ការលាតត្រដាងឱ្យដឹងអំពីប្រទេសចិនដែលបានដាក់ពង្រាយកាំជ្រួចមីស៊ីលបាញ់ពីដីទៅអាកាសនៅលើកោះមួយមានជម្លោះក្នុងសមុទ្រចិនខាងត្បូងបានបណ្តាលឱ្យមានការជជែកដេញដោលគ្នាយ៉ាងខ្លាំងអំពីផលប៉ះពាល់ក្នុងរយៈពេលយូរដល់សន្តិសុខក្នុងតំបន់។
កាលពីថ្ងៃសុក្រ ប្រទេសអូស្រា្តលី និងប្រទេសនូវែលសេឡង់បានបន្ថែមសំឡេងរបស់ពួកគេដល់កង្វល់ដែលមានកើនច្រើនឡើងៗអំពីកំណើននៃភាពតានតឹងក្នុងសមុទ្រចិនខាងត្បូងនៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់គ្នាទៅវិញទៅមកថាជាអ្នកបង្ករឿង។
ថ្លែងនៅក្នុងសន្និសីទកាសែតមួយជាមួយសមភាគីនូវែលសេឡង់របស់លោក លោកនាយករដ្ឋមន្ត្រីអូស្រា្តលី Malcolm Turnbull បានកត់សម្គាល់ថាលោកប្រធានាធិបតីចិន Xi Jinping បាននិយាយថា ឧបសគ្គមួយក្នុងបណ្តាឧបសគ្គធំៗរបស់ប្រទេសចិនគឺការធ្លាក់ទៅក្នុងអ្វីដែលហៅថា
អន្ទាក់ Thucydides ដែលនៅទីនោះប្រទេសមហាអំណាចមួយដែលកំពុងលេចឡើងបង្កើតឱ្យមានការព្រួយបារម្ភក្នុងចំណោមបណ្តាប្រទេសមហាអំណាចឯទៀតៗដែលអាចនាំឱ្យមានជម្លោះ។
លោក Turnbull បានមានប្រសាសន៍ថា «ប្រសិនបើប្រទេសចិនចង់ចៀសវាងកុំឱ្យជាប់អន្ទាក់ Thucydides ដូចដែលលោក Xi ពណ៌នានោះ ការដោះស្រាយជម្លោះនៅក្នុងសមុទ្រចិនខាងត្បូងគួរត្រូវធ្វើតាមរយៈច្បាប់អន្តរជាតិ និង តាមរយៈយន្តការទាំងអស់ដែលយើងមាន»។
លោកនាយករដ្ឋមន្ត្រីនូវែលសេឡង់ John Key និងលោក Turnbull បានមានប្រសាសន៍ថាជាការមានសារៈសំខាន់ដែលបណ្តាប្រទេសទាំងអស់ដែលធ្វើការទាមទារនៅក្នុងសមុទ្រចិនខាងត្បូងទប់ចិត្តកុំកសាងកោះ និងនិងកុំប្រើកោះទាំងនេះក្នុងប្រយោជន៍យោធា។
លោក Key បាននិយាយថា «ការផ្ទុះសកម្មភាពណាមួយនៅទីនោះអាចមានផលអាក្រក់ណាស់ដល់សន្តិសុខ និងសេដ្ឋកិច្ចក្នុងតំបន់នោះ។ ខ្ញុំយល់ថា ដូច្នេះយើងត្រូវតែនិយាយឱ្យភាគីទាំងអស់ដោះស្រាយជម្លោះរបស់ពួកគេដោយមិត្តភាពនិងតាមផ្លូវច្បាប់»។
ការនិយាយដូច្នេះដោយលោក Key និងលោក Turnbull បានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីប្រទេសចិន។ លោក Hong Lei អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបាននិយាយប្រាប់ក្រុមអ្នកកាសែតនៅក្នុងក្រុងប៉េកាំងកាលពីថ្ងៃសុក្រថា «ប្រទេសអូស្រ្តាលី និងប្រទេសនូវែលសេឡង់មិនមែនជាប្រទេសមានការទាក់ទិននឹងបញ្ហាក្នុងសមុទ្រចិនខាងត្បូងទេ ហើយយើងសង្ឃឹមថាប្រទេសទាំងពីរនេះអាចពិនិត្យមើលប្រវត្តិសាស្ត្រដោយគ្មានការលម្អៀង»។
បើតាមក្រសួងការពារប្រទេសស.រ.អា. ប្រទេសចិនបានចាក់ដីពង្រីកកោះទំហំប្រមាណជា១១គ.មការ៉េនៅក្នុងសមុទ្រចិនខាងត្បូងចាប់តាំងពីឆ្នាំ២០១៣មក៕