាប់ផ្តើម​ដោយ​កប៉ាល់​ពីសិង្ហបុរី​មក​កាន់​ក្រុង​ Yangon (រ៉ង់ហ្គូន) ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​មីយ៉ាន់ម៉ា ហើយ​បន្ត​ដោយ​ផ្លូវ​គោក​ទៅ​កាន់​ទី​ក្រុង​ Chinsheweshaw ជាប់​ព្រំ​ប្រទល់​ជាមួយ​ខេត្ត Yunan (យូណាន) របស់​ចិន។ ហើយ​បន្ទាប់​មក​ ទំនិញ​ដឹកជញ្ជូនតាម​ផ្លូវ​ពាណិជ្ជកម្ម​នេះ​នឹង​ធ្វើ​ដំណើរ​ចុងក្រោយ​តាមផ្លូវ​ដែក​ថ្មី​មួយ​ពី​ព្រំប្រទល់​ឆ្ពោះ​ទៅ​កាន់​ក្រុង Chengdu ទីរួមខេត្ត​ Sichuan ភាគ​កណ្តាល​ប្រទេស​ចិន។

​ស្ថានទូត​ចិន​បាន​ហៅ​ គម្រោង​នេះ​ថា​ជា មាគ៌ាថ្មីមួយ​សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឆ្ពោះ​ទៅ​កាន់​មហាសមុទ្រ​ឥណ្ឌា និង​ «ជា​ការ​ជំរុញ​ទៅ​មុខ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន​ និង​មីយ៉ាន់ម៉ា»។

លោក Bryan Tse អ្នក​វិភាគ​ប្រចាំ​ទី​ភ្នាក់ងារ Economist Intelligence Unit នៅ​មីយ៉ាន់ម៉ា​ បាន​ថ្លែង​ប្រាប់​ VOA ថា គម្រោង​នេះ «ក៏​ដូច​ជាគម្រោង​លក្ខណៈស្រដៀង​គ្នា​នេះ​ផ្សេង​ទៀតនៅ​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ​ នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាងចិន និង​តំបន់​នេះ ហើយ​ដូច្នេះ​នឹង​ជំរុញ​ឥទ្ធិពល​របស់​ចិន​នៅ​តំបន់​នេះ»។

លោក Li Mingjiang អ្នក​ជំនាញ​ផ្នែក​គោលនយោបាយ​ចិន​នៅ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ S. Rajaratnam ក្នុង​ប្រទេស​សិង្ហបុរី​បាន​និយាយ​ថា ផ្លូវ​រថភ្លើង​ថ្មី​នៅ​ចិន​នឹង​លើកកម្ពស់​ផ្លូវ​ពាណិជ្ជកម្ម​ ដែល​មាន​ស្រាប់អស់​រយៈពេល​រាប់ឆ្នាំ​មក​នេះ​ និងជំរុញ​បន្ថែម​ដល់ផ្លូវ​របៀង​សេដ្ឋកិច្ច​ចិន​-មីយ៉ាន់ម៉ា (China-Myanmar Economic Corridor) ដែល​ជា​ចំណុច​ផ្តោត​នៃគម្រោងផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​

គម្រោង​ផ្លូវ​របៀង​សេដ្ឋកិច្ចនេះ​ក៏រួម​មានសំណង់​ប្រព័ន្ធ​បំពង់​បញ្ជូន​ប្រេង​ និង​ឧស្ម័ន​ដែល​ភ្ជាប់​មីយ៉ាន់ម៉ា​ពី​តំបន់​ឈូង​សមុទ្រ​ Bengal នៅ​ភាគ​ខាង​លិច​ ទៅ​កាន់​ព្រំប្រទល់​ជាមួយ​ចិន​នៅ​ភាគខាង​កើត ដោយ​ឆ្លង​កាត់​ក្រុង Mandalay។ កំពង់ផែ​ទឹកជ្រៅ​ ទី​ដែល​បំពង់​បញ្ជូន​ប្រេង​ភ្ជាប់​ទៅតំបន់​ឆ្នេរ​ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សាងសង់។ ផែនការ​របស់​ចិន​ក៏ប្រមើល​មើលការ​បង្កើត​ផ្លូវ​រថភ្លើង​ល្បឿន​លឿន និង​ផ្លូវ​ល្បឿន​លឿន​នៅ​តាម​ផ្លូវ​ស្រប​ជាមួយ​នឹង​បំពង់បញ្ជូន​ប្រេង ដោយ​បន្ត​ទៅ​ភាគខាងត្បូង​ ចេញ​ពី​ក្រុង Mandalay ​ឆ្ពោះ​ទៅ​កាន់​ក្រុង Yangon ជាប់​សមុទ្រ​ Andaman។

តំបន់​ឈូង​សមុទ្រ​ Bengal និង​សមុទ្រ​ Andaman ​បើក​ចំហ​ទៅ​កាន់​មហាសមុទ្រ​ឥណ្ឌា ដែល​នេះ​ជា​កត្តា​សំខាន់​សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ការណ៍​នេះ​អាច​ឲ្យ​ជា​ជម្រើស​ផ្លូវ​ដឹកជញ្ជូន​សម្រាប់​ការនាំ​ចូល​ប្រេង​ និង​ឧស្ម័ន​របស់​ចិនពី​តំបន់​មជ្ឈិមបូព៌ា​ ក្រៅ​ពី​ការ​ឆ្លង​កាត់តាមច្រក​សមុទ្រ​ Malacca ជិត​ប្រទេស​សិង្ហបុរី ដែល​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​នេះអាច​ប្រឈម​នឹង​ហានិភ័យ ​ប្រសិន​បើ​មាន​ជម្លោះ។

ផ្លួវ​ដែក​ដែល​ជា​ដំណោះស្រាយ

ខណៈ​ផ្លូវ​ដែក​ពី​ព្រំប្រទល់​ចិន​និង​មីយ៉ាន់ម៉ា​ទៅ​កាន់​ក្រុង Chengdu ឥឡូវ​នេះ​កំពុង​តែ​ដំណើរការ​ ចិន​និយាយ​ថា ផ្លូវពាណិជ្ជកម្ម​ថ្មី​ឆ្លងកាត់​មីយ៉ាន់ម៉ា​តាម​ក្រុង​ Yangon (រ៉ង់ហ្គូន) នឹង​កាត់បន្ថយការ​ចំណាយ​ពេលវេលា​ជា​ច្រើន​សប្តាហ៍​ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​រវាង​មហាសមុទ្រ​ឥណ្ឌា​និង​ខេត្ត​ Sichuan។

ទោះ​បី​យ៉ាង​ណា​ក៏​ដោយ លោក Li បាន​និយាយ​ថា ទំហំ​ដី​លាតសន្ធឹងដ៏​ធំ​តាម​ផ្លូវ​គោក​ឆ្លងកាត់​មីយ៉ាន់ម៉ា​អាច​ជា​ឧបសគ្គ​មួយ​ និង​បង្កការ​លំបាក​សម្រាប់​ដឹកជញ្ជូន​ទំនិញ​គ្រប់ប្រភេទ​ ក្រៅ​ពី​ទំនិញ​ពិសេស ឬ​មាន​តម្លៃ​ខ្ពស់។

លោក​បាន​និយាយ​ថា៖ «វា​យឺតពេក ហើយ​បើ​និយាយ​ពី​ទំហំ​វិញ​គឺ​នៅ​មាន​កម្រិត ហើយ​នេះ​អាច​ជា​ឧបសគ្គ​ធំ​មួយ»។

យោង​ទៅ​តាម​អ្នក​វិភាគ​រូប​នេះ ដំណោះស្រាយ​ពិតប្រាកដ​តែ​មួយ​គត់​សម្រាប់​ចិន​គឺ​ បញ្ចុះបញ្ចូល​មីយ៉ាន់ម៉ា​ឲ្យ​ធ្វើ​ផ្លូវដែក​ថ្មីឆ្លង​ប្រទេស។

​លោក Li បាន​ថ្លែង​ថា៖ «នេះ​ជា​វិធី​តែ​មួយ​គត់ ប៉ុន្តែ​អស់​ពេល​ជា​យូរ​មក​ហើយ មីយ៉ាន់ម៉ា​ហាក់ដូចជា​ មិន​គាំទ្រ​គំនិត​ដូច​នេះ​នោះ​ទេ។ ទោះ​បី​ជា​នៅ​ទីបំផុត​មីយ៉ាន់ម៉ា​យល់ស្រប​ជាមួយ​នឹង​សំណើ​នេះ​ក៏​ដោយ​ ក៏ត្រូវ​ការ​ពេល​វេលា​សម្រាប់​សាងសង់» យ៉ាង​តិច​ក៏​ពីរ​ទៅ​បី​ឆ្នាំ​ដែរ។

លោក​បាន​បន្ថែម​ថា រហូត​មក​ទល់​ពេល​នេះ ​បរិមាណទំនិញ​តិចតួច​ដែល​ចិន​អាច​ដឹកជញ្ជូន​លើ​ផ្លូវ​ពាណិជ្ជកម្ម​ថ្មី​តាមរយៈ​ក្រុង​ Yangon ​ ​នេះ​ នឹង​មិនអាច​ជាជម្រើស​ដំណោះស្រាយ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ករណី​មាន​«បញ្ហា​ឆ្លង​កាត់​ ច្រក​សមុទ្រ Malacca» បាន​នោះ​ទេ។

ដោយ​ប្រឈម​នឹង​ការ​ជំទាស់​ពី​ប្រជាជន​ក្នុង​ស្រុក​ចំពោះគម្រោងផ្លូវ​ពាណិជ្ជកម្ម​នេះ ដែល​ប្រជាជន​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ដី​របស់​ពួកគេ ហើយ​ទទួល​បាន​សំណង​តិចតួច ឬ​មិនមាន​សំណង​ទាល់តែ​សោះ រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ទើប​តែយល់​ព្រមដោយ​ស្ទាក់ស្ទើរ​លើ​សំណើ​របស់​ចិន​ចំពោះ​ការ​សិក្សា​ពី​លទ្ធភាព​គម្រោង​ផ្លូវ​ពាណិជ្ជកម្ម​នេះ​តែ​ប៉ុណ្ណោះ។

លោក Tse បាន​លើកឡើង​ថា ការ​ព្រួយបារម្ភ​ពី​លទ្ធភាព​និង​ការ​ចំណាយបាន​ដាក់​បន្ទុក​បន្ថែម​ពី​លើ​ការ​ពន្យារ​ពេល​គម្រោង​ផ្លូវ​ពាណិជ្ជកម្ម​នេះ។ ​

លោក​បាន​ថ្លែង​ថា៖ «មក​ទល់​ពេល​នេះ​ គម្រោង​រួម​គ្នា​មួយ​ចំនួន​ក៏​ជួប​នឹង​វាសនា​ដូចគ្នា​នេះ​ដែរ ហើយ​មិនមាន​ហេតុផល​ច្រើន​ក្នុង​ការ​រំពឹង​ថា នឹង​មាន​ការ​ប្រែប្រួល​នោះ​ទេ ដោយសារ​តែ​បរិយាកាស​ភូមិសាស្រ្ត​នយោបាយ និង​ម៉ាក្រូ​សេដ្ឋកិច្ច ដែល​យោធា​មីយ៉ាន់ម៉ា​កំពុង​តែ​ប្រឈម​មុខ​នា​ពេល​បច្ចុប្បន្ន​នេះ»។

ដោយកំពុង​តែ​ប្រឈម​ស្រាប់នឹង​វិបត្តិ​ការ​រាតត្បាត​ជំងឺកូវីដ១៩ សេដ្ឋកិច្ច​មីយ៉ាន់ម៉ាបានរងផល​ប៉ះពាល់​យ៉ាងខ្លាំង​បន្ថែម​ទៀត ចាប់​តាំង​ពី​យោធា​បាន​ទម្លាក់​រដ្ឋាភិបាល​បោះឆ្នោត​ជ្រើសតាំងតាម​បែប​លទ្ធិប្រជាធិបតេយ្យ។ ទីភ្នាក់ងារ​ចាត់​ចំណាត់ថ្នាក់​អន្តរជាតិ​ Fitch Solutions រំពឹង​ថា សេដ្ឋកិច្ច​មីយ៉ាន់ម៉ា​នឹង​រួម​តូចក្នុង​អត្រា ២០​ភាគរយ​នៅ​ឆ្នាំ​នេះ។

​លោក Tse បាន​និយាយ​ថា ផ្លូវ​ពាណិជ្ជកម្ម​ថ្មី​នឹង​ជួយ​ជំរុញ​ដល់​សេដ្ឋកិច្ចប្រទេស ប៉ុន្តែ​មិន​គ្រប់គ្រាន់ដើម្បី «ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​គួរ​ឲ្យ​កត់សម្គាល់» នោះ​ទេ។

ការ​ផ្តល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក

អ្នកស្រី Khin Khin Kyaw Kyee ដែល​តាមដាន​ទំនាក់ទំនង​ចិន​-មីយ៉ាន់ម៉ា​នៅ​វិទ្យាស្ថាន​យុទ្ធសាស្រ្ត និង​គោលនយោបាយ​មីយ៉ាន់ម៉ា ដែល​ជា​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ​ក្នុង​ស្រុក​មួយ មិន​រពឹង​ថា ផ្លូវ​ពាណិជ្ជកម្ម​ថ្មី​នឹង​ផ្តល់​ផល​ប្រយោជន៍​ច្រើន​នោះ​ទេ។

អ្នកស្រីបាន​និយាយ​ថា មាន​តែ​មន្រ្តី​មួយ​ក្តាប់តូច និង​ក្រុមហ៊ុន​ដែល​មាន​ទំនាក់ទំនង​ជិតដិត​នឹង​មន្រ្តី​ទាំង​នោះ​ប៉ុណ្ណោះ​ នឹង​កេង​ចំណេញ​ពី​ថ្លៃ​ដឹកជញ្ជូន «ប៉ុន្តែ​សម្រាប់​ជនសាមញ្ញ និង​ប្រទេស​មីយ៉ាន់ម៉ា​ទាំងមូល ខ្ញុំ​មិន​ច្បាស់​ថា ពួកគេ​នឹង​ទទួល​បាន​ផលប្រយោជន៍​ច្រើន​នោះ​ទេ»។

អ្នកស្រី​បាន​បន្ត​ថា អ្វី​ដែល​ជនសាមញ្ញ​ត្រូវ​ការ​ បន្ថែមស្រប​នឹង​ការ​ពង្រឹង​ហេដ្ឋា​រចនាសម្ព័ន្ធ​នោះ​គឺ គោលនយោបាយ​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រសើរជាង​មុន​ដើម្បី​អាច​ប្រកួតប្រជែង​ដោយ​ស្មើភាពជាមួយ​ប្រទេស​ចិន និងធ្វើ​ឲ្យ​ទៅ​ជា​ផ្លូវ​ការ​នូវ​ជំនួញ​ឆ្លង​ព្រំដែន​ក្រៅ​ផ្លូវការ ដែល​ឥឡូវ​នេះ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ដៃ​មន្រ្តី​មូលដ្ឋាន​នៅ​ឡើយ។

​អ្នកស្រី​ Khin Khin Kyaw Kyee បាន​បន្ថែម​ថា ផ្លូវ​ពាណិជ្ជកម្ម​ថ្មី​ក៏​ប្រឈមនឹង​ការ​ប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​ផង​ដែរ ដែល​បាន​នាំ​ឱ្យ​មាន​ការ​ប្រយុទ្ធគា្ន​រវាង​យោធា និង​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ដើម្បី​ដណ្តើម​ដែនដី​ជាយ​ប្រទេស​មក​គ្រប់គ្រង ដោយ​មាន​តំបន់មួយ​ចំនួន​ស្ថិត​នៅព្រំដែន​ចិន​-មីយ៉ាន់ម៉ា​ផង​ដែរ។

​ចាប់​ពី​តាំង​ពី​មាន​រដ្ឋប្រហារ ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា កងកម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​បាន​សម្លាប់​ជនស៊ីវិល​ជាង ១.០០០​នាក់ និង​ចាប់​ខ្លួន​មនុស្ស​រាប់​ពាន់នាក់​ ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​បង្រ្កាប​ការ​តតាំង​នឹង​របប​យោធា​មីយ៉ាន់ម៉ា ដែល​មាន​ចាប់​ពី​បាតុកម្ម​ទ្រង់ទ្រាយ​តូច​តាម​បណ្តា​ទី​ប្រជុំជន ការ​លួច​វាយឆ្មក់​តាម​តំបន់ និង​ចលនា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ។ សហរដ្ឋអាមេរិក និង​បណ្តា​លោក​ខាង​លិច​ដទៃ​ទៀត​បាន​ឆ្លើយ​តប​ជាមួយ​នឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​យោធា​ជាន់ខ្ពស់ និង​ផលប្រយោជន៍​ជំនួញ​ដ៏​ធំ​របស់​ពួកគេ។

​យ៉ាងណា​ក៏​ដោយ ចិន​និង​រុស្ស៊ី​ ដែល​ជា​អ្នក​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​ចម្បង​ទៅ​ឲ្យ​មីយ៉ាន់ម៉ា បាន​ជួយ​ការពារ​របបយោធា​ពី​សម្ពាធអន្តរជាតិនៅ​អង្គការ​សហប្រជាជាតិ។​

តាមរយៈ​ការ​ក្រសោប​យក​ផ្លូវ​ពាណិជ្ជកម្ម​ថ្មី អ្នកស្រី Khin Khin Kyaw Kyee បាន​និយាយ​ថា ​របប​យោធា​មីយ៉ាន់ម៉ា​មើល​ឃើញ​ឱកាស​ក្នុង​ការ​រក្សាការ​គាំទ្រ​ពី​ចិន។

អ្នកស្រី​បាន​ថ្លែង​ថា៖ «នៅ​ត្រង់​ចំណុច​នេះ​អ្វី​ដែល​ពួកគេ​កំពុង​គិត​គឺ​ទាក់ទាញចិន ដើម្បី​ឲ្យ​ពួកគេ​អាច​ទទួល​បាន​នូវ​ការ​ការពារ​ផ្នែក​ការ​ទូត​នៅ​សហគមន៍​អន្តរជាតិ»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា