អាជ្ញាធរចិន ​បាន​បិទ​ទីក្រុង៣​ដើម្បី​រាំង​ខ្ទប់​មេរោគ​ដ៏ប្រល័យ

បុរស​ម្នាក់​សម្អាតប្រអប់​មួយ​នៅខាងមុខស្ថានីយ​រថភ្លើង Hankou ដែល​ត្រូវ​បាន​បិទ​បន្ទាប់ពី​ទីក្រុង Wuhan ត្រូវ​បាន​បិទ​មិន​ឲ្យ​មាន​ការចេញចូលបន្ទាប់ពី​មេរោគថ្មី​បាន​ផ្ទុះ​នៅ​ក្នុង​ទីក្រុង​នេះ ក្នុង​ខេត្ត Hubei ប្រទេស​ចិន​កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ២០២០។

​រដ្ឋាភិបាល​ចិន ​បាន​បិទ​ទីក្រុង​ចំនួន៣​កាលពី​ថ្ងៃ​ព្រហស្បតិ៍ដែល​ជា​ទី​កន្លែង​រស់​នៅ​របស់​មនុស្ស​ជិត​២០​លាននាក់ ​ជា​វិធាន​ការ​ណ៍មិន​ធ្លាប់​មានកាល​ពី​មុន​ដើម្បី​រាំង​ខ្ទប់​មេរោគ​ដ៏​ប្រល័យ​ដែល​បាន​រាលដាល​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​ទៀត។

ក្រុម​អាជ្ញាធរ មុន​ដំបូង​បានហាមឃាត់​មិន​ឲ្យ​យន្តហោះ​និង​រទេះភ្លើង​ចាក​ចេញ​ពី​ទីក្រុង​វូហាន​ដែល​នៅ​ទី​នោះ មេរោគកូរ៉ូណាវីរុស ​ត្រូវបាន​គេ​ជឿថា ​មាន​ប្រភព​មក​ពី​ទីក្រុង​នោះ។ផ្លូវនានា​បានបិទ ​ហើយ​សេវាកម្ម​សាឡាង​ដឹក​អ្នក​ដំណើរ ​រទេះ​ភ្លើង​ក្រោមដី​និង​រថយន្ត​ក្រុង ​ក៏​ត្រូវបាន​ផ្អាកដែរ។

វិធានការណ៍​ប្រហាក់​ប្រហែល​គ្នា​ដែរ ​បាន​ត្រូវ​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​នៅ​ក្នុង​ទីក្រុង Huanggang ​និង​ទីក្រុង Ezhou នៅ​ក្បែនោះ។

ទីក្រុង​នានា ​បាន​ត្រូវដាក់​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​នៅ​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​ចិន ​នៅពេល​ដែល​ពលរដ្ឋ​ចិន​រាប់​លាននាក់​ធ្វើ​ដំណើរ។ រដ្ឋាភិបាល ក៏បាន​លប់​ចោល​ពិធី​នៃ​ថ្ងៃ​ឈប់​សម្រាក​នៅ​ក្នុង​រដ្ឋធានី​ប៉េកាំង​ដែល​ជា​ធម្មតា​ទាក់​ទាញ​មនុស្ស​ដ៏​ច្រើន។

មេរោគនោះ បាន​សម្លាប់មនុស្សយ៉ាង​តិច​ណាស់​ក៏​១៧​នាក់​ដែរនៅ​ក្នុង​និង​ជុំវិញ​ទីក្រុង​វូហាន​ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជិត​៦០០នាក់ផ្សេងទៀត​ឆ្លង​មេរោគនោះ។

​អាជ្ញា​ធរ​ក្រុងវូហាន ​បាន​តម្រូវ​ឲ្យអ្នកស្រុកទាំងអស់​ពាក់ម៉ាស​នៅ​ក្នុង​កន្លែង​សាធារណៈ​និង​ជំរុញឲ្យបុគ្គលិក​រដ្ឋាភិបាល​និង​ផ្នែក​ឯកជនពាក់​ម៉ាស​ការពារដែរ​នៅ​ក្នុង​កន្លែង​ធ្វើការ។ នេះតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន​ស៊ីនហួផ្លូវការ​របស់​ចិន។

អង្គការ​សុខភាព​ពិភពលោក ​បាន​ពន្យារ​ការ​សម្រេច​កាលពី​ថ្ងៃ​ពុធ​ស្តីពី​ថាតើប្រ​កាស​សា្ថនភាព​អាសន្ន​សាកលដែល​ត្រូវ​ចាត់​ទុកជាការផ្ទុះ​ឡើងដ៏ខ្លាំងនៅផ្នែក​ភាគច្រើន​ដែរឬទេ?។

លោកTedros Adhanomអគ្គនាយក​អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​ថា «គេ​ត្រូវការ​ព័ត៌មាន​ច្រើន​ឡើង​ថែមទៀត​ដើម្បី​ធ្វើការ​សម្រេច។ លោក​ក៏​បាន​សរសើរ​វិធាន ការណ៍​ដ៏ខ្លាំង​របស់​ចិន​ដែល​នឹង​កាត់​បន្ថយ​ឱកាស​នៃ​ការ​រាលដាល​យ៉ាង​ខ្លាំង​នូវ​មេរោគ​នេះ​ទៅកាន់​ប្រទេស​ផ្សេង​ៗ​ទៀត៕