បញ្ហា​ចិន​រីក​កាន់តែ​ធំ​ឡើង​ខណៈ​​អ្នក​ការទូត​កំពូល​អាមេរិក​ធ្វើដំណើរ​ទៅ​អូស្ត្រាលី​និង​កោះ​ហ្វ៊ីជី

រូប​ឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បក់​ដៃ​​ខណៈ​ពេល​លោក​ចេញ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​បរទេស​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២២។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​ចូលរួម​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​របស់​ក្រុម Quad ដើម្បី​ធ្វើ​ឲ្យ​ជឿនលឿន​នូវ​កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​នានា រួមទាំង​សន្តិសុខ​ផ្លូវ​នាវាចរណ៍​និង​សន្តិសុខ​ប្រព័ន្ធ​កំព្យូទ័រ ស្រប ពេលជំរុញ​ឱ្យ​ទប់ទល់​ប្រឆាំង​នឹង​«ភា​ពគគ្លើន​និង​ការបង្ខំ»នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ នេះ​បើ​តាមការ​ឲ្យ​ដឹងរបស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

ក្រុម Quad សំដៅ​ដល់​ការសន្ទនា​ខាង​សន្តិសុខ​ដែល​ទាក់ទិន​នឹង​ប្រទេស​អូស្ត្រាលី ឥណ្ឌា ជប៉ុន​និង​សហរដ្ឋ​អាមេរិក។

ដំណើរ​ទស្សនកិច្ច​របស់​លោក Blinken ទៅកាន់​ប្រទេស​អូស្ត្រាលី​ពី​ថ្ងៃ​ទី៩ដល់​ថ្ងៃ​ទី១២ ខែ​កុម្ភៈ​នេះ នឹង​ក្លាយ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ទៅ​កាន់​ទីនោះ បន្ទាប់ពី​ភាព​ជា​ដៃគូ​នៃ​សន្តិសុខ​ត្រីភាគី​ដែល​គេ​ហៅ​ថា AUKUS ដែល​រួម​មាន​អូស្ត្រាលី ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក ​ត្រូវ​បាន​ប្រកាស​កាលពី​ខែ​កញ្ញា​ឆ្នាំទៅ។ កិច្ចព្រមព្រៀង​នោះ រួម​មាន​កិច្ចព្រមព្រៀង​ដើម្បី​ស្ថាបនា​នាវា​មុជទឹក​ដែល​ប្រើ​ឋាមពល​នុយក្លែអ៊ែ​សម្រាប់​ប្រទេស​អូស្ត្រាលី ដែល​មិន​មែន​ជា​សមាជិក​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ជាង​គេ​បំផុត​៧ហៅ​ថា G-7 ដែល​ជា​ផ្នែក​មួយ​នៃ​ការ​កំញើញ​ប្រឆាំង​នឹង​ការ​វាតទី​របស់​ចិន​នៅ​ទូទាំង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា៖ «លោក​រដ្ឋមន្ត្រី​ការបរទេស Blinken នឹង​ជួប​ជាមួយនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison លោក​ស្រី​រដ្ឋមន្ត្រី​ការបរទេស Marise Payne រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Hayashi Yoshimasa រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​លោក Subrahmanyam Jaishankar និង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេងៗ​ទៀត​ដើម្បី​ពិភាក្សា​បញ្ហាអាទិភាព​ទ្វេភាគី​និង​សាកល»។

លោក Daniel Kritenbrink ឧបការី​រដ្ឋមន្ត្រី​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​ខាង​កើត​និង​ប៉ាស៊ីហ្វិក​បាន​ប្រាប់​វីអូអេ​ក្នុង​អំឡុង​សន្និសីទ​កាសែត​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​សុក្រសប្តាហ៍​មុន​ថា៖ «ផ្នែក​មួយ​នៃ​ការពិភាក្សា​ក្នុង​អំឡុង​នៃ​ជំនួប​រដ្ឋមន្ត្រី​ការបរទេស Quad នៅ​ក្នុង​ទីក្រុង Melbourne នឹង​ទាក់ទិន​បញ្ហា​ប្រឈម​នានា​ដែល​បណ្តាល​មកពី​ប្រទេស​ចិន»។

នៅ​ក្នុង​ទីក្រុង​ប៉េកាំង​វិញ ក្រុម​មន្ត្រី​ចិន​បាន​សម្តែងនូវ​ភាពប្រយ័ត្ន​ប្រយែង​អំពី​ក្រុម Quad និង AUKUS។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Zhao Lijian បាន​និយាយ​ថា គម្រោង​ការងារ​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ណា​មួយ «មិន​ត្រូវ​ផ្តោត​លើ​ភាគី​ទី៣ណា​មួយ​ទេ» នៅពេល​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​កំពូល​របស់​មេដឹកនាំ Quad កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន។ លោក Zhao បាន​ហៅ​សន្ធិសញ្ញា AUKUS ថា «គ្មាន​ការទទួល​ខុសត្រូវ»៕