ចិន​​និង​រុស្ស៊ី​មើល​ឃើញ​ទស្សនៈ​នៅ​ក្នុង​ជំនួប​នៅ​សិង្ហបុរី​ជា​ទស្សនៈ​ត្រឹមត្រូវ

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ជួប​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន នៅ​ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។

ប្រទេស​ចិន​និង​រុស្ស៊ី​មើលឃើញ​ការ​បញ្ចប់ជំនួប​កំពូល​ក្នុង​ប្រទេស​សិង្ហបុរី​នៅ​ពេលឥឡូវនេះ​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកដូណាល់​ ត្រាំ​និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ​ជុង​អ៊ុនថាជាការបង្ហាញ​ត្រឹមត្រូវ​នូវ​ទស្សនៈ​របស់​មេដឹកនាំ​ទាំង​២​ថា​តើ​បញ្ហា​ស្មុគ្រ​ស្មាញ​នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើងត្រូវ​ដោះ​ស្រាយ​យ៉ាង​ដូចម្តេច។

ទោះ​ជា​យ៉ាង​ណាក៏ដោយ ​ពួកអ្នក​វិភាគខាង​សន្តិសុខ​មាន​ភាព​ប្រាកដ​ប្រជា​តិចតួច​អំពី​លទ្ធផល​នៃជំនួប​កំពូល​នោះ ជា​ពិសេស​ការ​ប្រកាស​របស់​ប្រធានា​ធិបតីត្រាំ​ថា ​នឹង​បញ្ឈប់​ការ​ធ្វើ​សមយុទ្ធ​នៅលើ​ឧបទ្វីប​កូរ៉េ​នោះ។​ អ្នក​វិភាគ​ខាង​សន្តិសុខ​ខ្លះ​ជជែក​ឲ្យ​ហេតុផល ថា ​សេចក្តី​ប្រកាស​នោះ​មិន​ត្រឹម​តែ​ស្រប​ទៅ​នឹង​ផលប្រយោជន៍​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ប៉ុណ្ណោះ​ទេ ​ក៏ប៉ុន្តែ ​វា​ស្រប​ទៅ​នឹង​គោល​ដៅ​ខាង​យុទ្ធសាស្ត្រ​ដ៏​ធំ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែរ។

​ការ​អត្ថា​ធិប្បាយ​អំពី​ជំនួប​កំពូល​នោះ ​រដ្ឋា​ភិបាល​ក្រុង​មូស្គូ​បាន​និយាយថា ​ជំនួប​នោះ​បាន​បង្ហាញ​ថា ​ប្រធានា​ធិបតី​រុស្ស៊ី Vladimir Putin និយាយ​ត្រូវ​ដែល​គាំទ្រ​ឲ្យ​មាន​ការ​សន្ទនា​ដោយផ្ទាល់​ដែល​ជា​មធ្យោបាយ​តែ​មួយគត់​ដើម្បីកាត់​បន្ថយ​ការ​តាន​តឹង​នៅ​លើឧបទ្វីប​កូរ៉េ​នោះ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ឆ្លៀត​ឱកាស​ពី​ការ​ផ្តល់​ការគាំទ្រ​របស់​ខ្លួន​ដែរ។

នៅឯសន្និសីទ​កាសែត​ប្រចាំ​ថ្ងៃកាលពី​ថ្ងៃ​ពុធ ​លោក Geng Shuang ​អ្នកនាំ​ពាក្យ​ក្រសួងការ​បរទេស​ចិន​បាន​និយាយថា កំណត់​សម្គាល់​ក្រោយជំនួប​កំពូល​របស់​ប្រធានា​ធិបតី​ត្រាំ​អំពី​ការ​លុប​ចោល​សមយុទ្ធ​យោធា​បង្ហាញ​ពី​ភាព​ត្រឹម​ត្រូវ៕